អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្រាប់ឆ្នាំ ២០២៤ នេះ ជប៉ុន គ្រោងនឹងរៀបចំការប្រឡងតេស្តជ្រើសរើសពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនចំនួន ៤ ជំនាញ រួមមាន ៖ ជំនាញថែទាំមនុស្សចាស់ សម្អាតអគារ សំណង់ និងការងារនៅភោជនីយដ្ឋាន។លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៧ កុម្ភៈ នេះថា កម្ពុជា បានចាប់ផ្ដើមបញ្ជូនពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន ឆ្នាំ ២០១៩ ក្រោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងមានសមត្ថកិច្ចជប៉ុន។លោកបានបន្តថា ជារៀងរាល់ឆ្នាំ ភាគីជប៉ុន តែងតែរៀបចំការប្រឡងតេស្តជំនាញ និងភាសាសម្រាប់ការអនុវត្តគម្រោងបញ្ជូនពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន។ ជាផែនការសម្រាប់ឆ្នាំ ២០២៤ ភាគីជប៉ុន គ្រោងនឹងរៀបចំការប្រឡងតេស្តជ្រើសរើសពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន សម្រាប់ផ្នែកថែទាំមនុស្សចាស់ សម្អាតអគារ សំណង់ និងការងារនៅភោជនីយដ្ឋាន ទៅតាមពេលវេលា និងការជូនដំណឹងរបស់ភាគីជប៉ុនជាក់ស្ដែង។លោកបានបន្តទៀតថា ជាទូទៅ ពលករជំនាញផ្នែកសំណង់ជាមធ្យមទទួលបានប្រាក់ខែចំនួនចន្លោះ ១ ៥០០ ទៅ ១ ៦០០ ដុល្លារអាមេរិក ខណៈបច្ចុប្បន្ន មានពលករជំនាញកម្ពុជាផ្នែកសំណង់ចំនួនប្រមាណ ៣០០ នាក់ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន។ ក្រៅពីពលករជំនាញផ្នែកសំណង់ មានពលករជំនាញផ្នែកផ្សេងទៀត ដែលត្រូវបានបញ្ជូនទៅធ្វើការនៅប្រទេសជប៉ុន ដូចជាផ្នែកថែទាំមនុស្សចាស់, សំអាតអគារ, ផលិតគ្រឿងបន្លាស់, ផលិតគ្រឿងម៉ាស៊ីន, ផលិតគ្រឿងអគ្គិសនី និងអេឡិចត្រូនិក, ផលិតនាវា, ជួសជុល និងដំឡើងរថយន្ត, រៀបចំបន្ទប់ស្នាក់នៅ, កសិកម្ម, ផលិតអាហារ និងភេសជ្ជៈ និងការងារនៅភោជនីយដ្ឋាន។ លោកបានបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៣ មានពលករកម្ពុជា ជាកម្មសិក្សាការី និងពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន មានចំនួនជាង ២០ ០០០ នាក់ ហើយជាគោលដៅនៅថ្ងៃខាងមុខ កម្ពុជា គ្រោងនឹងជំរុញការបណ្ដុះបណ្ដាលជំនាញស្របនឹងតម្រូវការទីផ្សារជប៉ុន និងបង្កើនការបញ្ជូនពលករជំនាញទៅប្រទេសជប៉ុនឱ្យបានច្រើនជាងនេះ ដើម្បីទទួលយកជំនាញសំខាន់ៗ មកអភិវឌ្ឍន៍ប្រទេសកម្ពុជា នៅពេលពលករធ្វើមាតុភូមិនិវត្តន៍៕