website_news:20240131_02

ភ្នំពេញ៖ ជនជាតិចិនចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកលេខ១០៥ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួនពីបទឆ្លងដែន ដោយខុសច្បាប់ចូលទឹកដីកម្ពុជា។

ការឃាត់ខ្លួនជនជាតិចិនទាំង៨នាក់នេះ ធ្វើឡើងនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅស្រុកឆែប ជាប់ព្រំដែនប្រទេសឡាវ។

មន្ត្រីនគរបាលព្រំដែនគោកលេខ១០៥មួយរូប បានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះថា ក្រោមបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងដោយការបញ្ជាផ្ទាល់ពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជការឯកភាពខេត្ត កម្លាំងនគរបាលព្រំដែនគោកលេខ១០៥ បានឃាត់ខ្លួនជនជាតិចិនចំនួន៨នាក់ពីបទឆ្លងដែនខុសច្បាប់។

ផ្អែកតាមចម្លើយរបស់ជនជាតិចិនខាងលើ បាននិយាយប្រាប់សមត្ថកិច្ចថា ការលួចឆ្លងដែនចូលមកប្រទេសកម្ពុជា តាមព្រំដែនទឹកប្រទេសឡាវ-កម្ពុជា នេះ ដោយប្រើប្រាស់មធ្យោបាយទូក ហើយក្នុងគោលបំណង ដើម្បីស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ជនជាតិចិនដដែល បានប្រាប់សមត្ថិកច្ចបន្តថា មុនចូលមកប្រទេសកម្ពុជា ពួកគេ (ជនជាតិចិន) ខាងលើ បានស្នាក់នៅនិងធ្វើការងារនៅប្រទេសឡាវបណ្តោះអាសន្ន ដើម្បីត្រៀមឆ្លងដែនចូលមកប្រទេសកម្ពុជា ហើយការឆ្លងដែនមកនេះ គឺទាក់ទងតាមរយៈប្រព័ន្ធបណ្ដាញសង្គម និងតាមរយៈការណែនាំរបស់មិត្តភក្កិជាជនជាតិចិន ដែលស្នាក់នៅប្រទេសឡាវជាមួយគ្នា ជាអ្នករៀបចំមធ្យោបាយធ្វើដំណើរ ពីព្រំដែនប្រទេសឡាវ រហូតដល់គោលដៅដែលត្រូវធ្វើការនៅប្រទេសទេសកម្ពុជា ហើយសម្រាប់ការចំណាយគឺដល់គោលដៅទើបទូទាត់ជាមួយអ្នកដែលរៀបចំឲ្យ។

បន្ទាប់ពីបានស្តាប់ចម្លើយសារភាពរបស់ជនជាតិចិនខាងលើ កម្លាំងនគរបាលការពារព្រំដែនគោកលេខ១០៥ បានកសាងសំណុំរឿង និងធ្វើការបញ្ជូនខ្លួនជនជាតិចិនទាំង៨នាក់ មក​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ៕

website_news/20240131_02.txt · Last modified: 2024/02/02 11:12 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki