website_news:20240129_01

អតីត​កម្មករ​រោងចក្រ​មួយចំនួន​បង្ខំចិត្ត​រកស៊ី​ផ្លូវភេទ​ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ស្ត្រី​រកស៊ី​ផ្លូវភេទ​ភាគ​ច្រើន នៅតែ​រង​ការ​រើសអើង និង​ការ​រំលោភបំពាន ខណៈ​អាជ្ញាធរ​មិន​បាន​យក​ចិត្តទុកដាក់​ការពារ​ដល់​ពួកគេ។ តើ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ?

នៅ​តាម​ដងផ្លូវ​វេងស្រេង ក្នុង​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ ដែល​ជា​តំបន់​សំបូរ​ទៅ​ដោយ​រោងចក្រ​កាត់ដេរ​នោះ នៅ​ពេល​យប់​គេ​ឃើញ​មាន​ស្ត្រី​ជាច្រើន​ស្លៀក​សំលៀកបំពាក់​បែប​ស៊ិចស៊ី ចេញ​មក​អង្គុយ​និង​ឈរ​នៅ​ខាងមុខ​ហាង។

ស្ត្រី​ទាំងនេះ​ភាគច្រើន​មាន​វ័យក្មេង​ចន្លោះ​ពី​១៨​ឆ្នាំ ដល់​ជាង​៣០​ឆ្នាំ​។ ពួកគេ​ឈរ​នៅ​តាម​ដងផ្លូវ ជា​ក្រុមៗ ហើយ​គេ​តែងតែ​ឃើញ​មាន​បុរស​មួយចំនួន​ជិះ​ម៉ូតូ ជិះឡាន​ចូល​ទៅ​សួរនាំ និង​ឌុប​ស្ត្រី​ទាំងនោះ​ចេញ​ទៅ។

ក្នុង​សំលៀកបំពាក់​បែប​សិច​ស៊ី ខើច​លើ​ខើច​ក្រោម លោកស្រី ណាគ្រី គឺជា​ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឱ្យ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ដោយសារតែ​ម្ដាយ​របស់​នាង​ឈឺ​ធ្ងន់ និង​មិន​មាន​ប្រាក់​គ្រប់គ្រាន់​បង់​សង​ធនាគារ​ផង​នោះ លោកស្រី​បាន​ឈប់​ធ្វើ​ការងារ​រោងចក្រ និង​បង្ខំចិត្ត​រកស៊ី​ផ្លូវភេទ​កាល​ពី​ចុងឆ្នាំ​២០២៣។ លោកស្រី​បន្ត​ថា កាល​ពី​ចេញ​បំរើ​ផ្លូវ​ភេទ​ដំបូង លោកស្រី​មិន​ហ៊ាន​ដោះ​ម៉ាស​ឱ្យ​គេ​ឃើញ​មុខ​នោះ​ឡើយ ហើយ​លោកស្រី​ក៏​តែង​មាន​អារម្មណ៍​ខ្មាសអៀន និង​តូចចិត្ត​ដែល​ធ្លាក់​ខ្លួន​រក​ប្រាក់​តាមរយៈ​ការ​ផ្ដល់​សេវា​កម្សាន្ត​បែប​នេះ។

ណាគ្រី​បន្ត​ថា បើសិន​ជា​មាន​ដើមទុន​រកស៊ី ឬ​ការងារ​រោងចក្រ​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​សមរម្យ​នោះ ខ្លួន​នឹង​មិន​ប្រកប​របរ​លក់​ផ្លូវ​ភេទ ដែល​តែង​រង​ការ​រើសអើង និង​ងាយ​ប្រឈម​ហានិភ័យ​បែប​នេះ​ឡើយ។ «»

ស្រដៀង​គ្នា​នេះ​ដែរ ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់ទៀត​ដែល​មាន​វ័យ​ជាង​៣០​ឆ្នាំ​គឺ​លោកស្រី ម៉ាណា ជា​ឈ្មោះ​អ្នកនិពន្ធ ដាក់​ឱ្យ​ដែរ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ដោយសារតែ​រោងចក្រ​មិន​មាន​ការងារ​ធ្វើ​ពេញ​ម៉ោង​ដូច​មុន ខណៈ​លោកស្រី​ត្រូវ​ចិញ្ចឹម​កូនតូចៗ​២​នាក់​ទៀត​ផង​នោះ លោកស្រី​បាន​ចាប់​ផ្ដើម​ផ្ដល់​សេវា​ផ្លូវភេទ​នៅ​កន្លែង​ម៉ាស្សា ក្នុង​រាជធានី​ភ្នំពេញ​មួយ​កន្លែង កាល​ពី​ឆ្នាំ​២០២១ បន្ទាប់​មក​ទើប​លោកស្រី​ហ៊ាន​ចេញ​មក​ឈរ នៅ​តាម​ដងផ្លូវ​វេងស្រេង។ លោកស្រី​បន្ត​ថា បើ​ទោះ​បី​ជា​ការ​ផ្ដល់​សេវា​កម្ម​ផ្លូវភេទ អាច​ឱ្យ​លោកស្រី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​គ្រប់គ្រាន់​ក្ដី ក៏​លោកស្រី​មាន​សំពាធ​ផ្លូវចិត្ត ដោយសារ​មនុស្ស​មួយចំនួន​រើសអើង ហើយ​លោកស្រី​ក៏​តែងតែ​ខ្លាច​សាច់ញាតិ ឬ​មិត្តភក្ដិ​ដឹង​ថា លោកស្រី​ប្រកប​របរ​នេះ​ដែរ។

អង្គការ​សង់ត្រាល់ (CENTRAL) រួម​ជាមួយ​សហជីព និង​អង្គការ​អន្តរជាតិ​ចំនួន ៤​ទៀត បាន​ចេញ​របាយការណ៍​មួយ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២៣ បង្ហាញ​ថា កម្មករ​រោងចក្រ​ភាគច្រើន​កាន់តែ​ប្រឈម​ជីវភាព​លំបាក និង​មិន​មាន​លទ្ធភាព​សង​បំណុល​បាន​ទៀងទាត់​នោះ​ឡើយ។ ការ​សិក្សា​ស្រាវជ្រាវ ដែល​បាន​សម្ភាសន៍​កម្មករ​ជាង ៣​រយ​នាក់ (៣០៨) នេះ រក​ឃើញ​ថា កម្មករ ៥៤​ភាគរយ មិន​មាន​លទ្ធភាព​សង​ប្រាក់​ឱ្យ​បាន​ទៀងទាត់​នោះ​ទេ ខណៈ​រោងចក្រ​មួយចំនួន​នៅតែ​បិទទ្វារ​ដំណើរការ​អាជីវកម្ម ដោយ​មិន​បាន​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ ទៅ​ឱ្យ​កម្មករ​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​អ្នកស្រី យ៉ាង សុភ័ណ្ឌ មាន​ប្រសាសន៍​ថា កម្មករ​រោងចក្រ​កាន់តែ​ទទួល​បាន​ចំណូល​តិច​ជាង​មុន ដោយសារតែ​ថៅកែ​រោងចក្រ​មួយចំនួន បាន​បញ្ចុះតម្លៃ​ពលកម្ម​កម្មករ តាមរយៈ​ការកំណត់​ប្រាក់​បន្ថែម​ក្នុង​លក្ខខណ្ឌ​លំបាក​ជាង​មុន។ លោកស្រី​បន្ថែម​ថា ក្រៅពី​កម្មការិនី​មួយចំនួន​ត្រូវ​បង្ខំចិត្ត​រកស៊ី​ផ្លូវភេទ​ហើយ​នោះ កម្មករ​រោងចក្រ​ជាច្រើន​ក៏​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ជិត​ខាង​ផង​ដែរ។ «»

ស្ត្រី​រកស៊ី​ផ្លូវភេទ​ភាគច្រើន​មិន​ទទួល​បាន​ចំណេះដឹង ឬ​ការ​អប់រំ​អំពី​សុខភាព​ផ្លូវភេទ​នោះ​ទេ​។ បញ្ហា​ធំ​មួយទៀត ពួកគេ​ទទួល​បាន​ការ​វាយតម្លៃ​ទាប និង​មិនសូវ​ទទួល​បាន​ការ​យក​ចិត្ត​ដាក់​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​ផ្នែក​ការពារ​សិទ្ធិ​ស្ត្រី កុមារ និង​ការ​ជួញដូរ​មនុស្ស របស់​សមាគម​ការពារ​សិទ្ធិមនុស្ស ADHOC អ្នកស្រី ស៊ុន ម៉ាលី មាន​ប្រសាសន៍​ថា មុខរបរ​រកស៊ី​ផ្លូវភេទ មិនមែន​ជា​អំពើ​សញ្ចរកម្ម ដែល​មាន​ន័យថា អំពើ​ទាញ​យក​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ​ពី​ការ​ជួញដូរ​ផ្លូវភេទ​របស់​ជន​ដទៃ ដែល​ជា​អំពើ​ខុសច្បាប់​នោះ​ឡើយ។

អ្នកស្រី​បន្ថែម​ថា ដើម្បី​ទប់ស្កាត់​កុំឱ្យ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ក្លាយជា​ភ្នាក់ងារ​ចម្លងជំងឺ​ឆ្លងតាម​ការ​រួមភេទ រដ្ឋាភិបាល​គួរ​បង្កើត​យន្តការ​គ្រប់គ្រង និង​ផ្ដល់​សេវា​គាំពារ​សង្គម​ផ្សេងៗ​ទៅដល់​ស្ត្រី​រកស៊ី​ផ្លូវភេទ ជា​ជាង​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ពួកគេ។ «»

អ្នកស្រី ស៊ុន ម៉ាលី បន្ត​ថា ដោយសារតែ​អាជ្ញាធរ​មិន​បាន​ផ្ដល់​តម្លៃ និង​យក​ចិត្តទុកដាក់​គ្រប់គ្រាន់ ធ្វើ​ឱ្យ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ជាច្រើន​នៅតែ​ប្រឈម​ការ​រង​សំពាធ​ផ្លូវចិត្ត និង​ការ​រំលោភ​បំពាន​ផ្លូវកាយ​ធ្ងន់ធ្ងរ​។ អ្នកស្រី​បន្ត​ថា បើ​ទោះ​ជា​ពេលខ្លះ​ស្ត្រី​រកស៊ី​ផ្លូវភេទ​រង​ការរំលោភ​បូក​ក្ដី ក៏​ពួកគេ​មិន​ហ៊ាន​ប្តឹងផ្តល់​ទាមទារ​រក​យុត្តិធម៌​ឡើយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ស ស៊ីណែត ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៨ ខែ​មករា។

ក្រៅ​ពី​ឈរ​នៅ​តាម​ដងផ្លូវ​វេងស្រេង អតីត​កម្មការិនី​រោងចក្រ​មួយ​ចំនួន​ទៀត ក៏បាន​បង្ខំចិត្ត​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​ជ្រក​នៅ​ក្រោម​ស្លាក ហាង​ម៉ាស្សា​ផង​ដែរ​។ ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ​លើកឡើង​ថា បើសិនជា​ការងារ​រោងចក្រ​មាន​គ្រប់គ្រាន់ និង​អាច​ផ្ដល់​ប្រាក់ខែ​ឱ្យ​ពួកគេ​សមរម្យ អាច​ផ្គត់ផ្គង់​គ្រួសារ​បាន​នោះ ពួកគេ​នឹង​មិន​ប្រកប​មុខរបរ​រកស៊ី​ផ្លូវភេទ​ដូច​សព្វថ្ងៃ​នេះ​ឡើយ៕

website_news/20240129_01.txt · Last modified: 2024/01/31 11:33 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki