website_news:20240207_02

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន ពលករ​កម្ពុជា កំពុង​ធ្វើការ និង​រស់នៅ​ប្រទេស​ថៃ មាន​ប្រមាណ​ជាង ១ លាន ២ សែន​នាក់ ដោយ​បាន​ផ្ញើ​ថវិកា​មក​ក្រុម​គ្រួសារ​វិញ ប្រមាណ​ជាង ២ ពាន់​លាន​ដុល្លារ ក្នុង ១ ឆ្នាំ ដែល​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន។ លោក កត្តា អ៊ន បាន​បន្ត​ថា គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ ២០២៣ កម្ពុជា បាន​ផ្តល់​ឱកាស​ការងារ​នៅ​ក្រៅ​ប្រទេស​ជូន​ប្រជាពលរដ្ឋ​ចំនួន ១ ៣៥៦ ៦១៦ នាក់ ស្រី​ចំនួន ៥៥២ ៨៥១ នាក់ ក្នុង​នោះ​រួមមាន ប្រទេស​ថៃ មាន​ចំនួន ១ ២៦២ ១៧៥ នាក់ ស្រី ៥០៨ ៦៤៦ នាក់ មធ្យម​ទទួល​បាន​ប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ។ បន្ទាប់មក សាធារណរដ្ឋ​កូរ៉េ មាន​ចំនួន ៥០ ៩៧០ នាក់ ស្រី ១២ ៥៣៨ នាក់ ទទួល​បាន​ប្រាក់ខែ ១៥០០ ដុល្លារ ក្នុង ១ ខែ ប្រទេស​ជប៉ុន មាន​ចំនួន ២០ ០៥៦ នាក់ ស្រី ៩ ១៥៥ នាក់ ទទួល​បាន​ប្រាក់ខែ ១៤០០ ដុល្លារ ១ ខែ ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន ២២ ២៦២ នាក់ ស្រី ២១ ៣៥៩ នាក់ ទទួល​បាន​ប្រាក់ខែ ៣៤០ ដុល្លារ ១ ខែ ប្រទេស​សិង្ហបុរី មាន​ចំនួន ៨៧១ នាក់ ស្រី ៨៧១ នាក់ ទទួល​បាន​ប្រាក់ខែ ៥០០ ដុល្លារ ១ ខែ តំបន់​រដ្ឋបាល​ពិសេស​ហុងកុង មាន​ចំនួន ២១៨ នាក់ ស្រី ២១៨ នាក់ ទទួល​បាន​ប្រាក់ខែ ៥៩១ ដុល្លារ ១ ខែ និង​ព្រះរាជាណាចក្រ​អារ៉ាប់​ប៊ី​សា​អូឌីត មាន​ចំនួន ៦៤ នាក់ ស្រី ៦៤ នាក់ ទទួល​បាន​ប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ។ លោក​បាន​បន្ត​ទៀត​ថា ពលករ​ទាំងអស់ ទទួល​បាន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ តាម​ច្បាប់ នៃ​ប្រទេស​ទទួល​នីមួយៗ រួម​ទាំង​ប្រាក់ឈ្នួល និង​របប​សន្តិសុខ​សង្គម និង​បាន​ផ្ញើ​ប្រាក់​មក​គ្រួសារ​ពី​គ្រប់​ប្រទេស​ជា​មធ្យម មាន​ប្រមាណ​ជិត ៣ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង ១ ឆ្នាំ។ គួរ​បញ្ជាក់​ថា ថ្ងៃ​ទី ០៧ ខែ​កុម្ភៈ ឆ្នាំ ២០២៤ នេះ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ថៃ៕

website_news/20240207_02.txt · Last modified: 2024/02/08 15:50 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki