website_news:20240131_01

(សៀមរាប)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ (គ.ជ.ប.ជ) បាន​លើកឡើងថា រាល់បទល្មើសនៃការជួញដូរមនុស្ស នៅពេលអនុវត្តការងារ ត្រូវកំណត់នូវអត្តសញ្ញាណ ឲ្យបានច្បាស់លាស់ ចំពោះជនល្មើស និងជនរងគ្រោះ ដោយជនរងគ្រោះមួយចំនួនក៏ជាជនល្មើសផងដែរ។ បច្ចុប្បន្ននេះ មានអនិជនរងគ្រោះប្រមាណជា៥០% បានកំពុងទទួលរងនូវអំពើជួញដូរទៅតាមគ្រប់រូបភាព ដែលប្រឈមទៅនឹងភាពគ្រោះថ្នាក់បំផុត ព្រមទាំងធ្វើឲ្យមានវិបត្តិដល់សង្គមទៀតផង។

លោកស្រី ជូ ប៊ុនអេង លើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តសៀមរាប ព្រមទាំងមានចូលរួមពីតំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក មេឃុំ-ចៅសង្កាត់ កងកម្លាំង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត តំណាងអង្គការដៃគូជាតិ និងអន្តរជាតិ ជាច្រើនចូលរួមផង​ដែរ។

លោកស្រី ជូ ប៊ុនអេង បានបន្តថា អំពើជួញដូរមនុស្ស ក្នុងរូបភាពការនាំចេញ ដោយមិនស្របច្បាប់សម្រាប់នាំចេញឆ្លងដែនទៅក្រៅប្រទេស និងការនាំចូលមកពីបរទេស ដែលជាសកម្មភាពខុសច្បាប់ បានជះឥទិ្ធពលមិនល្អដល់ប្រទេសកម្ពុជា និងធ្វើឲ្យផលប៉ះពាល់ដល់សុខភាពសាធារណៈ និងអាយុជីវិតប្រជាពលរដ្ឋ។

លោកស្រីបន្តថា បទល្មើសនៅតែកើតមាន ហើយប្រជាពលរដ្ឋនៅតែបន្តរងគ្រោះជាបន្តបន្ទាប់ ដែលភាពរងគ្រោះមួយចំនួន កើតឡើងនៅក្រៅប្រទេស ក្នុងពេលដែលប្រជាពលរដ្ឋធ្វើចំណាកស្រុក ជាពិសេសការធ្វើទេសន្តរប្រវេសន៍ ដោយមិនមានច្បាប់ត្រឹមត្រូវ ក្នុងការស្វែងរកការងារ ទាំងការស្វែងរកគូស្រករនៅក្រៅប្រទេស។ ម៉្យាងទៀត បទល្មើសមួយចំនួន ជនរងគ្រោះក៏ក្លាយជាជនល្មើសផងដែរ ទៅតាមរូបភាព ដូចជា៖ «ការពរពោះ បង្កើតយកកូនលក់» ជាដើម។

លោកស្រី ជូ ប៊ុនអេង បានបន្តទៀតថា ភាពស្មុគ្រស្មាញនៃបទល្មើសជួញដូរមនុស្ស បានធ្វើឲ្យការអនុវត្តច្បាប់ជួបការលំបាក ក្នុងការវិភាគរកធាតុផ្សំនៃអំពើល្មើសដើម្បីបង្ក្រាប ហើយបានអូសបន្លាយ ឲ្យជនល្មើសរួចផុតពីការផ្តន្ទាទោស បើទោះបីមើលឃើញថា ជនទាំងនោះជាអ្នកបង្ក ឬអូសទាញឲ្យជនរងគ្រោះជួបនូវគ្រោះមហន្តរាយ ដោយការរំលោភបំពានកេងប្រវ័ញ្ច ការប្រើអំពើហិង្សា បង្ខិតបង្ខំទាំងផ្លូវកាយ និងផ្លូវចិត្ត ប្រៀបបាននឹងទាសករ។

លោកស្រីបានបញ្ជាក់ថា ដើមី្បលើកកម្ពស់កិត្យានុភាពនៃប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស យើងទាំងអស់គ្នា ត្រូវចូលរួមក្នុងការប្រយុទ្ធប្រឆាំងលុបបំបាត់ កុំឲ្យកើតមាននៅក្នុងមូលដ្ឋានខ្លួន ឲ្យសក្តិសមជាប្រទេសមានអរិយធម៌ខ្ពង់ខ្ពស់នៅក្នុងតំបន់អាស៊ី ក៏ដូចជានៅលើពិភពលោកផងដែរ។

ទន្ទឹមគ្នានេះ លោកស្រី យូ សុភា ក៏បានលើកអំពីលទ្ធផលការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សឆ្នាំ២០២៣ និងបញ្ហាប្រឈម ដែលក្រុមការងារបានជួបក្នុងពេលកន្លងមក និងបានលើកនូវទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៤ផងដែរ។ អំពើជួញដូរមនុស្ស គឺជាបទឧក្រិដ្ឋមួយក្នុងចំណោមឧក្រឹដ្ឋកម្មឆ្លងដែន ដែលប្រទេសនានាបាននឹងកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន។

លោកស្រីបន្តថា អំពើជួញដូរមនុស្សត្រូវបានចាត់ទុកជាទាសភាពសម័យទំនើប ដែលមានចរិកស្មុគស្មាញប្រកបដោយល្បិចកលពាក់ព័ន្ធទៅនឹងរបត់នៃផ្នត់គំនិត ចិត្តសាស្រ្តសង្គម ការរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការវិវត្តន៍នៃសេដ្ឋកិច្ច សង្គមនយោបាយជាតិ និងអន្តរជាតិជាដើម ដែលត្រូវការជាចាំបាច់នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរិះរកវិធានការ ដ៏មានប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសពាក់ព័ន្ធ ដែលមានការចាត់តាំង និងឧក្រិដ្ឋជន ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ឲ្យបានផង​ដែរ៕

មន្ត្រីជាន់ខ្ពស់មហាផ្ទៃ៖ រាល់បទល្មើសនៃការជួញដូរមនុស្ស នៅពេលអនុវត្តការងារត្រូវកំណត់អត្តសញ្ញាណ ឲ្យបានច្បាស់លាស់ ចំពោះជនល្មើស និងជនរងគ្រោះ

website_news/20240131_01.txt · Last modified: 2024/02/02 10:57 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki