website_news:20240229_01

អ្នកជំនាញស្មើឲ្យរដ្ឋាភិបាលថៃ ផ្តល់សញ្ជាតិដល់កូនពលករចំណាកស្រុក ដែលកើតក្នុងដីខ្លួន

លោកវេជ្ជបណ្ឌិត Somchai Jitsuchon នាយកស្រាវជ្រាវនៃការអភិវឌ្ឍរួមគ្នា នៅវិទ្យាស្ថានអភិវឌ្ឍន៍ស្រាវជ្រាវថៃ (TDRI) ​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ផ្តល់​សញ្ជាតិ​ថៃ ​ដល់​កុមារ​​កើត​លើដីប្រទេស​នេះ ក្នុងគ្រួសារមាន​ឪពុក​ម្តាយជា​ជនជាតិ​ភាគតិច ឬ​ពលករ​ចំណាក​ស្រុក ដើម្បី​ដោះស្រាយ​ចំពោះវិបត្តិនៃការ​ធ្លាក់​ចុះ​អត្រា​កំណើត​របស់​ប្រជាជន។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Thai PBS នៅថ្ងៃព្រហស្បតិ៍ទី២៩ខែកុម្ភៈ។ អ្នកជំនាញសង្គមរូបនេះនិយាយថា ឆ្នាំមុន ប្រទេសថៃមានអត្រាកំណើតប្រហែល៥០ម៉ឺននាក់ ហើយតួលេខ ត្រូវគេរំពឹងថា នឹងធ្លាក់ចុះមកនៅត្រឹម១០ម៉ឺននាក់ប៉ុណ្ណោះ ក្នុងរយៈពេល៤ទៅ៥ឆ្នាំខាងមុខ ដោយសារតែ គ្រួសារជាច្រើនមិនមានកូនទាល់តែសោះ ឬមានកូនតែម្នាក់គត់ ព្រោះតែបញ្ហាហិរញ្ញវត្ថុ។ លើសពីនេះ គូស្វាមីភរិយាទើបរៀបការថ្មីថ្មោងប្រហែល៦០% គឺមិនទាន់ត្រៀមខ្លួន ឬគ្មានលទ្ធភាពយកកូនឡើយ។

ដោយសារហេតុផលខាងលើនេះហើយ ទើបលោក​ស្នើ​ឲ្យផ្តល់​សញ្ជាតិ​ថៃ ​ដល់​កុមារ​ដែល​កើត​ក្នុង​ប្រទេស​ដែលមាន​ឪពុក​ម្តាយ​ជា​ជនជាតិ​ភាគតិច ឬ​ជាពលករ​ចំណាក​ស្រុក ខណៈលោក​​ប៉ាន់ស្មានថា ​ប្រហែល​ជា​មានករណីចាប់កំណើតបែបនេះ ​ប្រហែល​មួយ​លាន​នាក់រួចទៅហើយ​នៅ​ក្នុង​ប្រទេសថៃ។ លោក Somchai បន្តថា រាជរដ្ឋាភិបាល ក៏គួរតែបង្កើនគុណភាពជីវិតដល់កុមារទាំងនេះ ដោយអនុញ្ញាតឲ្យពួកគេទទួលបានការអប់រំ ការថែទាំសុខភាព និងសេវាផ្សេងៗ ស្រដៀងនឹងកុមារថៃផងដែរ ដូច្នេះពួកគេនឹងមានអារម្មណ៍ថា ខ្លួនពិតជាជនជាតិថៃពេញសិទ្ធិមែន។

សូមបញ្ជាក់ថា បច្ចុប្បន្ន កុមារដែលចាប់កំណើតបែបនេះ មិនត្រូវបានរាប់បញ្ចូលក្នុងជំរឿនថៃ និងគ្មានសិទ្ធិចុះឈ្មោះឡើយ។ ពួកគេទទួលបានតែអត្តសញ្ញាណប័ណ្ណលេខ១៣ខ្ទង់ ដែលចាប់ផ្តើមដោយលេខ ០ ខុសពីអត្តសញ្ញាណប័ណ្ណធម្មតាសម្រាប់ជនជាតិថៃ ប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ មានកុមារមួយចំនួនមិនទទួលបានអត្តសញ្ញាណប័ណ្ណពិសេសនេះទេ ដោយសារពួកគេមិនមានឯកសារផ្លូវការណាមួយដើម្បីបញ្ជាក់ថា ពួកគេកើតនៅក្នុងប្រទេសថៃ៕ លោក Somchai Jitsuchon (រូបថត៖ EEF) រូបថត៖ Thai PBS

website_news/20240229_01.txt · Last modified: 2024/03/04 14:15 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki