website_news:20240217_01

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុករូបភាព និងវីដេអូពេស្យាចារកុមារី អាយុក្រោម១៥ឆ្នាំជាច្រើន

ភ្នំពេញ៖ ឆ្លើយតបនឹងសេចក្តីរាយការណ៍ ពីសេនានុព័ន្ធសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរម្នាក់ ឈ្មោះ ស.ស.វ ភេទប្រុស អាយុ៤១ឆ្នាំ ពាក់ព័ន្ធនឹងការរក្សាទុករូបភាព និងវីដេអូ ពេស្យាចារកុមារី អាយុក្រោម១៥ឆ្នាំ ជាច្រើន ក្នុងកំឡុងឆ្នាំ២០១៦ រហូតដល់ពេលឃាត់ខ្លួននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាថ្ងៃទី១៧​កុម្ភៈ នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ។

ជាមួយគ្នានោះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកឲ្យសាធារណជនទាំងអស់ ជៀសអោយឆ្ងាយពីការចូលទៅកាន់ វេបសាយ ឬកម្មវិធីបណ្តាញសង្គមនានា ដែលមានខ្លឹមសារពាក់ព័ន្ធរូបភាព វីដេអូ បែបអាសអាភាស បើទោះជាខ្លួនមិនមែនជាអ្នកបង្កើត ឬចែកចាយ ផ្សព្វផ្សាយមាតិកាខុសច្បាប់ទាំងអស់នោះក៏ដោយ ជាពិសេសការកាន់កាប់នូវរូបភាពសម្ភារៈរំលោភបំពានផ្លូវភេទកុមារ ដែលរាជរដ្ឋាភិបាលកំពុងធ្វើការទប់ស្កាត់ មិនឲ្យកើតមានក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ៕

website_news/20240217_01.txt · Last modified: 2024/02/26 10:32 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki