website_news:20240201_01

ភ្នំពេញ ៖ ដើម្បីធានាដល់សុខសន្ដិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យអាជ្ញាធរ បន្ដទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ កុំឱ្យកើតមាននៅលើទឹកដីប្រទេសកម្ពុជា ហើយត្រូវបង្ក្រាបក្រុមដែលមានឧបាយកលជ្រុលនិយម។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា «ការងារសន្ដិសុខ ត្រូវបន្ដទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទកុំឱ្យកើតមាននៅលើទឹកដីប្រទេសកម្ពុជា, ម្ចាស់ការទប់ស្កាត់បង្ក្រាបក្រុមដែលមានឧបាយកលជ្រុលនិយម ដោយត្រូវក្ដោបក្ដាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ»។

នាយឧត្តមសេនីយ៍ បន្ដថា ត្រូវការពារឱ្យខាងតែបាននូវរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ការពារសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលខិតខំកសាង ព្រមទាំងជំរុញស្រាវជ្រាវបង្ក្រាបបទល្មើស ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងបន្ដពង្រឹងសមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន ដែលជាកម្លាំងជំនួយដ៏សំខាន់ដល់នគរបាលជាតិ។ នាយឧត្តមសេនីយ៍ បន្ថែមថា ចំពោះការងារប្រឆាំងបទល្មើស៖ នាយកដ្ឋានអង្គភាពពាក់ព័ន្ធ ត្រូវវាយតម្លៃការបម្រែបម្រួលបទល្មើសឡើងវិញ ខណៈការបង្ក្រាបសម្រេចបានរហូតដល់ជាង៩០ភាគរយ ដែលជាតួលេខមួយដ៏ល្អនៃប្រតិបត្តិការរបស់សមត្ថកិច្ច។ ខិតខំបង្ក្រាបបទល្មើសដែលនៅសេសសល់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្ត ដែលមានព្រំដែនជាប់គ្នា។

នាយឧត្តមសេនីយ៍បានបន្ដទៀតថា ចំពោះបទល្មើសគ្រឿងញៀន ត្រូវបន្ដខិតខំស្រាវជ្រាវបង្ក្រាប បង្ការទប់ស្កាត់ និងជំរុញការអនុវត្តផែនការយុទ្ធនាការ។ ពង្រឹងទប់ស្កាត់ បង្ការការងារប្រឆាំងការជួញដូរមនុស្ស និងបង្កើនកិច្ចសហការល្អដើម្បីសង្គ្រោះជនរងគ្រោះ។ ទប់ស្កាត់ និងបង្ការក្មេងទំនើងដែលបង្កអសន្ដិសុខ សណ្ដាប់ធ្នាប់នៅក្នុងសង្គម។

នាយឧត្តមសេនីយ៍ ស ថេត បានឱ្យដឹងថា ការងារសណ្ដាប់ធ្នាប់សាធារណៈ និងចរាចរណ៍ ត្រូវរឹតបន្ដឹងការអនុវត្តច្បាប់ ត្រួតពិនិត្យជាតិស្រវឹង ប្រកបដោយភាពទទួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ សំដៅទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង ហើយជនបង្ករត់គេចខ្លួន ត្រូវខិតខំស្រាវជ្រាវដើម្បីឈានដល់ការចាប់ខ្លួនជនបង្កយកមកចាត់វិធានការតាមច្បាប់៕

website_news/20240201_01.txt · Last modified: 2024/02/02 11:29 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki