website_news:20240228_02

ស្ត្រីខ្មែរដែលស៊ីឈ្នួលពពោះបង្កើតកូនឱ្យគ្រួសារចិន «អាចប្ដូរទីកន្លែងពីកម្ពុជាទៅចិន»

ច្បាប់​ស្ដីពី​ពពោះ​ជំនួស​នៅ​ក្នុង​ប្រទេស​កម្ពុជា មិនទាន់​ចេញរួច​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​ក្រសួង​ជាច្រើន បាន​រួម​គ្នា​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ រយៈពេល​៥​ឆ្នាំ​មក​ហើយ​ក្តី។ ស្រប​ពេល​ដែល​កម្ពុជា មិនទាន់​មាន​ច្បាប់​ស្ដីពី​ពពោះ​កូន​ជំនួស​នេះ សមត្ថកិច្ច​កម្ពុជា​សង្ស័យ​ថា ក្រុម​ជនល្មើស​នៅតែ​បន្ត​ជួល​ស្ត្រី​ខ្មែរ​មួយ​ចំនួន ឱ្យ​ស៊ីឈ្នួល​ពពោះ ឱ្យ​ជន​បរទេស​នៅ​ឡើយ គ្រាន់តែ​ប្ដូរ​ទិសដៅ​ចេញ​ពី​កម្ពុជា ទៅ​ធ្វើ​នៅ​ប្រទេស​ចិន​វិញ។

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ពពោះ​ជំនួស ឱ្យ​បាន​ឆាប់​ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ទៅលើ​អំពើ​ជួញដូរ​មនុស្ស ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កុមារ​ឱ្យ​មាន​ប្រសិទ្ធភាព។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា អង្គការ​សង្គម​ស៊ីវិល​មិន​ចង់​ឱ្យ​មាន​ករណី​ស្ត្រី​ខ្មែរ​ស៊ីឈ្នួល ពពោះ​បង្កើត​កូន​ឱ្យ​ជនបរទេស​កើត​មាន​តទៅ​ទៀត​ទេ ពីព្រោះ​អំពើ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ និង​មាន​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ជុំវិញ​ការ​រំលោភ​សិទ្ធិ​ស្ត្រី និង​កុមារ។

លោក អំ សំអាត៖ «សំខាន់​យើង​ត្រូវ​មាន​ច្បាប់​មួយ​ឱ្យ​ពិតប្រាកដ​ទាក់ទង​នឹង​រឿង​ពពោះ​ជំនួស ទើប​បាន​ការ​អនុវត្ត​ច្បាប់​ទៅ​មាន​ប្រសិទ្ធភាព ពីព្រោះ​ឥឡូវ​យើង​អនុវត្ត​តែ​លើ​ច្បាប់​ដែល​មាន​ស្រាប់ ប៉ុន្តែ​មិនទាន់​ចែង​លំអិត​ទាក់ទង​នឹង​បញ្ហា​ទាំងអស់​នឹង​ទេ។ ដូច្នេះ​បានជា​យើង​ចង់ឱ្យ​មានច្បាប់​មួយ​ឱ្យ​បាន​ច្បាស់លាស់ កាលណា​មាន​ច្បាប់​គឺ​អាជ្ញាធរ​ត្រូវ​អនុវត្ត​បាន​ច្បាស់លាស់ ហើយ​ច្បាប់​នឹង​ក៏​ត្រូវ​មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ បាន​យល់ បានដឹង បានឮ ដើម្បី​កុំឱ្យ​គាត់​បន្ត​ធ្វើ​ខុសច្បាប់​តទៅទៀត»។

តាំង​តែ​ពី​អំឡុង​ឆ្នាំ​២០១៩ ក្រសួង​កិច្ចការ​នារី បាន​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌ ក្រសួង​មហាផ្ទៃ ក្រសួង​សុខាភិបាល ក្រសួង​សង្គមកិច្ច ក្រសួង​ការបរទេស និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ពពោះ​ជំនួស​នេះ បាន​រួចរាល់​ហើយ ។ កាល​ពី​អំឡុង​ឆមាស​ទី​២​ឆ្នាំ​២០២៣ ក្រសួង​យុត្តិធម៌​បាន​រៀបចំ​ពិនិត្យ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ពពោះ​ជំនួស​នេះ​ម្ដងទៀត ក៏ប៉ុន្តែ​ត្រូវ​ផ្អាក​ទៅវិញ ដោយសារតែ​មិន​មាន​ការយល់​ស្របគ្នា គឺ​គណៈកម្មាធិការ ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ក្រសួងមហាផ្ទៃ យល់ថា​សេចក្តី​ព្រាង​ច្បាប់​នោះ មាន​ខ្លឹមសារ​ខុស​ពី​គោលបំណង​ដែល​ចង់ឱ្យ​ចែង​អំពី​បទល្មើស​នៃ​អំពើ​ជួញដូរ​ទារក។

បើ​ទោះ​បី​ជា​យ៉ាងណា អ្នកវិភាគ​ឯករាជ្យ និង​ជា​អ្នកជំនាញ​ច្បាប់​អន្តរជាតិ លោក បណ្ឌិត ឡៅ ម៉ុងហៃ បាន​បង្ហាញ​ការ​គាំទ្រ​ឱ្យ​កម្ពុជា​បង្កើត​ច្បាប់​ស្ដីពី​ការ​ពពោះ​ជំនួស​នេះ ដើម្បី​ផ្ដល់​ការងារ​ឱ្យ​ស្ត្រី​ផង ព្រមទាំង​ការពារ​ទារក​ឱ្យ​រួច​ផុត​ពី​ការ​ជួញដូរ ការរំលោភ​សិទ្ធិ​នានា​ផង។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា អំពើ​ពពោះ​ជំនួស​នេះ​នៅ​ប្រទេស​ខ្លះ​ដូចជា​អង់គ្លេស​ជាដើម គឺ​មិន​ខុសច្បាប់​ទេ ហើយ​ច្បាប់​ថែម​ទាំង​លើកស្ទួយ​ស្ត្រី​ឱ្យ​មាន​ការងារ​ធ្វើតាម​រយៈ​ការ​ស៊ីឈ្នួល​ពពោះ​ទៀត​ផង។

លោក ឡៅ ម៉ុងហៃ៖ «ខ្ញុំ​មាន​មតិ​មួយ គឺ​ខ្ញុំ​យល់ស្រប​រឿង​ស្ត្រី​ខ្មែរ​ពពោះ​ឱ្យ​គេ​អត់​អី​ទេ គ្រាន់តែ​ធ្វើ​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ជាមួយ​នឹង​ការ​ជជែក​គ្នា​ច្រើន មាន​មតិ​ឱ្យ​ច្រើន​ជាពិសេស​មតិ​របស់​គ្រូពេទ្យ និង​ស្ត្រី។ ខ្ញុំ​មិន​ចាត់ទុកថា​ការ​ពពោះ​ជំនួស​ជា​អំពើ​ជួញដូរ​មនុស្ស​ទេ លើកលែងតែ​អ្នក​រក​ស៊ី​ជួញដូរ​យក​កូន​មក​ភ្ញាស់​ពពោះ រួចហើយ​យក​ទៅ​លក់​ដូរ ឱ្យ​អ្នក​ដែល​អត់​កូន»។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចង់ឱ្យ​កម្ពុជា​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ពពោះ​ជំនួស​ដោយមាន​បទបញ្ញតិ្ត​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​ដក​ពិសោធន៍​ពី​ប្រទេស​ផ្សេងៗ ដែល​ធ្វើ​ច្បាប់​បាន​ល្អ ដើម្បី​ការពារ​ផលប្រយោជន៍​ស្ត្រី និង​ទប់ស្កាត់​អំពើ​ជួញដូរ​ទារក​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព។

ការ​ជំរុញ​ឱ្យ​មានច្បាប់​ស្ដីពី​ការ​ពពោះ​ជំនួស ធ្វើ​ឡើង​ស្រប​ពេល ការ​ស៊ី​ឈ្នួល​ពពោះ​ជំនួស បាន​ប្ដូរ​ទិសដៅ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​វិញ។

អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ថា ថ្វីត្បិតតែ​បច្ចុប្បន្ន​នេះ​អំពើ​ជួល​ស្ត្រី​ខ្មែរ ឱ្យ​ពពោះ​កូន​ជំនួស​នៅ​ក្នុង​ប្រទេស​ហាក់​ស្ងប់ស្ងាត់ ក៏ប៉ុន្តែ​សមត្ថកិច្ច​កំពុង​សង្ស័យ​ថា សកម្មភាព​នេះ បាន​ប្ដូរ​ទិសដៅ​ចេញពី​កម្ពុជា ទៅ​ធ្វើ​នៅ​ឯ​ប្រទេស​ចិន​វិញ។

អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់​ទៀត​ថា សមត្ថកិច្ច​កម្ពុជា​កំពុង​ស៊ើបអង្កេត​ចំនួន ៤-៥​ករណី ទៅ​លើ​ស្ត្រី​ខ្មែរ​ដែល​បាន​ទៅ​រៀបការ​នៅ​ឯ​ប្រទេស​ចិន ដោយ​សង្ស័យ​ថា អាច​មាន​ជាប់​ពាក់ព័ន្ធ​និង​អំពើ​ពពោះ​បង្កើតកូន​ឱ្យ​ជនបរទេស​នេះ។

អ្នកស្រី ជូ ប៊ុនអេង៖ «ករណី​គេ​អត់​បាន​ពពោះ​នៅ​កម្ពុជា​ទេ ឥឡូវ​យើង​មាន​ករណី​គ្រាន់តែ​សន្និដ្ឋាន ប៉ុន្តែ​អ្វី​ដែល​អត់​ទាន់​មាន​ទឡ្ហីករណ៍​ច្បាស់លាស់​អត់​ទាន់​ចោទប្រកាន់​បាន​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត ពីព្រោះ​ឃើញ​ស្ត្រី​ដែល​ទៅ​រៀបការ​នៅ​ប្រទេស​ចិន ពេល​ត្រឡប់​មក​វិញ​គឺ​ខ្លួន​ទទេ ហើយ​ប្រាប់​ថា កូន​ត្រូវ​គេ​ដក​ទុក។ ករណីនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ឱ្យ​ច្បាស់​ថា ជនជាតិ​ចិន​គេ​ត្រូវការ​តែ​កូន​? ឬក៏​ករណី​ប្តី​ប្រពន្ធ​រស់នៅ​មិន​ចុះសម្រុង​គ្នា​? ឬក៏​ករណី​អ្វី​ផ្សេងទៀត​?»។

របាយការណ៍​ឆមាស​ទី​២ ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃ​ក្រសួងមហាផ្ទៃ ឱ្យ​ដឹង​ថា ដើម្បី​បង្កើន​វិធានការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស តាមរយៈ​អំពើ​ពពោះ​ជំនួស ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​រឹត​បន្តឹង ដោយ​ធ្វើ​សម្ភាសន៍​ស្ត្រី​ខ្មែរ​ចំនួន​៦៩០​នាក់​និង​ស្ត្រី​បរទេស​ចំនួន​៨៣​នាក់​ដែល​បាន​ដាក់​ពាក្យសុំ​រៀប​អាពាហ៍ពិពាហ៍៕ ក្រុមស្ត្រីស៊ីឈ្នួលពពោះជំនួស ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

website_news/20240228_02.txt · Last modified: 2024/03/04 12:20 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki