website_news:20240131_03

ក្នុងសន្និបាតបូកសរុបការឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំ២០២៤ របស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង បានគូសបញ្ជាក់ថា អំពើជួញដូរមនុស្ស ក្នុងរូបភាពការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំចេញឆ្លងដែនទៅក្រៅប្រទេស និងការនាំចូលមកពីបរទេស ដែលជាសកម្មភាពខុសច្បាប់ បានជះឥទិ្ធពលមិនល្អដល់ប្រទេសកម្ពុជា ធ្វើឲ្យផលប៉ះពាល់ដល់សុខភាពសាធារណ: និងអាយុជីវិតប្រជាពលរដ្ឋ។ តាមការសង្កេតរបស់លោកស្រី ជូ ប៊ុនអេង បទល្មើសជួញដូរមនុស្សនៅតែកើតមាន ហើយប្រជាពលរដ្ឋនៅតែបន្តរងគ្រោះជាបន្តបន្ទាប់ ដែលភាពរងគ្រោះមួយចំនួន គឺកើតឡើងនៅក្រៅប្រទេស ក្នុងពេលដែលប្រជាពលរដ្ឋធ្វើចំណាកស្រុក ជាពិសេសការធ្វើទេសន្តរប្រវេសន៍ ដោយមិនមានច្បាប់ត្រឹមត្រូវ ក្នុងការស្វែងរកការងារ ទាំងការស្វែងរកគូស្រករនៅក្រៅប្រទេស ។ ម៉្យាងទៀតបទល្មើសមួយចំនួន ជនរងគ្រោះក៏ក្លាយជាជនល្មើសផងដែរ ទៅតាមរូបភាព ដូចជាការពរពោះ បង្កើតយកកូនលក់ ជាដើម ។

លោកស្រីក៏បានគូសបញ្ជាក់ថា ភាពស្មុគ្រស្មាញនៃបទល្មើសជួញដូរមនុស្ស បានធ្វើឲ្យការអនុវត្តច្បាប់ជួបការលំបាក ក្នុងការវិភាគរកធាតុផ្សំនៃអំពើល្មើស ដើម្បីបង្ក្រាប ហើយបានអូសបន្លាយឲ្យជនល្មើសរួចផុតពីការផ្តន្ទាទោស បើទោះបីមើលឃើញថា ជនទាំងនេះជាអ្នកបង្ក ឬអូសទាញឲ្យជនរងគ្រោះជួបនូវគ្រោះមហន្តរាយ ដោយការរំលោភបំពានកេងប្រវ័ញ្ច ការប្រើអំពើហិង្សា បង្ខិតបង្ខំទាំងផ្លូវកាយ និងផ្លូវចិត្ត ប្រៀបបាននឹងទាសករ ។ លោកស្រី បន្តទៀតថា រាល់បទល្មើសនៃការជួញ ដូរមនុស្សនេះ នៅពេលអនុវត្តការងារ ត្រូវកំណត់នូវអត្តសញ្ញាណឲ្យបានត្រឹមត្រូវច្បាស់លាស់ ចំពោះជនល្មើស និងជនរងគ្រោះ ដោយជនរងគ្រោះមួយចំនួនក៏ជាជនល្មើសផងដែរ ។

លោកស្រីក៏បានជំរុញដល់កម្លាំងជំនាញ អាជ្ញាធរមូលដ្ឋាន ធ្វើការជម្រុញផ្សព្វផ្សាយជាសាធារណ: អប់រំទូន្មាន ដាស់ តឿន ក្រើនរំលឹកជាប្រចាំ យ៉ាងទូលំទូលាយ ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង បានដឹងបានលឺ ឬធ្លាប់បានទទួលភាពរងគ្រោះរួចហើយក្តី តែហាក់ដូចជានៅមិនទាន់បានយកចិត្តទុកដាក់ ហើយនៅតែមានអ្នកបន្តផ្សងព្រេង និងជឿលើការអូសទាញពីជនខិលខូចជាមេខ្យល់ ជាងការដាស់តឿនឲ្យប្រុងប្រយ័ត្នរបស់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ។ លោកស្រីបានបន្តទៀតថា ដើមី្បលើកកម្ពស់កិត្យានុភាពនៃប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ភាគី ត្រូវចូលរួមក្នុងការប្រយុទ្ធប្រឆាំងលុបបំបាត់កុំឲ្យកើតមាននៅក្នុងមូលដ្ឋានខ្លួន ឲ្យសក្តិសមជាប្រទេសមានអរិយធម៌ខ្ពង់ខ្ពស់នៅក្នុងតំបន់អាស៊ីក៏ដូចនៅលើពិភពលោកផងដែរ៕

website_news/20240131_03.txt · Last modified: 2024/02/02 11:05 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki