website_news:20240127_02

ស្ត្រី​ខ្មែរ​ដែល​រងគ្រោះ​ដោយសារ​ការ​ជួញដូរ​ឱ្យ​ដឹង​ថា នៅ​តំបន់​ត្រីកោណ​មាស​ជិត​ច្រក​ចេញ​-​ចូល​ព្រំដែន​រវាង​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា និង​ចិន​មាន​ឧក្រិដ្ឋជន ​ឬម៉ាហ្វីយ៉ា (Mafia)​ជា​ជន​ជាតិចិន​មួយ​ក្រុម​កំពុង​លាក់ខ្លួន​ធ្វើ​សកម្មភាព​នៅ​ទីនោះ។

ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​កំពុង​ជ្រក​នៅ​ក្រោម​ស្លាក​ល្បែង​តាម​ប្រព័ន្ធ​អនឡាញ (Game Online) ដ៏​ធំ​មួយ ហើយ​តែង​ធ្វើ​សកម្មភាព​ជួញដូរ​មនុស្ស​ពី​កម្ពុជា និង​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​អាស៊ាន​ព្រមទាំង​ពី​ប្រទេស​ចិន​ផង​ដែរ។

ការ​ទម្លាយ​ឱ្យ​ដឹង​ព័ត៌មាន​នេះ បន្ទាប់​ពី​ស្ត្រី​ខ្មែរ​រងគ្រោះ ២​រូប​បាន​រួចខ្លួន​ពី​ក្រុម​អ្នក​ជួញដូរ​នៅ​ពេល​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​មីយ៉ាន់ម៉ា និង​ក្រុម​កងទ័ព​ជនជាតិភាគតិច​ដែល​ប្រឆាំង​រដ្ឋាភិបាល​យោធា​បាន​កើត​ឡើង​នៅ​ទីនោះ​។​​ស្ត្រី​ខ្មែរ​ទាំង ២​រូប​នោះ គឺជា​ជនរងគ្រោះ​ដោយសារ​អំពើ​ជួញដូរ​មនុស្ស​ពី​សំណាក់​ជនជាតិ​ចិន​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​ទើបតែ​រួចខ្លួន​វិលត្រឡប់​មក​ដល់​មាតុភូមិ​វិញ កាល​ពី​ថ្ងៃ​ទី១៩ ខែ​មករា តាមរយៈ​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រសួង​ការបរទេស​នៃ​ប្រទេស​កម្ពុជា។

ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ជនរងគ្រោះ​បាន​ប្រាប់​ទៅ​ក្រុម​អ្នក​ប្រឹក្សា​យោបល់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា រូប​នាង​ធ្លាប់​ជា​បុគ្គលិក​ធ្វើ​ការ​នៅក្នុង​កាស៊ីណូ​មួយ នា​ខេត្ត​ព្រះសីហនុ​ដែល​មាន​ប្តី​ជនជាតិ​ចិន​ជា​អ្នកគ្រប់គ្រង​កាស៊ីណូ​នោះ​។ កាលពី​អំឡុង​ខែមិថុនា​ឆ្នាំ​២០២៣​មាន​ថៅកែ​ចិន​ម្នាក់​នៅ​ប្រទេស​មីយ៉ាន់ម៉ា បាន​ទាក់ទង​មក​ប្ដី​របស់​នាង​ឱ្យ​ទៅ​ធ្វើជា​អ្នកគ្រប់គ្រង​កាស៊ីណូ​នៅ​ឯ​ប្រទេស​មីយ៉ាន់ម៉ា​វិញ។ នៅ​ពេល​ដែល​ប្ដី​របស់​នាង​យល់ព្រម​ផ្លាស់ប្ដូរ​ការងារ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា គឺ​រូប​នាង​ក៏បាន​ទៅជាមួយ ក៏​ប៉ុន្តែ​មិន​នឹក​ស្មាន​ថា ពេល​ទៅ​ដល់​គឺ​ចាញ់បោក​គេ ដោយ​កន្លែង​នោះ​មិនមែន​ជា​កាស៊ីណូ​ទេ វា​ជា​កន្លែង​ល្បែង​អនឡាញ និង​ជា​កន្លែង​ជួញដូរ​មនុស្ស​គួរ​ឱ្យ​ភ័យខ្លាច។

នារី​រងគ្រោះ៖ «គេ​ឃុំ​ខ្ញុំ​និង​ប្តី​ខ្ញុំ​ឱ្យធ្វើ​ការ​អនឡាញ​នៅក្នុង​ក្រុមហ៊ុន​ហ្នឹង ហើយ​គេ​ដាក់​ទារុណកម្ម​ទៀត។ ពេល​ដែល​យើង​និយាយ​ថា សុំ​ទៅផ្ទះ​វិញ គេ​ដាក់​ទារុណកម្ម​ហើយ​គេ​សួរ​យើង​ថា ចង់ទៅ​ផ្ទះ​ទៀត​ឬ​ក៏​អត់? គឺ​គេ​ធ្វើ​ទារុណកម្ម​រហូត​ដល់​យើង​មិន​ហ៊ាន​សុំ​គេ​ត្រឡប់​មក​ផ្ទះ​វិញ។ មាន​បន្ទប់​មួយ​សម្រាប់​គេ​យក​អ្នក​ចង់ទៅ​ផ្ទះ​វិញ​ដើម្បី​សួរ​បើ​តាម​ខ្ញុំ​ឃើញ​ក្នុង​ហ្នឹង​មាន​កាំភ្លើង​កាំបិត​ដំបង​ឆក់​ហើយ​និង​ខ្នោះដៃ​សម្រាប់​គេ​ដាក់​ដៃ​រួចហើយ​គេ​វាយ។ គួរ​ឱ្យ​ខ្លាច​ពិតមែន​ខ្ញុំ​ធ្លាប់តែ​ឃើញ​ទិដ្ឋភាព​បែប​ហ្នឹង​នៅក្នុង​តែ​រឿងកុន​ទេ ប៉ុន្តែ​នេះ​វា​ជា​រឿង​ពិត​ដែល​ខ្ញុំ​បាន​ជួប​ផ្ទាល់»។

ស្ត្រី​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា នាង​មិន​ស្គាល់​កន្លែង​ដែល​គេ​ឃុំឃាំង​រូប​នាង​ប្ដី និង​មនុស្ស​ជាច្រើន​ទៀត​នោះ​ថា ជា​ខេត្ត​អ្វី​របស់​ប្រទេស​មីយ៉ាន់ម៉ា​ទេ ដោយ​នាង​គ្រាន់តែ​ដឹង​ថា កន្លែង​នោះ​នៅ​ជិត​ច្រក​ចេញ​-​ចូល​ព្រំដែន​មីយ៉ាន់ម៉ា និង​ចិន​ទៅ​កាន់​តំបន់​ត្រីកោណ​មាស។

នាង​ឱ្យ​ដឹង​បន្ថែម​ថា នៅក្នុង​អគារ​មួយ​កំពស់​៦​ជាន់​គឺជា​កន្លែង​ដែល​ក្រុម​ម៉ាហ្វីយ៉ា​ចិន​បាន​ជួញដូរ​មនុស្ស​ជាច្រើន​យក​ទៅ​ឃុំ​ឃាំង​បង្ខំ​ឱ្យធ្វើ​ការ​អនឡាញ​ឱ្យ​ពួកគេ ដោយ​អ្នកយាម​ជាច្រើន​ឈរ​កាន់​កាំភ្លើង​កាំបិត​ស្នៀត​ស្រួច និង​ខ្នោះដៃ​សម្រាប់​ដាក់​មនុស្ស​វាយ​ធ្វើ​ទារុណកម្ម​ទៅ​លើ​អ្នកណា​ដែល​ចង់​វិលត្រឡប់​ទៅផ្ទះ​វិញ។

ចំណែក​អង្គការ​ក្រៅរដ្ឋាភិបាល​ដែល​កំពុង​ជួយ​ដល់​ស្ត្រី​រងគ្រោះ​ដោយ​ការ​ជួញដូរ​នេះ នៅ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​កន្លែង​ដែល​ជនរងគ្រោះ​បាន​និយាយ​នោះ​ថា យ៉ាងណា​នៅ​ឡើយ​ទេ។

មន្ត្រី​ផ្នែក​អង្កេត និង​អន្តរាគមន៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) អ្នកស្រី រ៉ន ស្រីម៉ុច មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៤ មករា ថា អ្នកស្រី​មិន​ទាន់​អាច​សន្និដ្ឋាន​យ៉ាងណា​នៅ​ឡើយ​ទេ ចំពោះ​សកម្មភាព​ជួញដូរ​មនុស្ស​នៅ​ព្រំដែន​មីយ៉ាន់ម៉ា-ចិន​នោះ ក៏ប៉ុន្តែ​នេះ​ជា​លើក​ដំបូង​ដែល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ទទួល​ករណី​ជួញដូរ​មនុស្ស​ពី​ប្រទេស​មីយ៉ាន់ម៉ា។

អ្នកស្រី រ៉ន ស្រីម៉ុច៖ «តាម​ព័ត៌មាន​ដែលADHOC ទទួល​បាន​ពី​ស្ត្រី​រងគ្រោះ​គាត់​បាន​ប្រាប់​ថា នៅ​ទីនោះ​សំបូរ​ក្រុម​ពួក​ម៉ាហ្វីយ៉ា​ចិន​ដែល​រកស៊ី​ខុសច្បាប់​ទាក់ទង​និង​ការ​ជំរិត​ទារប្រាក់​ការ​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អនឡាញ (Online) និង​ការ​ជួញដូរ​គ្រឿងញៀន។ នេះ​បើ​យោង​តាម​សម្ដី​ដែល​នាង​ប្រាប់​ខ្ញុំ ក៏ប៉ុន្តែ​បើ​សួរ​ថា តើ​ADHOC យល់ឃើញ​យ៉ាងណា​?​ខ្ញុំ​អត់​អាច​សន្និដ្ឋាន​បាន​ទេ គឺ​ខ្ញុំ​បាន​ត្រឹមតែ​ដឹង​តាម​សំដី​ជនរងគ្រោះ​ដែល​ប្រាប់​មក​ខ្ញុំ​ប៉ុណ្ណោះ»។

អ្នកស្រី រ៉ន ស្រីម៉ុច មាន​ប្រសាសន៍​ទៀត​ថា អាដហុក​បាន​ធ្វើ​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ជាមួយ​ក្រសួង​មហាផ្ទៃ និង​ក្រសួងការបរទេស​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ធ្លាប់​ទទួល​បាន​ករណី​ជួញដូរ​មនុស្ស​ពី​កម្ពុជា​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ទេ ហើយ​នេះ​ជា​ករណី​ថ្មី​ទើប​តែ​ប្រទះ។

ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​យល់​ថា វា​មិនមែន​ជា​រឿង​ថ្មី​ទេ​ដែល​ប្រទេស​មីយ៉ាន់ម៉ា មាន​ក្រុម​ជួញដូរ​មនុស្ស​ជ្រកកោន​ពីព្រោះ​នេះ​វា​គ្រាន់តែ​ជា​ការ​បង្វែងដាន​ពី​ក្រុម​បណ្ដាញ​ឧក្រិដ្ឋជន​ដែល​ប្រើ​វិធីសាស្ត្រ​ជាច្រើន​ដើម្បី​រក​ច្រក​ជួញដូរ​មនុស្ស​ដោយ​ចេញពី​កម្ពុជា​ឆ្លងកាត់​វៀតណាម​ទៅ​ចិន ចេញពី​វៀតណាម​ទៅ​ប្រទេស​ឡាវ រួច​បន្ត​ទៅ​ចិន​និង​ឆ្លងកាត់​ប្រទេស​ថៃ​ភូមា​និង​បន្ត​ទៅ​ចិន​នោះ។រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​អ្នកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រឹងប្រែង​រិះរក​វិធានការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ទាំងនោះ​យ៉ាង​ខ្លាំង​ដោយ​ការ​បង្ក្រាប​ត្រូវ​ការ​បង្កើន​ជំនាញ​និង​វិធី​ថ្មីៗ​ពី​ព្រោះតែ​ក្រុម​មុខ​សញ្ញា​ជួញដូរ​មនុស្ស​ក៏​មាន​ល្បិច​ថ្មីៗ​មិន​ចេះ​ចប់​ដែរ។

អ្នកស្រី ជូ ប៊ុនអេង៖ «ក្រុម​ជនល្មើស​គឺ​រក​គ្រប់​វិធី​បិទ​មួយ​រឿង​ចេញ​មួយ​រឿង​ធ្វើ​ឱ្យ​សមត្ថកិច្ច​តាម​រក​ប្រៀប​ដូច​ដេញ​ចាប់​កណ្ដុរ​ដែល​រត់​ចូល​រន្ធ​ដូច្នោះ​ដែរ។ ដូច​ឥឡូវ​ហ្នឹង​ពេលខ្លះ​ទំនាក់ទំនង​របស់​ក្រុម​បណ្ដាញ​ជួញដូរ​មនុស្ស​មិនមែន​ឱ្យ​យើង​ទៅ​រក​ឃើញ​នៅ​នឹង​កន្លែង​ទេ គឺ​គេ​ទាក់ទង​គ្នា​តាម​ខ្យល់​តាម​ប្រព័ន្ធ​online​តាម​ផ្នែក​ព័ត៌មានវិទ្យា​(IT)​ជាដើម ដែល​ពិបាក​នឹង​ស្វែងរក ហើយ​នៅ​ពេល​ណា​ដែល​គេ​ទាក់ទង​គ្នា​រួចហើយ​គេ​ក៏​ប្ដូរ​វិធីសាស្ត្រ​ថ្មី​ទៀត។ ហេតុដូច្នេះ​ប្រសិនបើ​គ្មាន​កិច្ចសហការ​ពី​ជនរងគ្រោះ​ប្រហែលជា​សមត្ថកិច្ច​មិន​ងាយ​តាម​រក​មុខសញ្ញា​ក្រុម​ជួញដូរ​មនុស្ស​ឃើញ​ទេ»។

អ្នកស្រី ជូ ប៊ុនអេង ឱ្យ​ដឹង​ទៀត​ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ​កម្ពុជា​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​អនុ​តំបន់​ទន្លេមេគង្គ មាន​ចិន (China) មីយ៉ាន់ម៉ា (Myanmar) ប្រទេស​ថៃ (Thailand)​ប្រទេស​ឡាវ​(Lao) និង​វៀតណាម (Vietnam) ដើម្បី​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​នេះ​ជាប្រចាំ។

បើ​ទោះ​បី​ជា​យ៉ាងណា​នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ លោក មឿន តុលា នៅ​តែ​យល់​ថា អំពើ​ជួញដូរ​មនុស្ស​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន និង​ប្រទេស​ដទៃទៀត និង​ពី​ប្រទេស​ដទៃ​ទៀត​ចូល​មក​កម្ពុជា​នៅតែ​មិន​ទាន់​ថយ​ចុះ​ទេ។

លោក មឿន តុលា យល់​ថា រដ្ឋាភិបាល​គួរតែ​ត្រួតពិនិត្យ​លើ​មន្ត្រី​ខ្លះ​ដែល​ឃុបឃិត​គ្នា​ជាមួយ​បណ្ដាញ​ជួញដូរ​តាមរយៈ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ឱ្យ​មនុស្ស​ដែល​មិន​ទាន់​គ្រប់​អាយុ​ដែល​អាច​ធ្វើ​ឯកសារ​ចេញ​ក្រៅ​ប្រទេស​ព្រមទាំង​ត្រួតពិនិត្យ​ឱ្យ​បាន​តឹងតែង​ទៅ​លើ​ក្រុមហ៊ុន​ខ្លះ​ដែល​នាំ​ពលករ​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ពី​ព្រោះ​តែ​ក្រុមហ៊ុន​ខ្លះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​នៅ​ពេល​ដែល​គេ​នាំ​ពលករ​ទៅ​ដល់​ក្រៅប្រទេស​ហើយ​នោះ។

លោក មឿន តុលា៖ «ការ​ជួញដូរ​មនុស្ស​នេះ​វា មានរឿង​ច្រើន​មិនមែន​តែ​រឿង​យក​ស្ត្រី​ខ្មែរ​ទៅ​ចិន​ទេ​ប៉ុន្តែ​ក៏​មាន​យក​ស្ត្រី​និង​បុរស​ខ្មែរ​ទៅ​ធ្វើ​ការ​នៅក្នុង​ប្រទេស​ម្ដុំ​អារ៉ាប់​ក៏​មាន ហើយ​មាន​ជនបរទេស​ដូចជា​ពី​ម៉ាឡេស៊ី​(Malaysia)​ពី​ឥណ្ឌូណេស៊ី (Indonesia)​ជាដើម ត្រូវ​បាន​គេ​ជួញដូរ​មក​ស្រុក​ខ្មែរ ហើយ​ចំណុច​មួយទៀត ដែល​យើង​ច្រើនតែ​មើល​រំលង គឺ​ការ​ជួញដូរ​កម្លាំង​ពលកម្ម។ តាមពិត​ការ​ជួញដូរ​កម្លាំង​ពលកម្ម​ក៏​គេ​ចាត់ទុក​ថា ជា​ការ​ជួញដូរ​មនុស្ស​ដែរ»។

ក្រសួង​ការបរទេស​អាមេរិក​បាន​ចេញ​របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ប្រចាំ​ឆ្នាំ​២០២៣ ដោយ​ផ្ដល់​ចំណាត់ថ្នាក់​កម្ពុជា​ថា ជា​ប្រទេស​អាក្រក់​បំផុត​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​លើ​ពិភពលោក។ របាយការណ៍​លើកឡើង​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បំពេញ​តាម​ស្តង់ដារ​អប្បបរមា​ក្នុង​ការ​លុបបំបាត់​ការ​ជួញដូរ​មនុស្ស និង​ពុំ​បាន​ខិតខំ​ប្រឹងប្រែង​ឱ្យ​បាន​ខ្លាំងក្លា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​នោះ​ទេ សូម្បីតែ​អំឡុង​ពេល​មាន​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​-១៩​ក៏ដោយ។

អង្គការ​សង្គម​ស៊ីវិល​នៅតែ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ព្រមទាំង​បំបាត់​អំពើពុករលួយ​ជាពិសេស​ជន​ដែល​ពាក់ព័ន្ធ បើ​ទោះ​បី​ជា​មាន​ឋានន្តរសក្ដិ​ប៉ុនណា​ក៏ដោយ​ត្រូវតែ​អនុវត្ត​តាម​ផ្លូវច្បាប់ ពីព្រោះ​អំពើ​ជួញដូរ​មនុស្ស​គឺជា​រឿង​ធ្ងន់ធ្ងរ៕

website_news/20240127_02.txt · Last modified: 2024/01/29 12:41 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki