website_news:20240124_02

(កោះកុង)៖ លោក សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែររបស់កម្ពុជា បានប្រាប់ឲ្យមន្ដ្រីប្រចាំការ ច្រកទ្វារអន្តរជាតិជាប់ព្រំដែន ត្រូវខិតខំយកចិត្តទុកដាក់ ដោះស្រាយបណ្តឹងតវ៉ាពលករខ្មែរ ឆ្លងកាត់ព្រំដែន ត្រូវមានប្រព័ន្ធឆ្លើយតបជាបន្ទាន់។

ការថ្លែងបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ដំណើរចេញ-ចូលពលករ នៅខេត្តកោះកុង និងមានការចូលរួមពី លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឪវាទ។ កិច្ចប្រជុំនេះ រៀបចំឡើង នៅស្នាក់ការប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ចាំយាម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

ទន្ទឹមគ្នានេះ លោក សំរិទ្ធ ឌី ក៏បានឲ្យអាជ្ញាធរខេត្តកោះកុង និងអង្គភាពមន្ទីរ សមត្ថកិច្ចជំនាញ នៅតាមព្រំដែនច្រកទ្វារអន្តរជាតិចាំយាម ត្រូវបន្តចូលរួមយ៉ាងសកម្មធ្វើយ៉ាងណា ក្តោបក្តាប់ព័ត៌មាន និងជួយសម្របសម្រួល ដំណើរចេញចូលរបស់ពលករ និងដោះស្រាយរាល់បណ្តឹងតវ៉ាផ្សេងៗ ឲ្យបានល្អប្រសើរ។

លោក សំរិទ្ធ ឌី បានពន្យល់ថា រាល់ការទទួល និងដោះស្រាយបណ្ដឹងតវ៉ានានា របស់ពលករខ្មែរ ពាក់ព័ន្ធនឹងដំណើរឆ្លងកាត់ព្រំដែន ត្រូវរៀបចំឲ្យមានប្រព័ន្ធឆ្លើយតបបន្ទាន់ ដើម្បីសម្រួលឲ្យពលករអាចទំនាក់ទំនង និងរាយការណ៍ភាពមិនប្រក្រតី នៅច្រកទ្វារព្រំដែនអន្តរជាតិ។

លោក សំរិទ្ធ ឌី ក៏បានណែនាំ ដល់គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូល របស់ពលករខ្មែរខេត្តកោះកុង ត្រូវដាក់ចេញវិធានការ ចុះប្រតិបត្តិការ ឬចេញសេចក្តីណែនាំ ដើម្បីលុបបំបាត់ ការយកកម្រៃក្រៅផ្លូវការ សម្រាប់ការធ្វើដំណើរចេញ-ចូល នៅតាមច្រកទ្វារព្រំដែនសំដៅសម្រួល ដល់ការធ្វើដំណើរចេញ-ចូល របស់ពលករនៅតាមព្រំដែន។

លោកស្រី មិថុនា ភូថង បានលើកឡើងថា រាល់ការទុកមិនសុខចិត្ត របស់ពលករចេញចូលតាមព្រំដែន គឺពួកគាត់អាចសរសេរជាលិខិត ដាក់ក្នុងប្រអប់សំបុត្រអន្តោប្រវេសន៍ ឬប្តឹងចូលមក Hotline facebook Webpage របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

អភិបាលខេត្តកោះកុង អះអាងថា អាជ្ញាធរខេត្ត បានចាត់វិធានការ បាននឹងកំពុងអនុវត្តទប់ស្កាត់ ការលួចឆ្លងដែនខុសច្បាប់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ សារធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែមានប្រសិទ្ធិភាព៕

website_news/20240124_02.txt · Last modified: 2024/01/25 16:15 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki