website_news:20240208_03

រាជធានីភ្នំពេញ ÷ បងប្អូនស្ត្រី យុវតី និងក្មេងស្រីទាំងឡាយ ពេលជួបគ្រោះអាសន្នក្នុងការរំលោភបំពាន ជិះជាន់ គាបសង្កត់ ជាពិសេសរងនូវអំពើអយុត្តិធម៌ ពីភាគីណាមួយ សូមស្វែងរកអ្នកការពារផ្លូវច្បាប់ពីគណៈមេធាវីកម្ពុជា ព្រោះថាស្ថាប័ននេះបានចុះអនុស្សរណៈផ្តល់សេវាការពារក្តីដល់ស្ត្រី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សា ឬអំពើរំលោភបំពានណាមួយ និងការអប់រំច្បាប់។ អនុស្សរណៈចូលរួមការពារស្ត្រី និងក្មេងស្រី ត្រូវបានធ្វើឡើងរវាងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការផ្តល់សេវាការពារក្តីដល់ស្ត្រីនិងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សា និងការអប់រំច្បាប់។ ពិធីចុះអនុស្សរណៈយោគយល់ ធ្វើឡើងដោយ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីស្ត្រី នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។ យោងតាមខ្លឹមសារនៃអនុស្សរណៈនេះ បានបង្ហាញថា កិច្ចសហការ រវាងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នេះ ជាការបន្តអនុវត្តតាមស្មារតីនៃអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសទី១ នៃ ក.ជ.ក.ស ក្នុងគោលដៅរួមចំណែកពង្រឹងការអនុវត្តច្បាប់ និងពន្លឿនដំណើរការកាត់ក្ដីទាន់ពេលវេលា ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី, ជាការគាំទ្រការអនុវត្តច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ, ជាការឆ្លើយតបទៅនឹងការអនុវត្តអនុសញ្ញា CEDAW នៃអង្គការសហប្រជាជាតិ។ កិច្ចសហការនេះ ក៏ជាការអនុវត្ត និងចូលរួមដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មុំទី៤ នៃស្នូលរបស់យុទ្ធសាស្ត្រ សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ដែលបានប្រកាសដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕

website_news/20240208_03.txt · Last modified: 2024/02/13 11:50 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki