website_news:20240130_02

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង ប្រាប់បុគ្គលមួយចំនួនកុំព្យាយាមយកព័ត៌មានក្លែងក្លាយមកបំពុលស្ថានភាពនៅពេលដែលអាជ្ញាធរកំពុងតែខិតខំរៀបចំវិធានការក្នុងការសម្រួលការផ្ដល់សេវាឯកសារសម្រាប់ពលករនៅក្រៅប្រទេស ។

ការលើកឡើងរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងបែបនេះ ក្រោយមានការរិះគន់អំពីបញ្ហាផ្ដល់សេវាឯកសារនានានៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ មានភាពយឺតយ៉ាវ និងខ្ជះខ្ជាយពេលវេលារបស់ពលករ។ តាមរយៈគណនីហ្វេសប៊ុកមួយ មានឈ្មោះ «Boomer Love» បានចូលមកសរសេរក្នុង Comment លើទំព័រហ្វេសប៊ុករបស់លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង ដូច្នេះថា៖ «សំណូមពរលោកជំទាវ ជួយកែសម្រួលគ្រប់បញ្ហាសេវាកម្មឯកសារទូទៅ មិនចំពោះតែលិខិតឆ្លងដែននោះទេ។ ជាក់ស្តែង កន្លងមក ខ្ញុំ (Boomer Love) បានលឺប្រជាពលករជាច្រើន បានរិះគន់រអ៊ូរទាំអំពីបញ្ហារឯកសារនានា ដែលតម្រូវសុំសិទ្ធិឆ្លងកាត់ពីស្ថានទូត គឺមានការយឺតយ៉ាវ និងខ្ជះខ្ជាយពេលវេលារបស់ពួកគាត់ជាពន់ពេក»។ ឆ្លើយតបនឹងការលើកឡើងនេះ ត្រូវបានលោកស្រី ជ្រឹង បុទុមរង្សី ចោទជាសំណួរទៅកាន់ម្ចាស់គណីហ្វេសប៊ុក ឈ្មោះ «Boomer Love» ថា ពិតមែនឬ? តើអាចឧទាហរណ៍ជាក់ស្តែងបានទេ? ដោយលោកស្រី គូសបញ្ជាក់ថា ជាទូទៅ គឺរាល់លំហូឯកសារទាំងអស់ មានបោះត្រាចេញ-ចូលត្រឹមត្រូវ។ ដូច្នេះ បើមានភាពយឺតយ៉ាវ គឺលោកស្រី អាចមើលឃើញហើយ។ ប៉ុន្តែ លោកស្រីឯកអគ្គរាជទូត មិនបានបដិសេធចំពោះការិះគន់នេះឡើយ ដោយលោកស្រី ថែមទាំងបានលើកទឹកចិត្តឱ្យបុគ្គលនេះដាក់លិខិតមកលោកស្រី តាមរយៈប្រអប់បញ្ចេញមតិដែលមានដាក់នៅមុខកន្លែងផ្ដល់សេវា ហើយលោកស្រីធានារក្សាការសម្ងាត់ជូន។ តែយ៉ាងណាមិញ តាមរយៈសំណេរនៅទំព័រហ្វេសប៊ុក នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ លោកស្រី ឯកអគ្គរាជទូត បានបញ្ជាក់ថា ការរិះគន់ដើម្បីស្ថាបនា លោកស្រីរីករាយទទួល តែកុំយកព័ត៌មានក្លែងក្លាយមកបំពុលស្ថានភាព ជាពិសេសនៅពេលដែលស្ថានទូតកំពុងតែរៀបចំវិធានការ ដើម្បីសម្រួលដល់ពលកររាប់ពាន់នាក់។ លោកស្រី សង្កត់ធ្ងន់ដូច្នេះថា «សូមកុំយកផេកខ្ញុំជាកន្លែងត្រូល និងចែកចាយព័ត៌មានក្លែងក្លាយ»។ សូមជម្រាបថា អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យដាក់ដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅនៅទីតាំងស្ថានទូតកម្ពុជាតែម្ដង ដើម្បីជាការបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងពលករនៅទីនោះ៕

website_news/20240130_02.txt · Last modified: 2024/01/31 11:43 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki