website_news:20240123_02

https://www.kampucheathmey.com/local-news/646769

លោក សំរិទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញចូល​របស់​ពលករ​ខ្មែរ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាមទារ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បណ្ដឹង​តវ៉ា​ពលករ​ខ្មែរ​ឆ្លងកាត់​ព្រំដែន ត្រូវ​មាន​ប្រព័ន្ធ​ឆ្លើយតប​ជាបន្ទាន់។ បន្ថែម​នោះ អាជ្ញាធរ​ខេត្ត​កោះកុង និង​អង្គភាព​មន្ទីរ សមត្ថកិច្ច​ជំនាញ​នៅ​តាម​ព្រំដែន​អន្តរជាតិ​ចាំ​យាម ត្រូវ​បន្ត​ចូលរួម​យ៉ាងសកម្ម ធ្វើ​យ៉ាងណា​ក្ដោបក្ដាប់​ព័ត៌មាន និង​ជួយ​សម្របសម្រួល​ដំណើរ​ចេញ​ចូល​របស់​ពលករ និង​ដោះស្រាយ​រាល់​បណ្ដឹង​តវ៉ា​ផ្សេងៗ ឱ្យ​បាន​ល្អ​ប្រសើរ។ ការ​ទាមទារ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បណ្ដឹង​តវ៉ា​ពលករ​ខ្មែរ​ឆ្លងកាត់​ព្រំដែន​នេះ ខណៈ លោក សំរិទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញចូល​របស់​ពលករ​ខ្មែរ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ដំណើរ​ចេញចូល​ពលករ​នៅ​ខេត្ត​កោះកុង នា​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ចាំ​យាម នៅ​ថ្ងៃ​ទី ២៣ ខែ​មករា ឆ្នាំ ២០២៤។ លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ពន្យល់​ដែរ​ថា រាល់​ការ​ទទួល និង​ដោះស្រាយ​បណ្ដឹង​តវ៉ា​នានា​របស់​ពលករ​ខ្មែរ​ពាក់ព័ន្ធ​នឹង​ដំណើរ​ឆ្លងកាត់​ព្រំដែន​រៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​ឆ្លើយតប​បន្ទាន់ ដើម្បី​សម្រួល​ដល់​ពលករ​អាច​ទំនាក់ទំនង និង​រាយការណ៍​ភាព​មិន​ប្រក្រតី​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ។ បន្ថែម​លើ​នេះ អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​តាមដាន​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ករណី​មាន​បណ្ដឹង​មិន​សុខចិត្ត​ពី​ពលករ ចុះ​ពិនិត្យ​សិក្សា និង​វាយតម្លៃ​អំពី​ស្ថានភាព នៃ​ការ​យក​កម្រៃ​ក្រៅផ្លូវការ​សម្រាប់​ការ​ធ្វើ​ដំណើរ​ចេញចូល​នៅ​ច្រក​ទ្វារ​ព្រំដែន។ លោក សំរិទ្ធ ឌី ក៏​ណែនាំ​ដល់​គណៈកម្មការ​ចំពោះ​កិច្ច​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញ​ចូល​របស់​ពលករ​ខ្មែរ​ខេត្ត​កោះកុង បាន​ដាក់​ចេញ​វិធានការ​ចុះ​ប្រតិបត្តិការ ឬ​ចេញ​សេចក្ដីណែនាំ ដើម្បី​លុបបំបាត់​ការ​យក​កម្រៃ​ក្រៅផ្លូវការ សម្រាប់​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន សំដៅ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ចេញចូល​របស់​ពលករ​នៅ​តាម​ព្រំដែន។ ទាក់ទិន​បញ្ហា​ខាងលើ លោកស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង លើក​ឡើង​ថា រាល់​ការ​មិន​សុខ​ចិត្ត​របស់​ពលករ​ចេញចូល​តាម​ព្រំដែន គឺ​ពួកគាត់​អាច​សរសេរ​ជា​លិខិត​ទិតៀន​ដាក់​ក្នុង​ប្រអប់​សំបុត្រ​អន្តោប្រវេសន៍ ឬ ប្ដឹង​ចូល​មក Hotline facebook Webpage របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។ លោកស្រី​អភិបាលខេត្ត​កោះកុង អះអាង​ថា អាជ្ញាធរ​ខេត្ត បាន​ចាត់វិធានការ និង​កំពុង​អនុវត្ត​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់ និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ រក្សា​បាន​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព។ ទោះ​យ៉ាងណា ក៏​តែង​តែ​មាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ ដោយ​នៅតែ​មាន​ការ​យក​កម្រៃ​ពី​ពលករ​តាមរយៈ​កម្មករ​បម្រើ​ការងារ​ឱ្យ​សមត្ថកិច្ច​ថៃ នាំ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ដល់​នគរបាល​អន្តោប្រវេសន៍​កម្ពុជា។ នៅ​មាន​មេខ្យល់​នាំ​ពលករ​គេចវេះ​ពី​សមត្ថកិច្ច ដើរ​វាង​ឆ្លងកាត់​តាម​ព្រៃភ្នំ​។ ចំពោះ​ពលករ​មួយ​ចំនួន ត្រូវ​បាន​ថៅកែ​ដក​ហូត​ឯកសារ​ធ្វើដំណើរ​រក្សាទុក និង​ពុំ​ទាន់​មាន​ក្រុមហ៊ុន​ទទួលខុសត្រូវ​នាំ​ពលករ​ទៅ​ធ្វើការ​ស្រប​ច្បាប់។ ចំណែក​ឯ​នៅ​លើ​ផ្ទៃ​សមុទ្រ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង​លាតសន្ធឹង​ជាង ២០០ គីឡូម៉ែត្រ មាន​ជួប​ការ​លំបាក​ក្នុង​ការ​ត្រួតពិនិត្យ និង​ខ្វះ​មធ្យោបាយ​ទៀត​ផង។ ជាមួយគ្នា​នោះ លោកស្រី មិថុនា ភូថង ក៏​ជំរុញ​ឱ្យ​មាន​ការ​អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ពលករ​ខ្មែរ ពេល​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេសជិតខាង សូម​ប្រើប្រាស់​ឯកសារ​ឆ្លងដែន​តាម​កិច្ចព្រមព្រៀង នៃ​ប្រទេស​ទាំងពីរ ដូចជា ៖ លិខិតឆ្លងដែន លិខិត​ធ្វើដំណើរ​ពលករ ឬ ប័ណ្ណ​ព្រំដែន ដែល​ចេញ​ដោយ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច តាម​កិច្ចព្រមព្រៀង នៃ​ប្រទេស​ទាំងពីរ ជៀសវាង​ជឿ​តាម​មេខ្យល់​នាំ​ដើរ​គេចវេះ​តាម​ព្រៃភ្នំ ឬ​ទៅតាម​ផ្លូវទឹក អាច​នាំ​ឱ្យ​ជួប​គ្រោះថ្នាក់​ឧប្បត្តិហេតុ​ចៃដន្យ​ណាមួយ៕

website_news/20240123_02.txt · Last modified: 2024/01/24 11:18 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki