website_news:20240125_02

អង្គការ​លីកាដូ (Licadho) យល់​ថា ប្រទេស​កម្ពុជា​ដែល​បាន​ធ្វើ​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដីពី​ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​ស្ត្រីភេទ និង​ពិធីសារ​បន្ថែម​(CEDAW) របស់​អង្គការ​សហប្រជាជាតិ​រួច​ហើយ​នោះ គួរតែ​រដ្ឋាភិបាល​មាន​វិធានការ​ម៉ឺងម៉ាត់​ដើម្បី​ធានា​ការពារ​ស្ត្រី​ខ្មែរ​ ដែល​ចេញទៅ​ក្រៅប្រទេស​ឱ្យ​រួច​ផុត​ពី​ការ​ជួញដូរ​ការរំលោភ​បំពាន​ផ្សេងៗ​ និង​ការ​ធ្វើ​ឱ្យ​បាត់បង់​តម្លៃ​ព្រមទាំង​សិទ្ធិ​របស់​ស្ត្រី​ឱ្យ​បាន​ប្រសើរ។ ការ​លើកឡើង​បែបនេះ នៅ​ស្រប​ពេល​ដែល​ស្ត្រី​ខ្មែរ​មួយចំនួន​ត្រូវ​គេ​បោក​បញ្ឆោត​យក​ទៅ​រៀបការ​នៅ​ប្រទេស​ចិន​ហើយ​ភាគច្រើន​នៃ​ស្ត្រី​ទាំង​នោះ​បាន​ទទួលរង​ទារុណកម្ម​ទាំង​ផ្លូវចិត្ត និង​រាងកាយ​រហូតដល់​បាត់បង់​តម្លៃ​ជា​មនុស្ស ដោយសារតែ​ប្តី និង​ក្រុម​គ្រួសារ​ចិន​វាយ​ធ្វើ​បាប។ ស្ត្រី​ខ្មែរ​ជាច្រើន​នាក់​ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​ការ​បោក​បញ្ឆោត​យក​ទៅ​រៀបការ​នៅ​ប្រទេស​ចិន​និយាយ​ថា ការ​ធ្វើ​ទារុណកម្ម​លើ​រាងកាយ និង​ផ្លូវចិត្ត​ពី​ប្តី និង​ក្រុម​គ្រួសារ​ជនជាតិ​ចិន គឺជា​រូបភាព​ដ៏​ឃោរឃៅ​ជូរចត់ និង​ឈឺចាប់​បំផុត​ដែល​មិនអាច​បំភ្លេច​បាន​នៅ​ក្នុង​ជីវិត​របស់​ពួកគេ។ ជនរងគ្រោះ​ម្នាក់​អាយុ ២៧​ឆ្នាំ រស់នៅ​ស្រុក​ក្រូច​ឆ្មា ខេត្ត​ត្បូងឃ្មុំ រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ដោយសារតែ​គ្រួសារ​របស់​នាង​មាន​ជីវភាព​ក្រីក្រ ហើយ​ត្រូវការ​ការងារ​ធ្វើ​ផង​នោះ នាង​ក៏​ត្រូវ​ជនខិលខូច​បោក​បញ្ឆោត​នាំទៅ​បង្ខំ​ឱ្យ​រៀបការ​នៅ​ប្រទេស​ចិន កាលពី​ឆ្នាំ​២០១៣​។ ស្ត្រី​ដដែល​បន្ត​ថា ពេល​ទៅ​ដល់​ប្រទេស​ចិន មាន​បុរស​ម្នាក់​បាន​ចំណាយ​ប្រាក់​ចំនួន ៧​ម៉ឺន​យ័ន (ប្រាក់​ចិន​) ប្រហាក់ប្រហែល​ពី ៦​ពាន់ ទៅ ៧​ពាន់​ដុល្លារ​អាមេរិក​ឱ្យ​មេខ្យល់ ហើយ​គេ​បាន​យក​រូប​នាង​ទៅ​រស់នៅ​ជាមួយ​គេ​តែម្ដង​។ នៅក្នុង​គ្រួសារ​របស់​ប្តី​ចិន ជា​រៀងរាល់ថ្ងៃ​នាង​មិន​ដែល​ស្គាល់​សុភមង្គល ក្តី​សប្បាយ​រីករាយ ការ​ហូប​អាហារ​ឆ្អែត និង​ការ​ចេញ​ដើរ​កំសាន្ត​អ្វី​នោះ​ទេ។ ផ្ទុយទៅវិញ ប្តី និង​ឪពុក​ម្ដាយក្មេក​ព្រមទាំង​បងប្អូន​របស់​គេ​តែង​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​លើ​រាងកាយ ព្រមទាំង​ផ្លូវ​ចិត្តជា​ញឹកញាប់ ថែមទាំង​ប៉ុនប៉ង​លក់​រូប​នាង​ទៅ​ឱ្យ​អ្នក​ផ្សេង​ទៀត​ផង​។ ស្ត្រី​រងគ្រោះ​និយាយ​ទៀត​ថា ការ​ដែល​នាង​ឈឺចាប់ និង​តក់ស្លុត​បំផុត​នោះ គឺ​ឪពុកក្មេក​បាន​យក​កែវ​មក​គប់​ក្បាល​របស់​នាង​ព្រមទាំង​លើក​កៅអី​ឈើ​បំរុង​វាយ​សម្លាប់​នាង។ នារី​រងគ្រោះ៖ «​ហូបចុក​ជួនកាល​ឆ្អែត​ជួនកាល​មិន​ឆ្អែត។ ពេលខ្លះ​គេ​ចាក់សោ​មិន​ឱ្យ​ខ្ញុំ​ចូល​ផ្ទះ​គេ​គេ​មិន​ឱ្យ​បាយ​ស៊ី។ ថ្ងៃមួយ​ខ្ញុំ​ហត់​ឃ្លាន​ខ្លាំង​ខ្ញុំ​ក៏​ឆា​មី​ហូប​នៅក្នុង​ផ្ទះ​ខ្ញុំ​មិន​ទាន់​បាន​ឆា​ផង ស្រាប់តែ​ឪ​ក្មេក​ឡើង​មក​ដល់​កាំបិត​តាំង​តោ​ដែល​ខ្ញុំ​កំពុង​ហាន់​ស្ពៃក្ដោប​គេ​កញ្ឆក់​ពី​ដៃ​ខ្ញុំ​លើក​មក​ជន្ល​ក្បាល​ខ្ញុំ​ហើយ​គេ​យក​ទៅ​កាប់​ជ្រុញ​រួចហើយ​ស្តី​បន្ទោស​ខ្ញុំ​ដោយ​បើកភ្នែក​ធំៗ។ ពេលនោះ​ព្រលឹង​របស់ខ្ញុំ​មិនដឹង​ជា​ហោះ​ទៅណា​ទេ​? កាលណោះ​គេ​នាំ​ខ្ញុំ​ទៅ​កន្លែង​លែងលះ ម៉ែក្មេក​របស់ខ្ញុំ​គាត់​ថា នឹង​លក់​ខ្ញុំ​បន្ត​ទៅ​ឱ្យ​អ្នក​ផ្សេង។ ប៉ុន្តែ​នៅ​កន្លែង​អ្នកច្បាប់​ចិន​គេ​ថា ធ្វើ​បែប​ហ្នឹង​ខុសច្បាប់​។ ខ្ញុំ​រង​ការ​ពិបាក​វេទនា​ច្រើន​ណាស់​ទម្រាំ​បាន​វិល​មក​ស្រុក​ខ្មែរ​វិញ»។ ស្ត្រី​រងគ្រោះ​ម្នាក់ទៀត​ដែល​រស់នៅ​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា ដោយសារតែ​ជីវភាព​គ្រួសារ​ក្រីក្រ រូប​នាង​បាន​ទៅ​ធ្វើ​ការ​រត់​តុ​ក្នុង​ហាង​អាហារ​មួយ​នៅ​ជាប់​គល់​ស្ពាន​អ្នក​លឿង​ត្រើយ​ខាងកើត។ នៅ​ទីនោះ​ហើយ​ដែល​ជនខិលខូច​បាន​ទៅ​បោក​បញ្ឆោត​រូប​នាង​នាំ​ឆ្លង​កាត់​ប្រទេស​វៀតណាម​ទៅ​រៀបការ​ប្តី​នៅ​ឯ​ខេត្ត​ជាំងស៊ី (Jiangxi) ប្រទេស​ចិន ដោយ​រូប​នាង និង​ក្រុម​គ្រួសារ​មិន​បាន​ទទួល​ប្រាក់​បណ្ដាការ​ពី​ប្តី​ចិន​នោះ​មួយ​រៀល​ទេ។ ស្ត្រី​ដដែល​បន្ត​ទៀត​ថា នៅ​ប្រទេស​ចិន នាង​បាន​យក​ប្តី​ចំនួន​២​លើក ដោយ​ប្តី​ទី​១ ជា​បុរស​ដែល​មិន​គ្រប់​លក្ខណៈ ហើយ​បាន​កូនស្រី​ម្នាក់​។ រស់នៅ​ជាមួយ​ប្តី​ទីមួយ​ក្នុង​ខេត្ត​ជាំងស៊ី ម្ដាយក្មេក​បាន​ធ្វើ​បាប​រូប​នាង​គ្រប់ពេល រួម​ទាំង​ការ​មិន​ឱ្យ​ហូប​អាហារ​គ្រប់គ្រាន់​ផង​។ ចំណែក​ប្តី​ដែល​មិនសូវ​គ្រប់​លក្ខណៈ​ទៀត​សោត តែងតែ​បង្ខំ​នាង​រួមភេទ ដោយ​មិនដែល​គិត​ពី​សុខភាព​របស់​នាង​ឡើយ​។ ដោយសារ​ទ្រាំ​នឹង​ការ​ធ្វើបាប​ពី​ប្តី និង​ម្ដាយក្មេក​មិនបាន នាង​ក៏​បង្ខំចិត្ត​រត់ចេញ​ពី​គ្រួសារ​នៅ​ខេត្ត​ជាំងស៊ី ហើយ​ទៅ​រួមរស់​ជាមួយ​បុរស​ចិន​ពិការ​ជើង​ម្នាក់ទៀត​នៅ​ខេត្ត​ហឺណាន (Henan) រហូត​កើត​បាន​កូន​ប្រុស​ម្នាក់​ទៀត។ ប្ដី​ទី​២​នេះ ក៏​វាយ​ធ្វើបាប​រូប​នាង​ដូចជា​ប្តី​ទី​១​ដែរ ដែល​ធ្វើ​ឱ្យ​រូប​នាង​ទ្រាំលែង​បាន​ក៏​ស្វែង​រក​ជំនួយ​សង្គ្រោះ​នាង​ឱ្យ​បាន​វិល​ត្រឡប់​មក​ប្រទេស​វិញ។ នារី​រងគ្រោះ៖ «ខ្ញុំ​បាន​ប្តី​ទី​១ បានកូន​ស្រី​មួយ​គេ​អត់​ពេញចិត្ត​គេ​រករឿង​ខ្ញុំ។ ម៉ែក្មេក​ខ្ញុំ​ជេរប្រទេច​ខ្ញុំ​វាយ​កូនស្រី​ខ្ញុំ ហើយ​គេ​មិន​ឱ្យ​ខ្ញុំ​ហូប​អាហារ​ចំណី​គ្រប់គ្រាន់​ទេ។ ពេល​ខ្ញុំ​ឃ្លាន​ចំណី​គេ​មិន​ទិញ​ឱ្យ​ខ្ញុំ​ហូប​ទេ ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ វិលមុខ​ឈាម​របស់ខ្ញុំ​ក៏​ខ្វះ​ដោយសារតែ​ខ្ញុំ​វះកាត់​ពេល​សម្រាលកូន​។​ប្តី​របស់ខ្ញុំ​សតិ​មិនសូវ​ល្អ​ចេះតែ​បង្ខំ​រួមភេទ ឯ​ម្ដាយក្មេក​ចេះតែ​រករឿង​ធ្វើបាប​ខ្ញុំ​ធ្វើ​ឱ្យ​ខ្ញុំ​គិត​ច្រើន​ហើយ​ធ្លាក់ខ្លួន​ឈឺ​កម្លាំង​ខ្សោយ​ទៅៗ​រហូតដល់​គ្មាន​សង្ឃឹម​ថា ក្នុង​ជីវិត​នេះ​ខ្ញុំ​ប្រហែលជា​មិនបាន​វិលត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ទេ អាច​ស្លាប់​ចោល​ឆ្អឹង​នៅ​ស្រុក​ចិន​ហើយ។ ការពិបាក​ខ្លាំង​ទៅៗ​ខ្ញុំ​រក​មធ្យោបាយ​លួច​រត់​ហើយ​ថ្ងៃ​ដែល​ខ្ញុំ​ប្រុង​រត់ ពេល​កូនស្រី​របស់ខ្ញុំ​គេង​លក់​ខ្ញុំ​បាន​ត្រឹម​តែ​ខ្សឹប​ប្រាប់​កូនតូច​ថា កូន​អើយ​ឱ្យ​ម៉ែ​សុំទោស​ព្រោះ​ម៉ែ​មិន​ចង់​បែក​ពី​កូន​ទេ​! តែ​ធ្វើ​យ៉ាងម៉េច​បើ​យាយ​របស់​កូន​រកតែ​រឿង​ម៉ែ​។ ម៉ោង ៣ ទៀបភ្លឺ ប្តី​ទី​២​របស់ខ្ញុំ​គេ​យក​មិត្តភក្ដិ​របស់​គេ​២​នាក់​រួម​ដំណើរ​មក​ទទួល​ខ្ញុំ រូប​ខ្ញុំ​ក៏​រត់​ចេញ​ពី​ផ្ទះ​របស់​ប្តី​ទី​១ ចោល​កូនស្រី​តែម្ដង»។ ស្ត្រី​ទាំងពីរ​នាក់​ឱ្យ​ដឹង​ប្រហាក់ប្រហែល​គ្នា​ថា មាន​ស្ត្រី​ខ្មែរ​ជាច្រើន​ទៀត​ដែល​គេ​បោក​បញ្ឆោត​យក​ទៅ​ជួញដូរ​ឱ្យ​រៀបការ​ជាមួយ​បុរស​ចិន ត្រូវ​បាន​គេ​វាយ​ធ្វើបាប​រហូតដល់​បាត់បង់​សតិ និង​ខ្លះទៀត​ដោយសារតែ​ទ្រាំលែង​បាន​ហើយ​គ្មាន​ឱកាស​រំដោះខ្លួន ក៏​សំរេចចិត្ត​ចងក​ធ្វើ​អត្តឃាត​ក៏​មាន។ ទាក់ទង​រឿង​នេះ មន្ត្រី​អង្កេត និង​អន្តរាគមន៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) អ្នកស្រី រ៉ន ស្រីម៉ុច ឱ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​មួយ​ចំនួន​ធំ​នៅ​ពេល​ដែល​ជួយ​បាន​ពី​ប្រទេស​ចិន​មក​កម្ពុជា​វិញ​បាន​សំដែង​ការ​សោកស្ដាយ​ជាមួយនឹង​ការ​បង្ហាញ​ពី​ភាព​ទុក្ខសោក និង​ការ​ឈឺចាប់​ជុំវិញ​ការបង្កើត​កូន​ចោល​នៅ​ស្រុក​គេ​ជាមួយ​ការដែល​គ្មាន​សង្ឃឹម​ថា នឹង​បាន​វិល​ទៅ​ជួបជុំ​កូន​របស់​គាត់​វិញ​ជាដើម។ អ្នកស្រី រ៉ន ស្រីម៉ុច មាន​ប្រសាសន៍​ទៀត​ថា បច្ចុប្បន្ន​នេះ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​កំពុង​ប្រឹងប្រែង​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ ដើម្បី​ជួយ​ជនរងគ្រោះ​ដោយ​ការ​ជួញដូរ​នៅ​ប្រទេស​ចិន​នេះ​ជា​បន្តបន្ទាប់។

អ្នកស្រី រ៉ន ស្រីម៉ុច៖ «នៅក្នុង​រូបភាព​នេះ​យើង​មើលឃើញ​ថា វា​ជា​ការ​រំលោភសិទ្ធិ​ស្ត្រី​ធ្ងន់ធ្ងរ​ណាស់​ដោយ​បង្ក​ការ​ឈឺចាប់​ឱ្យ​គ្នា​កាន់តែ​ច្រើនឡើង​។ ខ្ញុំ​ជា​អ្នក​ជួយ​អន្តរាគមន៍​រឿង​ស្ត្រី​ខ្មែរ​រងគ្រោះ​នេះ​ខ្ញុំ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​សមត្ថកិច្ច​សូម​ជួយ​រក​ចាប់​មេខ្យល់​ដើម្បី​កុំ​នាំ​យក​ពលរដ្ឋ​ចំណាកស្រុក​ក៏ដូចជា​ការ​ជួញដូរ​ផ្លូវភេទ​កើត​ឡើង​ទៀត»។

ពេញ​មួយឆ្នាំ​២០២៣​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​ចំនួន ៣៤​នាក់​ពី​ការ​ជួញដូរ​ផ្លូវភេទ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​អាស៊ី​មួយ​ចំនួន​ទៀត។

ស្ត្រី​ខ្មែរ​ទាំងនោះ​ត្រូវ​គេ​ជួយសង្គ្រោះ​ចេញពី​ខេត្ត​ហឺណាន (Henan) ក្រុង​ក័ងចូវ (Guangzhou) ខេត្ត​ជាំងស៊ី (Jiangxi) និង​ក្រុង​សៀងហៃ (Shanghai)។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​រដ្ឋាភិបាល​កំពុងតែ​ប្រឹងប្រែង​ក្នុង​កិច្ច​សហការ​ជាមួយ​ស្ថានទូត​របស់​ប្រទេស​ជាច្រើន ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ព្រមទាំង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ផង។

អ្នកស្រី ជូ ប៊ុនអេង៖ «គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​រដ្ឋាភិបាល​មាន​២២​ក្រសួង​ស្ថាប័ន​ដែល​ជា​សមាជិក ហើយ​និង ៥​អង្គភាព​ជំនាញ​ហើយ​យើង​ធ្វើការ​តាំងពី​ថ្នាក់​ជាតិ​រហូតដល់​ថ្នាក់​ក្រោម​ជាតិ ហើយក៏​ជាមួយ​អន្តរជាតិ​តាមរយៈ​ស្ថានទូត​។ ដូច្នេះ​យើង​ចង់​និយាយ​ថា ការងារ​របស់​យើង គឺ​យើង​មាន​កង្វល់​ហ្នឹងហើយ​បានជា​ខំ​ប្រឹងប្រែង​រក​វិធី​សហការ​គ្នា​ធ្វើ​ការងារ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ពីព្រោះ​ជា​យុទ្ធសាស្ត្រ​របស់​យើង​មាន​តាំងពី​បង្ការ​ទប់ស្កាត់​រហូត​ដល់​មាន​បញ្ហា​យើង​ធ្វើការ​សង្គ្រោះ​ជនរងគ្រោះ​ផ្ដល់​សេវា ហើយ​យើង​ផ្ដន្ទាទោស​ជនល្មើស»។

កាលពី​ឆ្នាំ​២០២៣ កម្ពុជា​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ចំនួន ១៣៧ ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​តុលាការ​ចំនួន ១៦០​នាក់។ ជាមួយ​គ្នា​នេះ​ដែរ សមត្ថកិច្ច​កម្ពុជា​ក៏បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​អំពើ​ជួញដូរ​ពី​ក្រៅប្រទេស ដូចជា​ពី​ប្រទេស​ចិន (China) ប្រទេស​ថៃ (Thailand) ឥណ្ឌូណេស៊ី (Indonesia) ម៉ាឡេស៊ី (Malaysia) ឡាវ (Lao) និង​នៅក្នុង​ប្រទេស​ផង​ចំនួន ៤២៤​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ២៩៧​នាក់។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ស្ត្រី​រងគ្រោះ​ដោយ​ការ​ជួញដូរ​នៅ​ប្រទេស​ចិន​ខ្លះ បាន​បាត់បង់​ភាព​ថ្លៃថ្នូរ និង​តម្លៃ​ជា​មនុស្ស ហើយ​ប្រៀប​បានជា​សត្វ​ធាតុ នៅ​ពេល​ដែល​គេ​បាន​ធ្វើទុក្ខបុកម្នេញ​គាត់​ខ្លាំង​ហួសហេតុ​។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​ត្រូវតែ​ពង្រឹង​កិច្ចការពារ​ស្ត្រី​ខ្មែរ​ទាំងឡាយ ដែល​ចេញទៅ​ក្រៅ​ប្រទេស​កុំឱ្យ​មានការ​ធ្វើបាប​លើ​រាងកាយ និង​ផ្លូវចិត្ត​តទៅទៀត ពីព្រោះ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដីពី​ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​ស្ត្រីភេទ និង​ពិធីសារ​បន្ថែម (CEDAW) របស់​អង្គការ​សហប្រជាជាតិ​រួចហើយ។

លោក អំ សំអាត៖ «ប្រទេស​កម្ពុជា​យើង​គឺ​បាន​ផ្ដល់​សច្ចាប័ន​ទៅលើ​អនុសញ្ញា​(CEDAW)​ហើយ​ត្រូវ​តែ​មាន​ការ​គោរព​និង​ការ​លើក​កំពស់​ស្ត្រី​ហើយ​និង​ចាត់វិធានការ​ទាំងឡាយ​ដើម្បី​ធានា​និង​ការពារ​បាន​ថា​ស្ត្រី​ត្រូវតែ​រួចផុត​អំពី​ការ​ជួញដូរ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ការរើសអើង និង​ការ​រំលោភបំពាន​ផ្សេងៗ​ទៀត​ទៅលើ​សិទ្ធិ​ស្ត្រី​។​នៅ​ពេល​ដែល​ស្ត្រី​រង​នូវ​ភាព​អយុត្តិធម៌​គឺ​ត្រូវ​ធានា​ថា ស្ត្រី​ត្រូវតែ​ទទួល​បាន​នូវ​ភាព​យុត្តិធម៌»។

ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល និង​អ្នកស៊ើប​អង្កេត​បរទេស​រក​ឃើញ​ថា បច្ចុប្បន្ន​នេះ​អំពើ​ជួញដូរ​មនុស្ស​ពី​កម្ពុជា​ទៅ​ក្រៅប្រទេស និង​ពី​ក្រៅប្រទេស​ចូល​មក​កម្ពុជា​នៅតែ​កើត​មាន​ដោយសារ​តែ​អំពើពុករលួយ​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌ និង​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​តួនាទី​គ្រាក់ៗ​មួយ​ចំនួន មាន​ជាប់​ពាក់ព័ន្ធ​រឿង​នេះ ដែល​ធ្វើ​ឱ្យ​ការ​អនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ក្រាប​ក្រុម​ជន​ដែល​ជា​មុខសញ្ញា​ជួញដូរ​មនុស្ស៕ មន្ត្រី​អង្កេត​និង​អន្តរាគមន៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC)​ជួប​សម្ភាសន៍​ព័ត៌មាន និង​ប្រឹក្សា​យោបល់​ដល់​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​ពេល​ជួយសង្គ្រោះ​បាន​ពី​ប្រទេស​ចិន​។ រូប៖ សមាគម​អាដហុក ក្រុម​គ្រួសារ​របស់​អ្នក​នារី​រងគ្រោះ​ចាញ់​បោក​រៀបការ​ទៅ​ប្រទេស​ចិន យំ​ឱប​គ្នា​នៅ​ពេល​ដែល​កូនស្រី​របស់​គាត់​ត្រូវ​ជួយ​សង្គ្រោះ​ឱ្យ​វិល​ត្រឡប់​មក​ស្រុកកំណើត​ជួបជុំ​គ្រួសារ​វិញ។ ស្ត្រី​ខ្មែរ​ដែល​ជា​ជនរងគ្រោះ​ដោយ​ការ​បង្ខំ​ឱ្យ​រៀបការ​ជាមួយ​ប្ដី​ជនជាតិ​ចិន ពេល​ដែល​សមត្ថកិច្ច​ចិន​ចូល​ទៅ​សង្គ្រោះ។ រូបភាព៖ សមាគម ADHOC

website_news/20240125_02.txt · Last modified: 2024/01/26 09:43 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki