website_news:20240207_05

(មែលប៊ន-អូស្ត្រាលី)៖ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នឹងធ្វើឡើងនៅថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នៅប្រទេសអូស្ត្រាលី។ នេះបើតាមលោក គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ។

គេហទំព័ររបស់រដ្ឋាភិបាលអូស្ត្រាលី បានឲ្យដឹងថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នឹងធ្វើឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥០ តាំងពីអូស្ត្រាលី បានក្លាយជាដៃគូសន្ទនារបស់អាស៊ាន មុនគេបង្អស់ កាលពីឆ្នាំ១៩៧៤។ មេដឹកនាំទីម័រខាងកើត (Timor-Leste) ក៏នឹងចូលរួមជាលើកដំបូង តាំងពីបានក្លាយជាសមាជិកសង្កេតការណ៍របស់អាស៊ាន នៅឆ្នាំ២០២២ ពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន។

ប្រភពដដែល បានបញ្ជាក់យ៉ាងដូច្នេះថា «នៅខែមីនា ឆ្នាំ២០២៤ លោក Anthony Albanese សមាជិកសភា និងជានាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងដឹកនាំកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៥០ ចាប់តាំងពីអូស្ត្រាលី បានក្លាយជាដៃគូសន្ទនាមុនគេបង្អស់ របស់អាស៊ាន។ នេះក៏ជាលើកទី២ ដែលអូស្ត្រាលីនឹងធ្វើជាម្ចាស់ផ្ទះ ទទួលមេដឹកនាំអាស៊ាន ខណៈមេដឹកនាំទីម័រខាងកើត នឹងមានវត្តមានផងដែរ»។

គួររំឭកថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធត្រូវបានរៀបចំឡើង ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នារាជធានីភ្នំពេញ ដែលកម្ពុជា ជាប្រធានអាស៊ានប្ដូរវេន ព្រមទាំងអគ្គលេខាធិការអាស៊ាន និងសមាជិកអាស៊ានចំនួន៩ទៀត បានសម្រេចឱ្យប្រទេសទីម័រឡេស្ដេ ក្លាយជាអ្នកសង្កេតការណ៍សិន មុនក្លាយជាសមាជិកអាស៊ានទី១១ ពេញសិទ្ធិក្នុងពេលខាងមុខ។

ទីម័រឡេស្តេ បានស្នើសុំចូលជាសមាជិកអាស៊ានតាំងពីឆ្នាំ២០១១មកម្ល៉េះ ពោលគឺមានរយៈពេល១១ឆ្នាំមកហើយ ទើបតែនៅឆ្នាំ២០២២ទេ ដែលប្រទេសទីម័រខាងកើត ហាក់ជិតសម្រេចគោលបំណងរបស់ខ្លួន ក្រោមអាណត្តិដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន។

ប្រទេសទីម័រខាងកើត គឺជាប្រទេសស្ថិតនៅលើកោះធំមួយ ដែលគេធ្លាប់ហៅឈ្មោះថា «កោះទីម័រ»។ ប្រទេសថ្មីនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០២ ក្រោយពេលទទួលបានឯករាជ្យ ពីប្រទេសឥណ្ឌូណេស៉ី ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ (Democratic Republic of Timor-Leste) ពេលនោះហើយដែលដែនដីមួយផ្នែកទៀតនៃកោះទីម័រ ត្រូវបានប្ដូរទៅជាទីម័រខាងលិច ដែលបន្តស្ថិតក្រោមការគ្រប់គ្រងរបស់ឥណ្ឌូណេស៉ីដដែល។ ប្រទេសទីម័រឡេស្ដេ មានផ្ទៃដីសរុប ១៤,៨៧៤គីឡូម៉ែត្រក្រឡា ដែលមានរដ្ឋធានីឈ្មោះ ឌីលី (Dili) និងមានប្រជាជនប្រមាណ ១,៣៤០,៥០០នាក់ គិតត្រឹមនៅឆ្នាំ២០២១។

គួរជម្រាបដែរថា គិតមកដល់ពេលនេះ អាស៊ានមានដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (Comprehensive Strategic Partnership) និងដៃគូសន្ទនា (Dialogue Partnership) ចំនួន ១១ប្រទេស។ ក្នុងនោះ ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មានចំនួន៥ រួមមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក និងដៃគូសន្ទនា មានចំនួន៦ រួមមាន កាណាដា សហភាពអឺរ៉ុប នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) សហព័ន្ធរុស្ស៊ី និងចក្រភពអង់គ្លេស៕

website_news/20240207_05.txt · Last modified: 2024/02/13 11:06 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki