website_news:20240222_01

កម្ពុជា-អូស្ដ្រាលី ឯកភាពគ្នាបន្ដប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ

ភ្នំពេញ ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យលោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសវនាការរបស់ឯកឧត្តម ស្ថិតនៅ អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងកម្ពុជា និងអូស្ដ្រាលី ហើយតែងតែចាត់ទុកអូស្ដ្រាលីជាដៃគូដ៏ល្អមួយ ដែលជួយកម្ពុជាលើច្រើនវិស័យជាយូរឆ្នាំមកហើយ ក្នុងនោះមានទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ជាពិសេសលើវិស័យសន្ដិសុខសាធារណៈ។

ជាក់ស្ដែងក្នុងពេលឯកឧត្តមនៅជាអគ្គស្នងការនគរបាលជាតិ បានសហការយ៉ាងល្អជាមួយនគរបាលសហព័ន្ធអូស្ដ្រាលី AFP ហើយបានជួយនគរបាលកម្ពុជាជាច្រើន ក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រនគរបាល, គម្រោងនគរបាល និងសហគមន៍ និងបង្កើតអង្គភាពប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងវគ្គបណ្ដុះបណ្ដាលជាច្រើនទៀត ក្នុងនោះមានទាំងបន្សាបសារធាតុញៀន មុនធ្វើការដុតបំផ្លាញជាដើម។

ឯកអគ្គរដ្ឋទូតអូស្ដ្រាលី បានសម្ដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំយ៉ាងល្អនាពេលកន្លងមក ជាពិសេសជូនចំពោះឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ក្នុងការងារសន្ដិសុខជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មការមួយចំនួនទៀតទទួលបានជោគជ័យគួរជាទីមោទនៈ។

លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា បានបង្ហាញជំហរបន្ដជួយដល់រាជរដ្ឋាភិបាលកម្ពុជា លើគ្រប់វិស័យទាំងអស់ ទាំងសម្ភារៈ ស្មារតី និងបច្ចេកទេស ដើម្បីធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការទទួលស្គាល់ថា បញ្ហាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា ក៏ដូចជាអំពើភេរវកម្មជាដើមនោះ តម្រូវឲ្យមានការសហការជាមួយគ្នា ទប់ស្កាត់រាល់ឧបាយកលរបស់ឧក្រិដ្ឋជន។ ភាគីទាំងពីរយល់ឃើញថា មានតែកិច្ចសហការល្អជាមួយគ្នាប៉ុណ្ណោះ ដែលអាចជួយទប់ស្កាត់បទល្មើសឆ្លងដែននេះ បានទាន់ពេលវេលា។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា អូស្ដ្រាលី មិនត្រឹមតែជាដៃគូដ៏ល្អរបស់កម្ពុជាប៉ុណ្ណោះទេ ពោលអូស្ដ្រាលីជាដៃគូដ៏ល្អរបស់សហគមន៍អាស៊ាន ដោយបានជួយលើគ្រប់វិស័យ សំដៅពង្រឹងប្រសិទ្ធភាព ផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយតំបន់អាស៊ាន។ ជាក់ស្ដែង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានអូស្ដ្រាលី ដែលនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៤ខាងមុខនេះ៕

website_news/20240222_01.txt · Last modified: 2024/02/26 12:06 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki