website_news:20240205_01

ឆ្នាំ២០២៣ កន្លង​ទៅ កម្ពុជា បាន​ទទួល​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ រំលោភបំពាន​ផ្លូវ​ភេទ ប្រមាណ​ជាង ៣៤០ នាក់ ពី​ប្រទេស​នានា និង​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ជនរងគ្រោះ​ជាង ៦០ នាក់ ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ផង​ដែរ។ ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៤ នៅ​ព្រឹក​ថ្ងៃ​ទី ៥ កុម្ភៈ នេះ លោក ទៀវ សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា បាន​មាន​ប្រសាសន៍​ថា ឆ្នាំ ២០២៣ មាន​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ រំលោភបំពាន​ផ្លូវ​ភេទ ចំនួន ៣៤២ នាក់ បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ប្រទេស​នានា និង​បញ្ជូន​ទៅ​ស្តារ​នីតិសម្បទា ហើយ​ជនរងគ្រោះ​ចំនួន ៦៣ នាក់ ត្រូវ​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​ប្រទេស​កំណើត​វិញ។លោក​បាន​បន្ត​ថា ចំណែក​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ រំលោភបំពាន​ផ្លូវ​ភេទ ត្រូវ​បាន​បញ្ជូន​ទៅ​ស្តារ​នីតិសម្បទា​តាម​មណ្ឌល​អង្គការ សរុប​ចំនួន ៤៣៦ នាក់ និង​ធ្វើ​សមាហរណកម្ម​ទៅកាន់​គ្រួសារ និង​សហគមន៍ ២៨៣ នាក់ តាមដាន​បន្ត​ក្រោយ​សមាហរណកម្ម​ចំនួន ៣០០ នាក់ និង​បិទ​ករណី​ចំនួន ១៥៣ ករណី។ ជាមួយ​គ្នា​នេះ សេវា​គាំពារ​ជនរងគ្រោះ ត្រូវ​បាន​លើកកម្ពស់ និង​យកចិត្តទុកដាក់ ដោយ​បាន​ផ្ដល់ ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​គ្រួសារ​រងគ្រោះ​ដាច់​ស្បៀង ទីទ័លក្រ គ្រោះធម្មជាតិ និង​គ្រោះ​មហន្តរាយ ដោយ​យថាហេតុ​នៅ​តាម​សហគមន៍​ចំនួន ៣៨ ៤១០ គ្រួសារ។ ជនអនាថា​ចំនួន ១ ០៨៨ នាក់ បាន ទទួល​សេវា​ពិគ្រោះ​យោបល់ ដោះស្រាយ ទប់ស្កាត់ និង​ការពារ ព្រមទាំង​បាន​ធ្វើ​សមាហរណកម្ម​ទៅ គ្រួសារ និង​សហគមន៍​វិញ ៨០៣ នាក់។ ជនរងគ្រោះ និង​រង​ផល​ប៉ះពាល់​ដោយសារ​ផ្ទុក​មេរោគ​អេដស៍ ជំងឺ​អេដស៍ និង​ជំងឺ​កាច​សាហាវ​ផ្សេងៗ នៅ​តាម​សហគមន៍​ចំនួន ២១៥ នាក់ ត្រូវ​បាន​ប្រឹក្សា​យោបល់ ថែទាំ និង​គាំទ្រ។ មណ្ឌល​ថែទាំ និង​ព្យាបាល​ជន​វិបល្លាស​ស្មារតី បាន​ទទួល​ជន​វិបល្លាស​ស្មារតី​ឱ្យ​ស្នាក់នៅ សរុប​ចំនួន ១២៥ នាក់ បើ​គិត​ពី​ឆ្នាំ ២០២១ មក មាន​ជន​វិបល្លាស​ស្មារតី​សរុប​ចំនួន ២៤០ នាក់ កំពុង​ស្នាក់នៅ និង​សមាហរណកម្ម​ទៅ​គ្រួសារ និង​សហគមន៍​វិញ​ចំនួន ២៣ នាក់៕

website_news/20240205_01.txt · Last modified: 2024/02/08 15:25 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki