website_news:20240207_03

នៅ​ឆ្នាំ​២​០​២​៣​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ ​អំពើ​ធ្វើអាជីវកម្ម​ផ្លូវ​ភេទ​ ​និង​ការ​រំលោភបំពាន​ផ្លូវ​ភេទ​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​នានា​ ​រួម​ទាំង​ពលករ​និរទេស​ពី​ប្រទេស​ថៃ​ប្រមាណ​ជាង​ ​១​៦​ ​០​០​០​នាក់​។​

​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២​០​២​៣​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​​២០២៤​ ​របស់​​​ក្រសួងសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នី​ត​សម្បទា​ ​បាន​បង្ហាញ​ថា​ ​ក្រសួង​សង្គមកិច្ច​បាន​ទទួល​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​ដែល​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ចំនួន​៣​៤​២​នាក់​ពី​ប្រទេស​នានា​។​ ​ជនរងគ្រោះ​ទាំង​៣​៤​២​នាក់​ត្រូវ​បាន​ក្រសួង​សង្គមកិច្ច​បញ្ជូន​ទៅ​ស្ដារ​នីតិសម្បទា​នៅ​តាម​បណ្ដា​មណ្ឌល​អង្គការ​ ​និង​បាន​ធ្វើ​សមាហរណ​កម្ម​ទៅ​កាន់​គ្រួសារ​និង​សហគមន៍​ពួក​គេ​វិញ​។​ របាយការណ៍​បន្ថែម​ថា​ ​ក្រសួង​បាន​ទទួល​ពលករ​ខ្មែរ​ ​១​៦​ ​៣​៤​៩​នាក់​ដែល​ត្រូវ​បាន​ប្រទេស​ថៃ​មក​កម្ពុជា​។​នៅ​ក្នុង​នោះ​មាន​ជាង​ ​១​ ​៤​០​០​នាក់​ជា​កុមារា​និង​កុមារី​។​ ​ពលរដ្ឋ​ខ្មែរ​១​៣​៦​នាក់​ក្នុង​ចំណោម​ពួក​គេ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​រក​មុខ​សញ្ញា​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​ ​ហើយ​បញ្ជូន​ទៅ​ទទួល​សេវា​បន្ត​នៅ​អង្គការ​ដៃគូ​រ​ ​ក៏ដូចជា​ធ្វើ​សមាហរណ​កម្ម​ទៅ​កាន់​សហគមន៍​ពួក​គេ​វិញ​។​

​របាយការណ៍​បន្ថែម​ថា​ ​កំលុង​ពេល​ជាមួយ​គ្នា​នោះ​ ​ក្រសួង​សង្គមកិច្ច​ក​៏បាន​បញ្ជូន​ជន​រងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ ​អំពើ​ធ្វើអាជីវកម្ម​ផ្លូវ​ភេទ​ ​និង​ការ​រំលោភបំពាន​ផ្លូវ​ភេទ​ចំនួន​៦​៣​នាក់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ដើម​កំណើត​ពួកគេ​វិញ​ដែរ​។​

​តាម​របាយការណ៍​ដដែល​ ​ប្រទេស​ថៃ​បាន​ផ្ដល់​ជំនួយ​សាងសង់​មជ្ឈមណ្ឌល​សំចត​និង​ស្ដារ​នីតិសម្បទា​ជនរងគ្រោះ​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​រួចរាល់​ ​ដែល​វា​អាច​មាន​លទ្ធភាព​ទទួល​ពលករ​ចំណាកស្រុក​និង​ជនរងគ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ស្នាក់​នៅ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​រាប់ពាន់​នាក់​ក្នុង​មួយឆ្នាំៗ​។​

​នៅ​ក្នុង​ពិធី​បិត​សន្និបាត​​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២​០​២​៣​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២​០​២​៤​របស់​​​ក្រសួងសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នី​ត​សម្បទា​ពីម្សិលមិញ​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ថ្លែង​ថា​ ​ការ​សេព​គ្រឿង​ញៀន​ ​អំពើ​ជួញ​ដូរ​មនុស្ស​ ​បញ្ហា​ជរាភាព​ ​ពិការភាព​ ​និង​អំពើ​ហិង្សា​រ​ក្នុង​គ្រួសារ​ ​គឺ​សុទ្ធតែ​ជា​កង្វល់​ដែល​រដ្ឋាភិបាល​ត្រូវតែ​ត​យកចិត្តទុកដាក់​និង​ដោះស្រាយ​ ​ដើម្បី​លើកស្ទួយជីវភាព​និង​សុខុមាលភាព​របស់​ប្រជាជន​។​

​លោកស្រី​ ជូ ​ប៊ុន​អេង​ ​អនុប្រធាន​អ​ចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំ​ង​អំពើ​ជួញ​ដូរ​មនុស្ស​​បាន​លើក​ឡើង​ថា​ ​ប្រទេស​ដែល​បញ្ជូន​ពួក​គេ​ត្រឡប់មក​កម្ពុជា​បាន​កំណត់​អ្នក​ទាំង​នោះ​ជា​ជនរងគ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ឬ​រងគ្រោះ​ដោយ​រូបភាព​ផ្សេងៗ​ ​ហើយ​ក្រសួង​សង្គមកិច្ច​មាន​ភារកិច្ច​ផ្ដល់​សេវា​គាំពារ​ផ្សេងៗ​ដល់​ពួកគេ​។​

​លោកស្រី​ថា​ ​ពេល​ពួកគេ​ត្រឡប់មក​ប្រទេស​វិញ​ ​អាជ្ញាធរ​ជំនាញ​បាន​សន្មត​ពួកគេ​ជា​ជនរងគ្រោះ​ដោយសារតែ​ការ​ចង់​ផ្ដល់​សេវា​គាំពារ​ដល់​ពួកគេ​ដើម្បី​ដំណើរ​នីតិវិធី​តុលាការ​ ​ប៉ុន្តែ​ពេលខ្លះ​ដោយសារតែ​ពួកគេ​មិន​សហការ​ជាមួយ​អាជ្ញាធរ​ជំនាញ​ ​ដែល​ជា​ការ​ពិបាក​ផ្ដល់​កិច្ចការ​គាំពារ​ពួក​គេ​ ​ដើម្បី​ឈាន​ដល់​ការ​ប្ដឹង​ជន​ល្មើស​។​ ​នេះ​ជា​ភាព​ប្រឈម​មួយ​សម្រាប់​កិច្ចការ​ផ្ដល់​កិច្ច​គាំពារ​ផ្នែក​ផ្លូវច្បាប់​។​

​លោកស្រី​បាន​និយាយ​បន្ត​ទៀត​​ថា​៖​ ​«​អ្នកណា​ក៏​អាច​អះអាង​ថា​ខ្លួន​ជា​ជនរងគ្រោះ​បាន​ដែរ​ ​ប៉ុន្តែ​គេ​ត្រូវការ​ភស្ដុតាង​ជាក់លាក់​ ​ឬ​ត្រូវ​ការស៊ើបអង្កេត​បន្ត​ ​ដើម្បី​រក​ឱ្យ​ឃើញ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ ​ដើម្បី​ផ្ដន្ទាទោស​ឬ​ផ្ដល់​សំណង​ដល់​ពួកគាត់​»​។​

​លោកស្រី​បញ្ជាក់​ថា​ ​ការ​សន្មត​ពួក​គេ​ជា​ជន​រងគ្រោះ​ដោយ​គ្មាន​ការកំណត់​អត្តសញ្ញាណ​ច្បាស់លាស់​ការបាន​ធ្វើ​ឱ្យ​ទិន្នន័យ​ជន​រងគ្រោះ​នៅ​កម្ពុជា​មាន​ការ​ប៉ោង​ឡើង​។​

​លោកស្រី​លើក​ឧទាហរណ៍​ថា​ ​នៅ​ប្រទេស​ថៃ​បាន​រក​ឃើញ​អំពើ​ជួញ​ដូរ​មនុស្ស​ត្រឹម​តែ​១​២​ករណី​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​ ​ប៉ុន្តែ​សម្រាប់​កម្ពុជា​ ​ទោះបីជា​កម្ពុជា​រក​ឃើញ​ជនរ​ងគ្រោះ​រាប់​រយ​នាក់​ក៏​គេ​មិន​ទទួល​ស្គាល់​ថា​កម្ពុជា​ធ្វើ​កិច្ចការ​នេះ​បាន​ល្អ​ដែរ​។​ ​ដូច្នេះ​លោកស្រី​ចង់​ឱ្យ​កិច្ចការ​កំណត់​អត្តសញ្ញាណ​មាន​សុក្រឹតភាព​ចំពោះ​ជនរងគ្រោះ​។​

​លោកស្រី​បន្ថែម​ថា​៖​ ​«​យើង​ពិបាក​បដិសេធ​ចំនួន​ជនរងគ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​មាន​តិច​ឬ​ច្រើន​ ​ដោយសារតែ​ដំណើរការ​នីតិវិធី​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​មិនទាន់​បាន​បញ្ចប់»៕ កម្មករ​ចំណាក​ស្រុក​ត្រឡប់​មក​កាន់​ស្រុក​​វិញ​ក្រោយ​ចេញ​ពី​ប្រ​ទេស​ថៃ​។ រូប​ភាព ខែ្មរ​ថាមស៍

website_news/20240207_03.txt · Last modified: 2024/02/08 15:55 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki