website_news:20240228_01

ក្រសួងការងារបង្ហាញក្រុមហ៊ុនជ្រើសរើស និងបញ្ជូនពលករខ្មែរស្របច្បាប់ទៅក្រៅប្រទេស ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់

(ភ្នំពេញ)៖ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ ពីការជ្រើសរើសនិងបញ្ជូនពលករខ្មែរដោយស្របច្បាប់ និងចៀសវាងការចាញ់បោកក្រុមមេខ្យល់ តាមរយៈទីភ្នាក់ងារ ឬក្រុមហ៊ុនខុសច្បាប់នានា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញការផ្សព្វផ្សាយជាផ្លូវការពីទីភ្នាក់ងារជ្រើសរើសឯកជន ដែលទទួលបានការអនុញ្ញាតឱ្យជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅតាមបណ្តាប្រទេសនានា មានដូចជាប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី ហុងកុង អារ៉ាប់ប៊ីសាអូឌីត គុយវ៉ែត និងរដ្ឋកាតាជាដើម។

ការប្រកាសផ្សព្វផ្សាយនេះ ជាព័ត៌មានដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមតំបន់ព្រំដែន ដែលចង់ទៅបម្រើការងារនៅប្រទេសនានា ដូចជា៖ ១- ប្រទេសថៃ គឺមានទីភ្នាក់ងារស្របច្បាប់ចំនួន៩៧។ ពលរដ្ឋអាចចូលទៅឆែកមើលឈ្មោះក្រុមហ៊ុនទាំងនេះ តាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖ ទីភ្នាក់ងារជ្រើសរើសឯកជនទៅធ្វើការនៅប្រទេសថៃឡង់ដ៍

២៖ ប្រទេសម៉ាឡេស៊ី មានទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករខ្មែរស្របច្បាប់ ចំនួន៩៥។ ពលរដ្ឋអាចចូលទៅឆែកមើលឈ្មោះក្រុមហ៊ុនទាំងនេះ តាមរយៈតំណភ្ជាប់ ខាងក្រោមនេះ៖ ទីភ្នាក់ងារជ្រើសរើសឯកជនទៅធ្វើការនៅប្រទេសម៉ាឡេស៊ី

៣៖ សម្រាប់ប្រជាពលរដ្ឋដែលមានបំណងចង់ទៅបម្រើការងារនៅតាមបណ្តាប្រទេសផ្សេងៗទៀតដូចជា ប្រទេសជប៉ុន សិង្ហបុរី ហុងកុង អារ៉ាប់ប៊ីសាអូឌីត គុយវ៉ែត និងរដ្ឋកាតា ដោយស្របច្បាប់សូមចូលមើលទីភ្នាក់ងារជ្រើសរើស និងបញ្ជូនពលករខ្មែរ តាមរយៈតំណភ្ជាប់ខាងក្រោម៖ ជប៉ុន សឹង្ហបុរី ហុងកុង អារ៉ាប់ប៊ីសាអូឌីត គុយវ៉ែត រដ្ឋកាតា

សូមបញ្ជាក់ថា រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយណា ដែលពុំមានឈ្មោះក្នុងបញ្ជីខាងលើនេះ គឺចាត់ទុកថាជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់ ដូច្នេះសូមសាធារណជនរាយការណ៍ជាបន្ទាន់ មកកាន់លេខទូរស័ព្ទ ០១៥ ៧៨៦ ៩៨៨ និងទំនាក់ទំនងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង២៥ រាជធានី-ខេត្ត នៅរៀងរាល់ម៉ោងធ្វើការងារ ឬពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុនដែលមាននៅក្នុងគេហទំព័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ https://www.mlvt.gov.kh។ (https://www.mlvt.gov.kh/)

ជាការកត់សំគាល់ ក្រៅតែពីការជូនដំណឹងពីការជ្រើសរើសទីភ្នាក់ងារ ដើម្បីទទួលបានការធ្វើការនៅក្រៅប្រទេស ដោយស្របច្បាប់ហើយនោះ រាជរដ្ឋាភិបាលកម្ពុជាក៏តែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់ពលករខ្មែរដែលបម្រើការងារនៅក្រៅប្រទេសផងដែរ។ ជាក់ស្តែងកន្លងមក ប្រមុខរាជរដ្ឋាភិបាល តែងតែអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនពលករខ្មែរ នៅតាមបណ្តាប្រទេសនានាដោយផ្ទាល់ និងបានរៀបចំកម្មវិធីនានាដូចជា អាហារសាមគ្គី និងការជួបជុំសប្បាយរីករាយក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរជាដើម ដើម្បីបង្ហាញពីភាពស្និទ្ធស្នាលប្រៀបបីដូចជាឪពុកម្តាយ នឹករលឹកដល់កូនៗដែលបានចេញមកធ្វើការនៅក្រៅប្រទេស យ៉ាងដូច្នេះដែរ៕

website_news/20240228_01.txt · Last modified: 2024/03/04 11:59 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki