website_news:20240227_01

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញយន្តការ៥ចំណុច ដើម្បីពង្រឹងការគ្រប់គ្រង និងគាំពារពលករទេសន្តរប្រវេសន៍

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ បានដាក់ចេញនូវការពង្រឹងយន្តការគ្រប់គ្រង និងសេវាគាំពារនៅតាមប្រទេសទទួលពលករទេសន្តរប្រវេសន៍កម្ពុជាចំនួន៥ចំណុច។ នេះបើតាមសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើតាមសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងការងារ បង្ហាញថា យន្តការគ្រប់គ្រង និងសេវាគាំពារនៅតាមប្រទេសទទួលពលករទេសន្តរប្រវេសន៍កម្ពុជាចំនួន៥ចំណុចនេះ រួមមានទី១ ប្រព័ន្ធគ្រប់គ្រងពលករទេសន្តរប្រវេសន៍កម្ពុជា នឹងត្រូវបានកែលម្អ និងពង្រីកមុខងាររួមមានមុខងារតាមដានដំណើរការឯកសារ (Tracking System) និងមុខងារស្វែងរកឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់។ ទី២ រៀបចំយន្តការបង្ការហានិភ័យ នីតិវិធីសម្រាប់ជូនដំណឹង ឆ្លើយតបបន្ទាន់ និងគាំពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅពេលមានអាសន្ន នឹងត្រូវបានសិក្សារៀបចំ និងអនុវត្តពេញលេញត្រឹមឆ្នាំ២០២៥។ ទី៣ របាយការណ៍ស្តីពីការវាយតម្លៃស្ថានភាពសិទ្ធិ ផលប្រយោជន៍ សេចក្តីថ្លៃថ្នូរ និងការទទួលបានឱកាសអភិវឌ្ឍខ្លួន និងគ្រួសារនៅប្រទេសទទួល ត្រូវបានផលិត និងផ្សព្វផ្សាយ ជាភាសាខ្មែរនិងភាសាអង់គ្លេស។ ទី៤ អត្រាពលករទេសន្តរប្រវេសន៍កម្ពុជា ចេញដំណើរទៅធ្វើការនៅប្រទេស ដែលមានគណនីធនាគារកើនឡើង និងទី៥ អត្រានៃពាក្យបណ្តឹងរបស់ពលករ ត្រូវបានទទួល និងអន្តរាគមន៍ដោះស្រាយដោយអនុព័ន្ធការងារនៅប្រទេសទទួល ក្នុងរយៈពេល៤៨ម៉ោង។ នៅក្នុងសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងការងារបានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវសូចនាករកម្មវិធីចំនួន៥នោះ ក្រសួងបានកំណត់នូវចង្កោមសកម្មភាពអាទិភាពដូចជា ធ្វើបច្ចុប្បន្នភាព និងពង្រីកមុខងារប្រព័ន្ធគ្រប់គ្រងពលករទេសន្តរប្រវេសន៍កម្ពុជា និងប្រមូលចងក្រង និងផ្សព្វផ្សាយរបាយការណ៍ស្ថិតិ ឧត្តមានុវត្តន៍ បទពិសោធន៍ ព្រមទាំងបញ្ហាប្រឈមពាក់ព័ន្ធនិងពលករទេសន្តរប្រវេសន៍កម្ពុជា។ ក្នុងនោះរៀបចំប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ជូនដំណឹងដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅពេលមានអាសន្ន ត្រូវបានរៀបចំ និងដំណើរការពេញលេញត្រឹមឆ្នាំ២០២៤ និងយន្តការបង្ការហានិភ័យឆ្លើយតបបន្ទាន់ និងគាំពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅពេលមានអាសន្ន និងមូលនិធិសម្រាប់គាំទ្រដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅពេលអាសន្ន និងដាក់ឱ្យអនុវត្តត្រឹមឆ្នាំ២០២៤។ លើសពីនេះទៅទៀតក្រសួងការងារនឹងការពារ លើកកម្ពស់សិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍កម្ពុជា និងគ្រួសារ ព្រមទាំងផ្តល់ឱកាសទទួលបានការអប់រំសមរម្យដល់កូនចៅរបស់ពលករនៅប្រទេសទទួល។ ក្នុងនោះក្រសួងនឹងជួបសំណេះសំណាល និងសួរសុខទុក្ខស្វែងយល់អំពីការរស់នៅ និងលក្ខខណ្ឌការងាររបស់ពលករទេសន្តរប្រវេសន៍កម្ពុជានៅប្រទេសទទួល ក៏ដូចការបង្រៀនភាសារខ្មែរមូលដ្ឋានដល់កូនចៅពលករផងដែរ។ ក្រសួងការងារនឹងចាត់តាំង ឬបន្ថែមអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូត ស្ថានអគ្គកុងស៊ុល ស្ថានកុងស៊ុល និងតំណាងអចិន្ត្រៃយ៏របស់ទីភ្នាក់ងារបញ្ជូនពលករ រួមជាមួយតំណាងសមាគមទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងបង្កើតមជ្ឃមណ្ឌលគាំពារពលករទេសន្តរប្រវេសន៍ នៅតាមបណ្តាប្រទេសទទួលទៅតាមការចាំបាច់៕

website_news/20240227_01.txt · Last modified: 2024/03/04 11:39 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki