website_news:20240205_03

ភ្នំពេញៈ កម្ពុជា និង​ឥណ្ឌា​កំពុង​ស្វែងរក​យន្តការ​ដែល​អាច​ផ្តល់​កិច្ចសហការ​ផ្តល់ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក​ពាក់ព័ន្ធ​មុខ​សញ្ញា​ឬ​បណ្តាញ​សង្ស័យ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អន​ឡាញ​។ ឥណ្ឌា​ប្តេជ្ញាចិត្ត​បន្ត​បណ្តុះបណ្តាល​មន្ត្រី​កម្ពុជា​បន្ថែមទៀត​លើ​ជំនាញ​បច្ចេកវិទ្យា​ប្រយុទ្ធប្រឆាំង​បទល្មើស​តាម​បច្ចេកវិទ្យា​អន​ឡាញ​។ អ្នកវិភាគ​សាទរ​ចំពោះ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​នេះ ខណៈដែល​បញ្ហា​ឆបោក​តាម​បច្ចេកវិទ្យា​អន​ឡាញ​កំពុង​សាយភាយ​។​

​លោក ថុង ម៉េង​ដា​វិត ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ចក្ខុ​​វិស័យ​អាស៊ី​ ​(AVI) ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា នេះ​ជាស​ញ្ញា​នៃ​កិច្ច​សហ​​ប្រតិបត្តិ​ការល្អ​រវាង​ឥណ្ឌា និង​​កម្ពុជា​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២​។ បញ្ហា​ចាប់ជំរិត ​និង​ឆបោក​តាម​អន​ឡាញ​បាន​ក្លាយជា​បញ្ហា​សង្គម​ដែល​បង្កឱ្យមាន​អស្ថិរភាព​សង្គម និង​បង្កើត​រូបភាព​មិនល្អ​ដល់​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​កម្ពុជា​គួរ​បន្ត​ពង្រីក​ការ​ផ្សព្វ​ផ្សាយ​អំពី​រូបភាព​និង​វិធីសាស្ត្រ​ឆបោក​ដល់​មហាជន​ហើយ​ឥណ្ឌា​គួរ​បង្កើន​ការ​ផ្តល់ជំនួយ​បច្ចេក​ទេស​និង​វគ្គ​ពង្រឹងសមត្ថភាព​ដ​ល់​មន្ត្រី​នគរបាលជាតិ​ក្នុងការ​កំណត់​គោលដៅ​បទល្មើស​បច្ចេកវិទ្យា និង​ដាក់ចេញ​នូវ​វិធានការ​ទប់​​ស្កាត់​និង​បង្ការ​ទាន់ពេលវេលា​»​។​

​លោក រ៉ូ វណ្ណៈ សហ​ស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការពង្រឹង​សមត្ថភាព​មន្ត្រី​កម្ពុជា​លើ​បញ្ហា​ចំណេះដឹង​បច្ចេកវិទ្យា​ដើម្បី​ប្រ​​យុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ជា​អំណាច​ទន់​ដែល​ឥណ្ឌា​ប្រើ​​ប្រាស់​ដើម្បី​ទទួលបាន​ផល​ប្រ​យោ​​ជន៍​សម្រាប់​ប្រទេស​ទាំង​ ២​។ នេះ​ជា​ផ្នែក​មួយ​នៃ​ការទូត​ស្រទន់​នៃ​ការអនុវត្ត​គោលនយោបាយ​មកកាន់​បូព៌ា​ទិស​ (Act East Policy)​ របស់​ឥណ្ឌា ដើម្បី​ឥទ្ធិពល​និង​ផលប្រយោជន៍​របស់ខ្លួន​។

​លោក​ថា​៖ «​ឥណ្ឌា​នឹង​ទទួល​បានការ​សាទរ ដោយសារតែ​ការប្រយុទ្ធប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ជា​រឿង​អាទិភាព​ដែល​រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការណ៍​ដើម្បី​កាត់​​បន្ថយ​និង​លុបបំបាត់​បទល្មើស​ទាំងនោះ​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ទទួលបាន​ការទុកចិត្ត​ពី​មហាជន ធុរជន និង​អ្នកទេសចរ​អន្តរជាតិ និង​ដើម្បី​ទាក់ទាញ​ការវិនិយោគ​បរទេស​មកកាន់​ប្រទេស​កម្ពុជា​»​។​

​លោក ​យង់ ពៅ ​អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ក៏បាន​គាំទ្រ​ចំពោះ​កិច្ចសហប្រតិបត្តិការ​នេះដែរ​ដោយ​លោក​លើកឡើងថា បញ្ហា​ឆបោក​តាម​អន​ឡាញ​កំពុងតែ​រីកដុះដាល ដែល​អាច​បំផ្លាញ​នូវ​សង្គម​កម្ពុជា និង​បំផ្លាញ​នូវ​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​ជា​មិត្ត​ជាមួយ​កម្ពុជា​និង​បំផ្លាញ​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។ «​មានន័យថា ប្រសិនបើ​មានការ​ឆបោក​តាម​អន​ឡាញ​ហ្នឹង​កើតឡើង នៅលើ​ទឹកដី​យើង គឺ​ត្រូវ​ទឹកដី​យើង​ហ្នឹង​ទៅជា​កន្លែង​ឆបោក​។​

​អ៊ីចឹង​គេ​ខ្លាចរអា​ទៅលើ​ការ​ឆបោក​ហ្នឹង​គេ​ពិបាក​នឹង​មក​កម្ពុជា​ទាំង​វិនិយោគ​ទាំង​ទេស​​ចរ​អ៊ីចឹង​។ នេះ​ជា​បញ្ហា​មួយ​ដែល​យើង​ត្រូវតែ​ទប់ស្កាត់​ហើយ​បាន​ប្រទេស​ឥណ្ឌា​ជួយ​កិច្ចការ​នេះ ពង្រឹង​កិច្ចការ​នេះ វា​ជា​កិច្ច​សហ​ប្រតិបត្តិ​ការល្អ​មួយទៀត​ទាំង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​និង​ប្រទេស​និង​ទាំង​ការពង្រឹង​សមត្ថភាព​ខាង​មន្ត្រី​របស់​យើង​ហ្នឹង​»​។​

​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​បានបញ្ជាក់​ប្រាប់​​ ភ្នំពេញ ​ប៉ុស្តិ៍​ថា រហូតមកដល់​ពេលនេះ ប្រទេស​ឥណ្ឌា​បាន​បណ្តុះបណ្តាល​មន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា​ជិត ​១០០ ​នាក់​ពាក់ព័ន្ធ​បច្ចេកវិទ្យា​ក្នុងការ​​ប្រយុទ្ធប្រឆាំង​បទល្មើស​តាម​បច្ចេកវិទ្យា​អន​ឡាញ​។ «​ប្រទេស​ឥណ្ឌា ​នឹង​បន្ត​បណ្តុះបណ្តាល​មន្ត្រីនគរបាល​កម្ពុជា និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេងទៀត​ពាក់ព័ន្ធ​ជំនាញ​បច្ចេកវិទ្យា​ក្នុងការ​ប្រយុទ្ធប្រឆាំង​បទល្មើស​តាម​បច្ចេកវិទ្យា​អន​ឡាញ ការប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​ជំនាញ​ផ្សេងទៀត តាមរយៈ​កម្មវិធី​កសាង​សមត្ថភាព​ដ៏​លេច​ធ្លោ​នៃ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេក​ទេស និង​សេដ្ឋកិច្ច​ឥណ្ឌា (ITEC) ​របស់​យើង​»​។​

​ក្នុងជំនួប​ជាមួយ​លោកស្រី ដេ​វី​យ៉ា​នី អ៊ុ​តាំ ខូ​ប្រា​ហ្គេ​ត ​(Devyani Uttam Khobragade)​ ឯក​អគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី ​១៨ ​ខែមករា​លោក ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​បានលើកឡើង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​នគរបាលជាតិ​កម្ពុ​ជា ក្នុងការ​ប្រឆាំង​ទប់ស្កាត់​បទល្មើស​លួច​ឆ្លងដែន​គ្រប់​ប្រភេទ​និង​បទ​ល្មើស​មានការ​ចាត់តាំង ជា​ពិ​សេស​បទល្មើស​ឆបោក​តាម​ប្រ​ព័ន្ធ​បច្ចេកវិទ្យា​អន​ឡាញ​។

លោក​បានស្នើ​ភាគី​ឥណ្ឌា​ពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើត​យន្តការ​ទំនាក់ទំនង​ផ្តល់ព័ត៌មាន​ទៅវិញទៅមក​ពាក់​ព័ន្ធ​មុខសញ្ញា​សង្ស័យ ឬ​ខ្សែរយៈ​បណ្តាញ​ឱ្យបាន​ទាន់ពេលវេលា និង​ច្បាស់លាស់​ដើម្បី​ធានា​ដល់​ការចាត់វិធានការ​បង្ក្រាប​ឱ្យមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។​

​ពាក់ព័ន្ធ​សំណើ​នេះ ស្ថានទូត​ឥណ្ឌា​បញ្ជាក់ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ទាំង​កម្ពុជា និង​ឥណ្ឌា គឺជា​ជនរងគ្រោះ​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អន​ឡាញ ហើយ​ប្រទេស​ទាំង​ ២ កំពុង​ស្វែងរក​យន្តការ​ដែល​អាច​សហកា​រ​គ្នា​តាមរយៈ​ការចែករំលែក​ព័ត៌មាន​អំពី​ភ្នាក់ងារ និង​ជនរងគ្រោះ​។​

​លោ​ក ស ថេត​ ក៏បាន​ស្នើ​ឥណ្ឌា លើកកម្ពស់​សមត្ថភាព​មន្ត្រី​នគរ​​បាល​ជាតិ​កម្ពុជា តាមរយៈ​ការផ្តល់​អាហារូបករណ៍​បញ្ជូនទៅ​បណ្តុះ​បណ្តាល​លើ​មុខជំនាញ​បច្ចេក​វិទ្យា​ដើម្បី​ឆ្លើយតប​ទៅនឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​។​

​ពាក់ព័ន្ធ​សំណើ​នេះ ស្ថានទូត​ឥណ្ឌា​ក៏បាន​បញ្ជាក់ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សំណើ​នេះ​គឺ​ស្ថិតនៅក្នុង​ជំហាន​ដំបូង​នៅឡើយ ហើយ​ប្រទេស​ទាំង​ ២ ​នឹង​ពិភាក្សា​ជាមួយគ្នា​ទៅលើ​វិធីសាស្ត្រ​ធ្វើយ៉ាងណា​ដើម្បីឱ្យ​ប្រទេស​ទាំង​២​អាច​ឆ្ពោះទៅមុខ​ក្នុង​រឿងនេះ​។ «​ការបណ្តុះ​​បណ្តាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ឆបោក​តាម​បច្ចេកវិទ្យា​អន​ឡាញ​គឺជា​រឿង​ចាំបាច់​ណាស់ ពីព្រោះ​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុងការ​ឆបោក​នេះ​ក៏​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ផងដែរ​។ ដូច្នេះ នគរបាល​ក៏ត្រូវ​ដើរ​ឱ្យទាន់​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ថ្មីៗ​ផងដែរ​»​។​

​កាលពី​ថ្ងៃទី​ ២៦ ខែមករា នា​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​បាន​បន្ត​បង្ហោះ​សារ​ក្រើនរំឭក​ដល់​សា​ធារ​ណ​ជន​ប្រើប្រាស់​បណ្តាញ​សង្គម​នានា កុំឱ្យ​ចុច​តំណ​ភ្ជាប់ ​(link) ទាំងឡាយណា​ដែល​មិនមាន​ប្រភព​ច្បាស់លាស់​ដើម្បី​ចៀសវាង​ការកើតឡើង​នូវ​ហានិភ័យ​ផ្សេងៗ ក្នុងនោះ​មាន​ដូច​ជា ទម្រង់ការ​ឆបោក​បញ្ឆោត តាមរយៈ​ការ​ឈ្នះ​រង្វាន់​ផ្សេងៗ និង​ចុច​តំណ​ភ្ជាប់ ហើយ​បំពេញ​ទិន្នន័យ​ផ្ទាល់ខ្លួន​។​

​កាលពី​ថ្ងៃទី​ ២៥ ​ខែមករា​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក៏បាន​បង្ហោះ​រំឭក​ផងដែរ អំពី​ការ​ឆបោក​បញ្ឆោត​តាមរយៈ​កូដ QR (QR PHISHING ឬ QUISHING) ហើយ​ថា វា​គឺជា​វិធីសាស្ត្រ​ក្នុងការ​វាយប្រហារ ឆបោក​បញ្ឆោត (Phishing) ដោយ​ប្រើប្រាស់ កូដ QR (Quick Response Code) ក្នុង​គោលបំណង​បញ្ឆោត​អ្នកប្រើប្រាស់​ឱ្យចូល​ទៅកាន់​គេហទំព័រ​ក្លែងក្លាយ ទាញយក​កម្មវិធី​ដែល​ផ្ទុកមេរោគ ឬ​ទិន្នន័យ ក្នុង​គោលបំណង​ទុច្ចរិត​និង​ក្លែង​បន្លំ​ខ្លួន​ជា​អ្នកទទួល​ប្រាក់​។​

​ដើម្បី​សុវត្ថិភាព​នាយកដ្ឋាន​បាន​ណែនាំ​សាធារណជន​ត្រូវ​ពិនិត្យ​មុននឹង​ស្កេ​ន​ដោយ​ផ្ទៀង​ផ្ទាត់​ប្រភព​ឱ្យបាន​ច្បាស់លាស់​និង​ពិនិត្យមើល​ពី​ភាពមិនប្រក្រតី​លើ​ការ​រចនា​កូដ ​QR​ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​តំណ​ភ្ជាប់​ក្លែងក្លាយ​ជាពិសេស​តាមរយៈ​ការប្រើប្រាស់ (Redirect Link និង Link Shortener) ក្នុង​គោលបំណង​បង្វែង​ទិសដៅ និង​តំណ​ភ្ជាប់​។ ​​នាយកដ្ឋាន​អំពាវនាវ​ដល់​សាធារណជន​ចែករំលែក​ចំណេះដឹង​នេះ​បន្ត​ដើម្បី​រួបរួមគ្នា​ការពារ​សុ​​វត្ថិ​ភាព​ឌីជីថល ​(digital) ឱ្យបាន​ប្រសើរ​ជាង​មុន​។​

​យោងតាម​របាយការណ៍​នាយក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ឱ្យដឹងថា កាលពី​ថ្ងៃទី​ ១៣ ​មករា ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ជា​សហចារី​ធ្វើ​សកម្មភាព​ទទួល​ប្រាក់​ឆបោក​ពី​ជនរងគ្រោះ​ជាច្រើន​នាក់ ក្រោយពី​ឃាត់ខ្លួន​បាន​ ១​ ថ្ងៃ​។ បទល្មើស​ឆបោក​ប្រាក់​នេះ​ធ្វើឡើង​ក្រោមរូបភាព​វិ​និ​យោគ ដែល​ផ្តល់​ផលចំណេញ​ច្រើន​ដោយ​ប្រើប្រាស់​បណ្តាញ ​Telegram និង​បង្ហូរ​ប្រាក់​តាម​គណនី​ធនាគារ​នៅ​កម្ពុជា​៕ លោក ស ថេត និង​លោក​ស្រី ដេវី យ៉ានី អ៊ុតាំ ខូប្រាហ្គេត​​​។

website_news/20240205_03.txt · Last modified: 2024/02/08 15:34 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki