website_news:20240211_02

ភ្នំពេញៈ​ប្រជា​ពល​រដ្ឋនិង​ពល​ករ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើ​ការ​នៅ​ប្រទេសថៃបាន​បង្ហាញ​ការ​សប្បាយ​រីក​រាយ​ ចំពោះ​​ប្រមុខ​រដ្ឋាភិ​បាល​កម្ពុ​ជា និង​ថៃ ​ដែល​បាន​ឯកភាព​​គ្នាមិន​យក​លុយ​ថ្លៃ​ទិដ្ឋា​ការ​លើ​ការ​ធ្វើដំ​ណើរ​ទៅ​វិញ​ទៅ​មក​ (Re-Entry) ក្នុង​អំឡុង​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​​។​

​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​កាល​ពី​ថ្ងៃទី​៨ ​ខែកុម្ភៈ​ថា ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវការ​ទៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃទី​៧ កុម្ភៈ ភាគី​កម្ពុជា ​និង​ថៃ បាន​ចរចាគ្នា​លើ​ការ​មិន​យក​ថ្លៃ​ទិដ្ឋា​ការ​លើ​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពល​រដ្ឋ​នៃ​ប្រទេស​ទាំង​២​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​នា​ខែ​មេសា ​ខាង​មុខ​។​

​លោក​បាន​ថ្លែង​ថា៖​ «​ខ្ញុំ​បាន​ជជែក​ជា​មួយ​នឹង​នាយក​រដ្ឋ​មន្ត្រី​ថៃ​ថា ​យើង​ជិត​ចូល​ឆ្នាំ​ហើយ​ កាដូ​ជូន​ប្រជា​ពលរដ្ឋ​យើង​ទាំង​សង​ខាង​ដោយ​តម្លៃ​ទិដ្ឋា​ការ​នៃ​ការ​អនុញ្ញាត​ឱ្យ​បង​ប្អូន​ចេញ​ចូល​ហ្នឹង ​យើង​មិន​បាច់​យក​ទេ​។ អ៊ីចឹង​ ពលរដ្ឋ​ខ្មែរ​ដែល​មក​លេង​ស្រុក​កំណើត​ពេល​ចូល​ឆ្នាំ ​ហើយ​ត្រឡប់​ទៅ​វិញ​មិន​បាច់​បង់​ថ្លៃ ​Re-entry ទេ​»​។

​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ថា ៖ «​ខាង​ថៃគាត់​ឯក​ភាព​ហើយ​ ឥឡូវ​កំពុង​តែ​គិត ​គាត់​ផ្តល់​ជា​សញ្ញា​វិជ្ជ​មាន​ហើយ​ អ៊ីចឹ​ង​អាច​១ខែ​មេសា​គឺ​មិន​មាន​ការយ​កថ្លៃ​ទិ​ដ្ឋាការ តែ​ចាំ​គេ​ប្រកាស​។ ជា​ធម្ម​តា​តម្លៃ​ចេញ​ចូល​តម្លៃ​១​ពាន់​បាត​»​។​

​ឆ្លៀត​ឱកាស​នោះ​ដែរ​ លោក ​ហ៊ុន ម៉ា​ណែ​ត ក៏បាន​ណែនាំ​ដល់​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ឱ្យ​រៀប​ចំ​ពិធី​អប​អរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ណៃ​ពី​ជាតិខ្មែរ​តាម​បណ្តា​ស្ថាន​ទូត​ផ្សេងៗ​នៅ​តាម​ប្រទេស​នា​នា​ឱ្យ​បាន​ឱ​ឡារិក​ផងដែ​រ​។​

​ពលករ​ខ្មែរ​ដែល​កំពុង​រស់​នៅ និង​ធ្វើការ​ប្រទេស​ថៃ​បានបង្ហាញការ​សប្បាយ​ចិត្តនិង​បានចេ​ញ​សារ​ថ្លែងអំ​ណរគុណ​យ៉ាង​ផុស​ផុល​ដល់​រាជរ​ដ្ឋាភិបា​ល​កម្ពុជា​ចំពោះ​ការ​ចរចា​ជា​មួយ​រាជរដ្ឋាភិ​បាល​ថៃក្នុង​ការ​មិន​យក​ថ្លៃ​លើ​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​(Re-Entry)ក្នុង​អំឡុង​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខនេះ​​។

​ការ​ចេញ​សារ​ថ្លែង​អំណរ​គុណ​បែប​នេះ​បន្ទាប់ពី​លោក ​ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ទីក្រុង​បាង​កក​ប្រទេស​ថៃ កា​លពី​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​បាន​ចរចា​ជា​មួយ​ភាគី​ថៃក្នុង​ការ​សម្រេច​មិន​យក​ថ្លៃ​លើ​ការ​ធ្វើដំ​ណើរ​ទៅវិញ​ទៅមក​នេះ ​រយៈ​ពេល​ពេញ​១​ខែ​មេសា​។​

​លោក​ ប៊ុល ចិ​ត្រា ជា​ពលករ​ខ្មែរដែល​កំពុង​ស្នាក់​នៅនិង​ធ្វើការ​នៅ​ក្រុម​ហ៊ុន​ស៊ី​ភី ខេត្ត​នគរ​រាជ​សី​មា​ប្រទេស​ថៃ បាន​បង្ហាញក្ដី​សប្បា​យរីករាយ​ បន្ទាប់​ពី​ទទួល​​ព័ត៌មាន​ថា លោក ​ហ៊ុន ម៉ា​ណែ​ត ​បាន​ចរចា​ជា​មួយ​រដ្ឋាភិ​បាល​ថៃ ​ដោយ​មិន​យក​លុយ​លើ​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក (Re-Entry) ក្នុង​អំឡុង​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​សម្រាប់​បងប្អូន​ខ្មែរ​ដែល​នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត​។​

​ចំណែក​កញ្ញា សួ​ន ស្រី​និ​ច ជា​ពលករ​ខ្មែរ​រស់នៅ​ទីក្រុង​បាង​កក ​ប្រទេស​ថៃ ក៏​បាន​បញ្ជាក់​តាម​រយៈ​វីដេអូ​ឃ្លី​ប​ដែរ​ថា ៖«​ក្នុងនា​ម​ជា​ពលករ​ខ្មែរ១​រូប​ដែល​កំពុង​រស់​នៅ ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ ខ្ញុំ​សូម​អរ​គុណ​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​និង​សូម​ជូន​ពរ​សម្តេច​ធិប​តី ​ហ៊ុន ម៉ា​ណែ​ត និង​លោកជំ​ទាវ​ជួប​តែ​សេចក្តី​សុខ ពុទ្ធ​ពរ​ទាំង​៤​ប្រការ​ និង​ដឹកនាំ​ប្រទេស​ជាតិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត​»៕

website_news/20240211_02.txt · Last modified: 2024/02/13 15:14 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki