website_news:20240227_02

កម្ពុជាមានពលករនិងនិស្សិតស្នាក់នៅធ្វើការនៅប្រទេសម៉ាឡេស៊ី ជាង ២ម៉ឺននាក់

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២៧ កុម្ភៈ នេះ​ថា បច្ចុប្បន្ន​មាន​ពលករ និង​និស្សិត​កម្ពុជា ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជាង ២២ ០០០ នាក់ ក្នុង​នោះ​មាន​និស្សិត​ជាង ១០០ នាក់។ លោក កត្តា អ៊ន បាន​បន្ត​ថា ពលករ​ទាំង​នោះ​ធ្វើការ​ទៅ​លើ​ផ្នែក​ឧស្សាហកម្ម សេវាកម្ម សំណង់ និង​ការងារ​តាម​ផ្ទះ។លោក​បន្ត​ទៀត​ថា គិត​ត្រឹម ២០២៣ កម្ពុជា បាន​ផ្តល់​ឱកាស​ការងារ​នៅ​ក្រៅ​ប្រទេស​ជូន​ប្រជាពលរដ្ឋ​ចំនួន ១ ៣៥៦ ៦១៦ នាក់ ស្រី​ចំនួន ៥៥២ ៨៥១ នាក់ ក្នុង​នោះ​រួមមាន ប្រទេស​ថៃ មាន​ចំនួន ១ ២៦២ ១៧៥ នាក់ ស្រី ៥០៨ ៦៤៦ នាក់ មធ្យម​ទទួល​បាន​ប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ។ សាធារណរដ្ឋ​កូរ៉េ មាន​ចំនួន ៥០ ៩៧០ នាក់ ស្រី ១២ ៥៣៨ នាក់ ទទួល​បាន​ប្រាក់ខែ ១៥០០ ដុល្លារ ក្នុង ១ ខែ ប្រទេស​ជប៉ុន មាន​ចំនួន ២០ ០៥៦ នាក់ ស្រី ៩ ១៥៥ នាក់ ទទួល​បាន​ប្រាក់ខែ ១៤០០ ដុល្លារ ១ ខែ ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន ២២ ២៦២ នាក់ ស្រី ២១ ៣៥៩ នាក់ ទទួល​បាន​ប្រាក់ខែ ៣៤០ ដុល្លារ ១ ខែ ប្រទេស​សិង្ហ​បុរី មាន​ចំនួន ៨៧១ នាក់ ស្រី ៨៧១ នាក់ ទទួលបាន​ប្រាក់ខែ ៥០០ ដុល្លារ ១ ខែ តំបន់​រដ្ឋបាល​ពិសេស​ហុងកុង មាន​ចំនួន ២១៨ នាក់ ស្រី ២១៨ នាក់ ទទួលបាន​ប្រាក់ខែ ៥៩១ ដុល្លារ ១ ខែ និង​ព្រះរាជាណាចក្រ​អារ៉ាប់​ប៊ី​សា​អូឌីត មាន​ចំនួន ៦៤ នាក់ ស្រី ៦៤ នាក់ ទទួល​បាន​ប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ។ លោក​បាន​បន្ថែម​ទៀត​ថា ពលករ​ទាំងអស់ ទទួល​បាន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ តាមច្បាប់ នៃ​ប្រទេស​ទទួល​នីមួយៗ រួម​ទាំង​ប្រាក់​ឈ្នួល និង​របប​សន្តិសុខ​សង្គម និង​បាន​ផ្ញើ​ប្រាក់​មក​គ្រួសារ​ពី​គ្រប់​ប្រទេស​ជា​មធ្យម មាន​ប្រមាណ​ជិត ៣ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង ១ ឆ្នាំ។ គួរ​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​មួយថ្ងៃ​នៅ​ប្រទេស​ម៉ាឡេស៊ី។ ដំណើរ​ទស្សនកិច្ច​នេះ នឹង​រួមចំណែក​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​កម្ពុជា និង​ម៉ាឡេស៊ី ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី ដើម្បី​ផលប្រយោជន៍ នៃ​ប្រទេស​ទាំងពីរ និង​ក្នុង​តំបន់៕

website_news/20240227_02.txt · Last modified: 2024/03/04 11:52 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki