website_news:20240208_06

ការផ្អាក​ដែល​កំណត់ដោយ​រដ្ឋាភិបាល​ហ្វីលីពីន​ លើ​ការបញ្ជូន​ពលករ​រប​ស់​​ប្រទេស​​នេះ​​ ទៅ​កាន់​​ប្រទេស​កូរ៉េខាងត្បូង ​បានធ្វើឱ្យ​ផែនការ​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ​ក្នុងការ​នាំយក​ពលករ​បរទេស​មក​ធ្វើការ​វិញ​​​ជាប់​គាំង ស្រប​ពេលដែល​​​​ធ្វើ​ឱ្យ​កសិដ្ឋាន​ក្នុងស្រុក​មួយចំនួន​មាន​កង្វះខាត​​កម្លាំង​កម្មករ​ដោយសារ​​កសិដ្ឋាន​​ខ្លះ​​មាន​​កម្មករ​មកពី​ប្រទេស​ហ្វីលីពីន​តិច​​​​ជាង​ឆ្នាំមុន។

THE KOREA HERALD បាន​រាយការណ៍​ថារដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយ​​នៅក្នុង​ឆ្នាំ២០២៣​​ថា ខ្លួន​នឹង​នាំយក​ជនជាតិ​ហ្វីលីពីន​ប្រហែល១០០​នាក់មក​ធ្វើការ​ជា​អ្នកជំនួយ​តាម​ផ្ទះ​ក្នុងអំឡុង​ឆមាស​ទី​២​នៃ​ឆ្នាំ២០២៣​នៅ​ក្នុង​កម្មវិធី​​សាកល្បង​​មួយ​​ដើម្បី​ដោះស្រាយ​កង្វះខាត​​កម្លាំង​មនុស្ស​ដែលមាន​ឆន្ទៈ​ធ្វើការ​ជា​អ្នក​បម្រើ​​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង។ ទោះជា​យ៉ាងណាក៏ដោយ ផែនការ​នេះ​ត្រូវបាន​ពន្យារ​ពេល​វិញ​​​ ដោយសារ​ការអនុញ្ញាត​ត្រូវបាន​រារាំង​ដោយ​រដ្ឋាភិបាល​ហ្វីលីពីន។

ផ្ទុយទៅវិញ រដ្ឋាភិបាល​ទីក្រុង​បាន​និយាយថា ឥឡូវនេះ ខ្លួន​មានបំណង​នាំយក​ជនជាតិ​ហ្វីលីពីន​​ចំនួន ១០០នាក់​​នៅ​ក្នុង​ឆមាស​ទី១ ​នៃ​ឆ្នាំ​២០២៤​នេះ​វិញ​​។

The Korea Herald ​បាន​ដកស្រង់​សម្តី​ម្នាក់​​​​ក្នុ​ង​លក្ខខណ្ឌ​មិន​បញ្ចេញឈ្មោះ​បាន​​​និយាយថា៖​«និយាយ​ឲ្យ​ស្មោះត្រង់​ យើង​នៅ​មិនទាន់​ដឹងថា តើ​យើង​នឹង​អាច​នាំ​ពួកគេ​នៅ​ឆមាស​ទី១​នៃ​ឆ្នាំនេះ​ឬ​យ៉ាងណា​នោះទេ។ នេះ​គឺ​ដោយសារតែ​រដ្ឋាភិបាល​ហ្វីលីពីន​ត្រូវតែ​ផ្តល់​ការអនុញ្ញាត ហើយ​​ការពិភាក្សា​បន្ថែមទៀត​ត្រូវតែ​ធ្វើ​ឡើងលើ​បញ្ហា​ជាក់លាក់​ដូចជា​ប្រាក់​ឈ្នួល»។

ទីក្រុង​ម៉ានីល​បានលើកឡើង​ពី​ការកើនឡើង​នៃ​ការរំលោភ​សិទ្ធិមនុស្ស​​ដែល​ប្រជាជន​ហ្វីលីពីន​បាន​​ជួបប្រទះ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ថា​ជាហេតុ​ផល​ដែល​ខ្លួន​ផ្អាក​ការ​​​នាំ​យក​​​កម្មករ​ទៅ​បម្រើ​ការងារ​។

យោងតាម​របាយការណ៍​ក្នុងស្រុក នាយកដ្ឋាន​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​របស់​ប្រទេស​ហ្វីលីពីន​បាន​ទទួល​​ពាក្យបណ្តឹង​ជាច្រើន​ពី​ពលករ​ហ្វីលីពីន​នៅក្រៅ​ប្រទេស​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។​ ពាក្យបណ្តឹង​មាន​ចាប់ពី​លក្ខខណ្ឌ​ការងារ​ដែល​មិនមាន​សុវត្ថិភាព និង​ការ​បើក​ប្រាក់​​ឈ្នួល​​ទាប រហូតដល់​ការងារ​លើស​ទម្ងន់ និង​សូម្បីតែ​ការស្លាប់​របស់​កម្មករ​ទៀតផង​។

ជា​ឧទាហរណ៍ នៅ​ថ្ងៃទី៩​ខែមករា កម្មករ​ធ្វើ​ការ​នៅ​​កសិដ្ឋាន​តាម​រដូវ​​កាល​២​នាក់​មកពី​ប្រទេស​ហ្វីលីពីន​ដែល​ធ្វើការ​នៅ Haenamខេត្ត South Jeollaបានដាក់​ពាក្យ​ប្តឹង​មេខ្យល់​ជន​ជាតិ​កូរ៉េ​ម្នាក់​ដែលមាន​ឈ្មោះថា Hong ជាមួយ​ភ្នាក់ងារ​ប៉ូលិស​ខេត្ត South Jeollaសម្រាប់​ការជួញដូរ​មនុស្ស។ ​វា​ត្រូវ​បាន​គេ​ដឹងថា ឈ្មួញកណ្តាល​បាន​គ្រប់គ្រង​គណនី​ធនាគារ​របស់​កម្មករ​ហ្វីលីពីន ហើយ​បាន​ដក​ប្រាក់​រាប់លាន​វ៉ុ​ន​ពី​ពួកគេ ក្រោម​ហេតុផល​នៃ​ថ្លៃ​ឈ្មួញកណ្តាល រួមជាមួយ​នឹង​ថ្លៃ​ស្នាក់​នៅ និង​ដកហូត​លិខិតឆ្លងដែន​របស់​ពួកគេ​ទៀត​ផង​​។

រដ្ឋាភិបាល​កូរ៉េខាងត្បូង​ផ្តល់​ទិដ្ឋាការ​ការងារ​ដល់ក​ម្មក​រ​តាម​រដូវ​បរទេស​មកពី​ប្រទេស​ចំនួន១១​សម្រាប់​រយៈពេល​ពី៥​ទៅ៨​ខែ​ក្នុង​១​លើក ដោយសារ​កង្វះ​កម្លាំង​ពលកម្ម​នៅក្នុង​វិស័យ​កសិកម្ម និង​នេសាទ​របស់​ប្រទេសកូរ៉េ​ខាង​ត្បូង​​។

យោងតាម​ក្រសួងយុត្តិធម៌ មាន​ពលករ​បរទេស​តាម​រដូវ​ចំនួន ៣៦១២​នាក់​ក្នុង​ឆ្នាំ២០១៩ ដែល​​តួលេខ​នេះ​កើនឡើង​ជាង៥​ដង ដល់​១៩៧១៨​នាក់ ក្នុង​ឆ្នាំ២០២២​។ ក្រសួង​បាន​នាំយក​​កម្មករ​កសិកម្ម និង​នេសាទ​តាម​រដូវ​ចំនួន២៦ ៧៨៨​​នាក់​ តាមរយៈ​ទិដ្ឋាការ​បែបនេះ​នៅ​ក្នុង​ឆមាស​ទី១​នៃ​ឆ្នាំ២០២៣​។

យោងតាម​រដ្ឋាភិបាល​ក្នុង​តំបន់ កម្មករ​តាម​រដូវ​​កាល​មកពី​ប្រទេស​ហ្វីលីពីន​ មាន​ចំនួន​ជាង ២០​ភាគរយ​នៃ​កម្មករ​តាម​រដូវ​ទាំងអស់​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង។ ចន្លោះ​ឆ្នាំ២០១៨ និង ២០២២​ ក្នុងចំណោម​ប្រទេស​ទាំង១១​ ដែល​​ជា​ប្រទេស​​កំណើត​សម្រាប់​ពលករ​បែបនេះ ប្រទេស​ហ្វីលីពីន​បាន​បញ្ជូន​មនុស្ស​ចំនួន៤ ៩៧៣​ នាក់ ដែលជា​​ចំនួន​ច្រើនជាងគេ។

ដូច្នេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង និង​រដ្ឋាភិបាល​​តាម​​តំបន់​​នៅ​ក្នុង​ប្រទេស​​កំពុង​ព្យាយាម​បញ្ចុះ​បញ្ចូល​​រដ្ឋាភិបាល​ហ្វីលីពីន​ឱ្យ​បន្ត​ការបញ្ជូន​ពលករ​ឡើងវិញ។ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ច្បាស់​ថា តើ​​វា​នឹង​កើតឡើង​នៅពេលណា​នោះទេ បើតាម​មន្ត្រី​ដែល​ដឹង​អំពី​បញ្ហា​នេះ។

រដ្ឋាភិបាល​ក្នុង​តំបន់​មួយចំនួន​បាន​ឆ្លើយតប​ដោយ​ការនាំយក​កម្មករ​តាម​រដូវ​កាល​​ពី​ប្រទេសផ្សេង។ ជា​ឧទាហរណ៍ តំបន់ Wanjuខេត្ត North Jeollaបាន​នាំ​ពលករ​តាម​រដូវ​ពី​ម៉ុង​ហ្គោ​លី ថៃ និង​កម្ពុជា​​ក្នុង​ឆ្នាំ២០២៤​៕​ ពលករធ្វើការនៅក្នុងកសិដ្ឋាន នៅក្នុងប្រទេសកូរ៉េខាងត្បួង។ AFP

website_news/20240208_06.txt · Last modified: 2024/02/13 12:25 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki