website_news:20240202_01

​សៀមរាបៈ លោកស្រី​ ជូ ប៊ុន​​អេង រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ និង​ជា​អនុប្រធាន​អចិ​ន្រៃ្ត​យ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស គ​.​ជ​.​ប​.​ជ ជំរុញ​ដល់​កម្លាំង​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​រាជធានី-ខេត្ត​-​ក្រុង​ បង្កើន​ការផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលាយ​ពី​គ្រោះថ្នាក់​នៃ​អំពើ​ជួញដូរ​មនុស្ស ដើម្បី​រួមគ្នា​ប្រឆាំង​អំពើ​ឧក្រិដ្ឋ​នេះ ខណៈ​បទល្មើស​នៃ​អំពើ​ជួញដូរ​មនុស្ស​នៅ​បន្ត​កើតមាន​តាម​គ្រប់​រូបភាព​។​

​ការជំរុញ​នេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការ​ងារ​ប្រចាំឆ្នាំ​ ២០២៣ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​ ២០២៤ របស់​គណ​:​ក​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ខេត្ត​សៀម​រាប កាល​ថ្ងៃទី ​៣១ ខែមករា ឆ្នាំ​ ២០២៤​។ នេះ​បើតាម​រដ្ឋបាល​ខេត្តសៀមរាប​។

លោកស្រី​ ជូ ប៊ុន​អេង ​លើកឡើងថា ​អំពើ​ជួញដូរ​មនុស្ស ក្នុង​រូបភាព​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​​ចេញ​ឆ្លងដែន​ទៅ​ក្រៅប្រទេស និង​ការ​នាំចូល​មកពី​បរទេស ដែលជា​សកម្ម​ភាពខុស​ច្បាប់ បាន​ជះ​​ឥ​ទិ្ធ​ពល​មិនល្អ​ដល់​ប្រទេស​កម្ពុជា​។

​លោកស្រី​បន្តថា​៖ «​យើង​សង្កេតឃើញថា បទល្មើស​នៅតែ​កើតមាន ហើយ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​រង​គ្រោះជា​បន្តបន្ទាប់ ដែល​ភាព​រងគ្រោះ​មួយចំនួន គឺ​កើតឡើង​នៅក្រៅ​ប្រទេស ក្នុងពេល​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក​។​ជាពិសេស​ការធ្វើ​ទេ​សន្តរ​ប្រវេ​សន៍ ដោយ​មិនមាន​ច្បាប់​ត្រឹមត្រូវ ក្នុងការ​ស្វែងរក​ការងារ ទាំង​ការ​​ស្វែងរក​គូស្រករ​នៅក្រៅ​ប្រទេស​»​។​

​ម្យ៉ាងទៀត​បទល្មើស​មួយចំនួន ជនរងគ្រោះ​ក៏​ក្លាយជា​ជនល្មើស​ផងដែរ ទៅតាម​រូបភាព ដូចជា ​(​ការ​ពពោះ បង្កើត​យក​កូន​លក់​) ជាដើម​។ លោកស្រី បន្ថែមថា ភាពស្មុគស្មាញ​នៃ​បទល្មើស​ជួញដូរ​មនុស្ស បានធ្វើឱ្យ​ការអនុវត្ត​ច្បាប់​ជួប​ការលំបាក ក្នុងការ​វិភាគ​រក​ធាតុ​ផ្សំ​នៃ​អំពើ​ល្មើស ដើម្បី​បង្ក្រាប ហើយ​បាន​អូស​​បន្លាយ​ឱ្យ​ជនល្មើស​រួចផុត​ពី​ការផ្តន្ទាទោស​។​

​ក្នុងឱកាស​នោះ​លោកស្រី ជូ ​ប៊ុន​អេង​ ​បាន​ជំរុញ​ឱ្យកម្លាំង​ជំនាញ អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ពី​បញ្ហា នេះ​ឱ្យ​កាន់តែ​ទូលាយ ដើម្បី​អប់រំ​ទូន្មាន ដាស់តឿន និង​ជា​សារ ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​គ្រប់ ទីកន្លែង​បានដឹង​បានឮ កុំឱ្យ​ជឿ​លើ​ការអូសទាញ​ពី​ជនខិលខូច ជា​មេខ្យល់​។​

​ជាមួយគ្នានេះ​លោកស្រី​ យូ សុភា អភិបាលរង​ខេត្តសៀមរាប​និង ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គ​.​ជ​.​ប​.​ជ ខេត្ត​នេះ បាន​ថ្លែងឱ្យដឹងថា អំពើ​ជួញដូរ​មនុស្ស គឺជា​បទឧក្រិដ្ឋ​មួយ​ក្នុងចំណោម​ឧក្រិដ្ឋកម្ម​ឆ្លង​​ដែន ដែល​ប្រទេស​នានា​បាននិងកំពុង​តែ​ប្រឈមមុខ​នាពេល​ប​ច្ចុ​​ប្បន្ន​។

លោកស្រី​បន្តថា​៖ «​អំពើ​ជួញដូរ​មនុស្ស ក៏​ត្រូវបាន​ចាត់ទុកថា ជា​ទាសភាព​សម័យ​ទំនើប ដែលមាន​ចរិត​ស្មុគស្មាញ​ប្រកបដោយ​ល្បិចកល​ពាក់ព័ន្ធ​ទៅនឹង​របត់​នៃ​ផ្នត់គំនិត ចិត្តសាស្ត្រ​សង្គម ការរីកចម្រើន​នៃ​វិទ្យា​សា​ស្ត្រ បច្ចេកវិទ្យា ការវិវត្តន៍​នៃ​សេដ្ឋ​​កិច្ច សង្គម​នយោបាយ​ជាតិ​អន្តរ​ជាតិ​ជាដើម​ដែល​ត្រូវការ​ជា​ចាំ​​បាច់​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា ដើម្បី​រិះរក​វិធានការ ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​»​។​

​ជុំវិញ​បញ្ហា​នេះ​លោ​ក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គ​.​ជ​.​ប​.​ជ ធ្លាប់បាន​ប្រកាស​អំពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ចាត់ទុកថា ការប្រយុទ្ធប្រឆាំង​អំពើ​ជួញ​​ដូរ​មនុស្ស គឺជា​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ដើម្បី​លើកកម្ពស់​សន្តិសុខ សុវត្ថិ​ភាព​មនុស្សជាតិ​និង​លើកកម្ពស់​សក្តានុពល​នៃ​ធនធានមនុស្ស​សម្រាប់​ការអភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ​។

​លោក​ក៏បាន​អំពាវនាវ​ដល់​អភិបាល​រាជធានី​-​ខេត្ត រហូតដល់​កងកម្លាំង​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​ត្រូវ​ពង្រឹងស្មារតី​ទទួលខុសត្រូវ​ក្នុងតួនាទី និង​ភារ​កិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​ឱ្យបាន​ហ្មត់ចត់​បំផុត​ពាក់​​ព័ន្ធ​ការជួញដូរ​មនុស្ស​។​

​យោងតាម​របាយការណ៍​ក្រសួងមហាផ្ទៃ​នៅក្នុង​រយៈពេល​ ១ ​ឆ្នាំ​កន្លងទៅនេះ សមត្ថកិច្ច​បានធ្វើការ​អន្តរាគមន៍​ស្រាវជ្រាវ​រុករក​បទល្មើស​បាន​ចំនួន ១២១៣ ​ករណី គឺ​ស្មើនឹង ​៩៧,៧% ក្នុងនោះ ករណី​បង្ខំ​ធ្វើការ​ដោយ​ខុសច្បាប់​មាន​ចំនួន​ ២៥៩​ នាក់ ស្រី​ ៤៨​ នាក់ មាន​ ៧​ សញ្ជាតិ ដែល​បាន​សន្និដ្ឋានថា ជា​ករណី​ជួញដូរ​មនុស្ស​៕

website_news/20240202_01.txt · Last modified: 2024/02/05 12:04 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki