website_news:20240210_02

កម្ពុជា​ និង​ម៉ាឡេស៊ី បាន​ឯកភាពគ្នា ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​ស្វែងរក​កិច្ចសហការ​ក្នុង​វិស័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខណៈដែល​មាន​ពលករ​កម្ពុ​ជាជាង ២ ម៉ឺន​នាក់ បាននិងកំពុង​បំពេញការងារ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។

ការឯកភាព​គ្នា​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក Datuk Eldeen Husaini Mohd Hashim (​ដា​ទុក អេ​ល​ឌី​ន ហ៊ូ​សៃ​នី ម៉ូ​ហាំ​ម៉ាត់ ហា​ស្ស៊ី​ម​) ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​ ៩ ខែកុម្ភៈ ឆ្នាំ​ ២០២៤ នៅ​ទីស្តីការក្រសួង​ការងារ​។

ក្នុងជំនួប​នោះ ភាគី​ទាំង ២ បាន​ពិភាក្សា​ដើម្បី​ស្វែងរក​លទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​ថ្មី​បន្ថែម​លើ​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​យុវជន និង​ការបណ្តុះបណ្តាល​រយៈពេល​ខ្លី​សម្រាប់​មន្ត្រីរាជការ​តាមរយៈ​កម្មវិធី MICT​។ ភាគី​ទាំង ២ ក៏បាន​ឯកភាពគ្នា​ខិតខំ​ពង្រឹង និង​ពង្រីក​លើ​កិច្ចសហការ​ដែលមាន​ស្រាប់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ជំរុញ​កិច្ចសហការ​ថ្មីៗ​ដើម្បី​ជា​ប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​នៃ​ប្រជាជាតិ​ទាំង ២ ដែលជា​ការ​ពូន​ជ្រំ​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​ឱ្យ​កាន់តែ​ស្អិតល្មួត​បន្ថែមទៀត​។ នេះ​បើតាម​តេ​ឡេ​ក្រាម​របស់​ក្រសួង​ការងារ​។

ក្នុងជំនួប​នោះ​លោក ហេង សួរ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ដែលជា​មិត្ត​ក្នុង​តំបន់​ចំពោះ​ការយកចិត្តទុកដាក់​ដ​ល់​ប្រជាជន​កម្ពុជា​ដែល​កំពុង​រស់នៅ សិក្សា និង​បម្រើ​ការងារ​នៅ​ម៉ាឡេស៊ី​ដោយ​គ្មាន​ការរើសអើង​ក្នុងខណៈដែល​ប្រទេស​ទាំងពីរ​មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​លើ​វិស័យ​ការងារ​។

គួររំឭកថា ក្នុងឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​សម្រាប់​ទេ​សន្តរ​ប្រវេ​សករ​ឆ្នាំ​ ២០២៣ ក្រោម​មូលបទ «​ជំរុញ​ការធ្វើ​ទេសន្តរប្រវេសន៍​ការងារ​ដោយ​ស្របច្បាប់ តាមរយៈ​អភិបាលកិច្ច ការអភិវឌ្ឍ​ជំនាញ និង​ការទទួលស្គាល់​ជំនាញ​សម្រាប់​ទេ​សន្តរ​ប្រវេ​សករ​កម្ពុជា​» កាលពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០២៣​ កន្លងទៅ លោក​រដ្ឋ​ម​ន្រី្ត ហេង សួរ បាន​សង្កត់ធ្ងន់​លើ​៣​ចំណុច​សំខាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលករ និង​ការលើកកម្ពស់​សម្ថ​ភាព និង​សិទ្ធិសេរីភាព​របស់​ពល​ករ​ទេសន្តរប្រវេសន៍​របស់​កម្ពុជា​។

៣ ​ចំណុច​សំខាន់ ដែល​លោក​រដ្ឋមន្ត្រី បានលើកឡើង​នោះ រួមមាន​ទី​១ ការបង្កើន​ការយល់ដឹង​អំពី​ការរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​បញ្ហា​ប្រឈម​របស់​ពលករ ការអភិវឌ្ឍ និង​ការទទួលស្គាល់​ជំនាញ និង​ការ​ផ្តល់ជំនួយ​ផ្លូវច្បាប់​ជូន​ដល់​ទេ​សន្តរ​ប្រវេ​សករ​។ ទី​២ ការសម្របសម្រួល​កិច្ចសន្ទនា អំពី​គោលនយោបាយ​ប្រកបដោយ​អត្ថន័យ រវាង​អ្នកបង្កើត​គោលនយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​អន្តរជាតិ និង​អ្នកពាក់ព័ន្ធ ដើម្បី​ឆ្លើយតប​ឱ្យ​កាន់តែ​ប្រសើរឡើង អំពី​តម្រូវការ និង​ដំណោះស្រាយ ការអភិវឌ្ឍ និង​ការទទួលស្គាល់​ជំនាញ និង​ការ​ផ្តល់ជំនួយ​ផ្លូវច្បាប់​ដល់​ទេ​សន្តរ​ប្រវេ​សករ​។ ទី​៣ ការផ្តល់​ព័ត៌មាន​អំពី​ការធ្វើ​ទេសន្តរប្រវេសន៍​ដោយ​សុវត្ថិភាព និង​ស្របច្បាប់​ដល់​ប្រជាពលរដ្ឋ​មុនពេល​សម្រេចចិត្ត​ធ្វើ​ទេសន្តរប្រវេសន៍​ការងារ​ទៅ​បរទេស​ដែលជា​ជម្រើស​ចុងក្រោយ ហើយ​ត្រូវធ្វើ​ទេសន្តរប្រវេសន៍​ដោយ​ស្របច្បាប់​។

កាលពី​ខែមីនា ឆ្នាំ​ ២០២៣​ កន្លងទៅ កម្ពុជា និង​ម៉ាឡេស៊ី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ម៉ាឡេស៊ី ចំនួន ២ គឺ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​ការជ្រើសរើស ការប្រើប្រាស់ និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលករ និង​ពលករ​ការងារ​ផ្ទះ​។

របាយការណ៍​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្ហាញថា កាលពី​ឆ្នាំ​ ២០២២ ​កន្លងទៅ កម្ពុ​ជាមាន​ពលករ ធ្វើ​ការងារ​នៅក្រៅ​ប្រទេស សរុប​ចំនួន ​១ ៣០១ ៦០៩​ នាក់ ដោយ​ក្នុងនោះ​នៅ​ម៉ាឡេស៊ី​មាន ២៣ ០២៧ នាក់​៕​

website_news/20240210_02.txt · Last modified: 2024/02/13 13:16 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki