website_news:20240215_02

កម្ពុជា និង​ឥណ្ឌា​ពិភាក្សា​បង្កើន​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​អនឡាញ

កម្ពុជា និង​ឥណ្ឌា​ចាប់ផ្ដើម​ពិភាក្សា​បង្កើន​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​អនឡាញ (Online) ឬ​តាម​អ៊ីនធឺណិត (Internet)។

ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហោះ​សារ កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ថា ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​ក្រុងភ្នំពេញ អ្នកស្រី ដេវីយ៉ានី ខូប្រាហ្គាដេ (Devyani Khobragade) បាន​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ពី​កិច្ចសហការ​រវាង​កម្លាំង​សមត្ថកិច្ច​នៃ​ប្រទេស​ទាំង​២ ក្នុង​គោលដៅ​ពង្រឹង​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​អនឡាញ និង​ការពារ​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស ព្រមទាំង​ធានា​ការ​អនុវត្ត​ច្បាប់​លើ​ជនល្មើស។

ទាក់ទង​នឹង​រឿង​នេះ ស្ថានទូត​ឥណ្ឌា​នៅ​ភ្នំពេញ​បាន​ប្រាប់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ថា ភាគី​ទាំង​២​បាន​ពិភាក្សា​គ្នា​ពី​លទ្ធភាព​សាកល្បង​យន្តការ​ថ្មី ដើម្បី​ឱ្យ​ភាគី​ទាំង​២ អាច​ចែករំលែក​ព័ត៌មាន​ពី​ជនសង្ស័យ​ក្នុង​បណ្ដាញ​ជន​ឆបោក​តាម​អនឡាញ។ ប្រភព​ដដែល​បញ្ជាក់​ថា មក​ដល់​ពេល​នេះ តាមរយៈ​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​២ មាន​មន្ត្រី​នៃ​ក្រសួងមហាផ្ទៃ​កម្ពុជា​ជិត ១០០​នាក់ បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ជំនាញ​ផ្សេងៗ​ជាច្រើន​ទាក់ទង​នឹង​បទល្មើស​បច្ចេកវិទ្យា និង​កំណត់​ភេរវជន។

មជ្ឈមណ្ឌល​សម្របសម្រួល​ប្រឆាំង​ឧក្រិដ្ឋកម្ម​អនឡាញ​របស់​ឥណ្ឌា (Indian Cyber Crime Coordination Centre (I4C) កាល​ពី​ដើម​ខែ​មករា រក​ឃើញ​ថា ឧក្រិដ្ឋកម្ម​ក្លែងបន្លំ​លុយ​តាម​អ៊ីនធឺណិត មាន​ដល់​៥០​ភាគរយ នៅ​ប្រទេស​របស់​ខ្លួន​មាន​ប្រភព​ចេញ​មកពី​ប្រទេស​ចិន មីយ៉ាន់ម៉ា (Myanmar) និង​កម្ពុជា៕

ជំនួប​រវាងឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​ក្រុងភ្នំពេញ អ្នកស្រី ដេវីយ៉ានី ខូប្រាហ្គាដេ (Devyani Khobragade) និងអគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត កាលពីថ្ងៃទី១៨ មករា​ ២០២៤។

website_news/20240215_02.txt · Last modified: 2024/02/26 10:22 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki