website_news:20240301_03

ថៃគ្រោង​បន្ធូរបន្ថយ​ច្បាប់ បើក​ឲ្យ​ជនបរទេស អាចទទួល​បានសេវាកម្ម​ពពោះជំនួស

អាជ្ញាធរសុខាភិបាលថៃ បាន​បញ្ជាក់​ឲ្យដឹង នៅថ្ងៃសុក្រទី​១មីនាថា រដ្ឋាភិបាល​​ថៃមានគម្រោង​ បន្ធូរបន្ថយ​ច្បាប់ ស្តីពី​សេវាកម្ម​ពពោះជំនួស ដើម្បី​បើកឲ្យ​ប្តីប្រពន្ធជនជាតិបរទេស អាចទទួលបានសេវកម្ម​នេះ ​នៅក្នុងប្រទេសថៃ​។ សូមរំលឹកថា​ សេវាកម្មនេះ ត្រូវបាន​អាជ្ញាធរថៃចេញវិធានការហាមឃាត់ យ៉ាងតឹងតែង កាលពីឆ្នាំ​២០១៥ បន្ទាប់ពីមានរឿងអាស្រូវផ្ទួនៗគ្នា​។ លោក អារខុម ប្រាទិតសុវណ្ណ អគ្គនាយករង​ការិយាល័យសម្របសម្រួលសេវាសុខភាពថៃ បាន​ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា រដ្ឋាភិបាលថៃបានសម្រេច កែប្រែច្បាប់ ដើម្បីអនុញ្ញាត​ឲ្យ​ប្តីប្រពន្ធ ឬដៃគូសហព័ទ្ធជនជាតិបរទេស អាចទទួល​បានសេវា​កម្ម​ពពោះជំនួស។ លោក​បានបន្ថែមថា អ្នកដែលអាចទទួលសេវាកម្មនេះបាន​ គឺត្រូវរៀបអាពាហ៍ពិពាហ៍តាមច្បាប់ត្រឹមត្រូវ ទោះបីជា​ប្តី​ប្រពន្ធ​ភេទប្រុសនិងស្រី ឬមួយជាដៃគូសហព័ទ្ធដែលមានភេទដូចគ្នាក៏ដោយ​។ លក្ខខណ្ឌមួយទៀត គឺ​ទារកដែលកើតមក ដោយ​ការពពោះជំនួសក្នុងប្រទេសថៃ គឺត្រូវតែទទួល​បានការគាំព៌ា និង​ការទទួលស្គាល់តាមផ្លូវច្បាប់ ពី​អាជ្ញាធរ​របស់​ប្រទេស​ដើម នៃអាណាព្យាបាល​ជាជនបរទេសនោះ​។ ប្តីប្រពន្ធ ឬដៃគូសហព័ទ្ធបរទេស អាចនាំយកស្ត្រីជាអ្នកពពោះ ពីប្រទេសក្រៅមកកាន់​ប្រទេសថៃក៏បាន ឬក៏អាចរកស្ត្រីពពោះជនជាតិថៃក៏បាន បន្ទាប់ពីបានទទួលបាន​នូវការអនុញ្ញាត ចេញដោយ​គណៈកម្មាធិការមួយរបស់រដ្ឋាភិបាលថៃ​។ ផ្អែកតាមមន្ត្រីថៃខាងលើ ការ​ធ្វើ​អត្ថបទច្បាប់ថ្មី​នេះ នឹងត្រូវបញ្ជូន​ទៅ​កាន់​គណរដ្ឋមន្ត្រី​ថៃប្រជុំអនុម័ត នៅក្នុងខែមីនានេះ មុននឹងបញ្ជូន​បន្ត ទៅកាន់សភា និងព្រឹទ្ធសភា។ គួរបញ្ជាក់ដែរថា នេះ​ជាការធ្វើកំណែទម្រង់ ស្ថិតនៅក្នុងក្របខណ្ឌ​ទូទៅមួយ ដែលរដ្ឋាភិបាល​ថៃកំពុងតែធ្វើ ដើម្បីបើកទូលាយឲ្យ​ប្តីប្រពន្ធ​ជនជាតិថៃ ទាំងអ្នកដែលមាន​ភេទដូចគ្នា អាចទទួល​បានសេវាសុខាភិបាល​ ​ពពោះជំនួស។ វិធានការកំណែទម្រង់នេះ ក៏នឹងចូលរួម​ផងដេរ ដល់វិស័យ​ទេសចរណ៍​​សុខាភិបាល​របស់ថៃ។ គួររំលឹកថា កាលពីឆ្នាំ​២០១៥ រដ្ឋាភិបាលថៃ បានធ្វើច្បាប់រឹតបន្តឹងយ៉ាងខ្លាំង ដោយអនុញ្ញាតការទទួលបាន​សេវាពពោះជំនួស ចំពោះតែ​ប្តីប្រពន្ធជនជាតិថៃ ឬក៏ជនជាតិថៃដែលបាន​​​រៀបការជាមួយជនបរទេស​ ចាប់​ពី​៣ឆ្នាំឡើងទៅ​។ ការរឹតបន្តឹងច្បាប់នេះ​ ត្រូវបានធ្វើបន្ទាប់ពីមាន​ផ្ទុះរឿងអាស្រូវផ្ទួនៗគ្នា។​ រឿងអាស្រូវ​ដែលគេដាក់ងារហៅថា “ស្បូនសម្រាប់ជួល” នេះ ត្រូវ​បាន​​បណ្តាញព័ត៌មានថៃ និង​បរទេសមួយចំនួន​ បាន​ផ្សព្វផ្សាយ​ព្រោងព្រាត ចាត់ទុកថៃ ប្រៀបបី​ដូច​​ជា​ដែនដី នៃរោងចក្រផលិត​ទារកឲ្យជនបរទេស ជាឧស្សាហកម្ម​ដ៏អាទិ៍​កំបាំង គ្មានតម្លាភាព និងពុករលួយ​៕ ស្ត្រីស៊ីឈ្នួលពពោះជំនួស ឈ្មោះ Pattaramon Chanbua អាយុ​២១ឆ្នាំ ថតជាមួយកូនស្រី នៅមន្ទីរពេទ្យ​ខេត្តឈុនប៊ុរី ថ្ងៃទី ៣សីហា២០១៤។ ប្តីប្រពន្ធជនជាតិអូស្ត្រាលី បាន​បោះបង់ចោលទារក បន្ទាប់ដឹងថាទារកកើតមក មានជំងឺភឿក។ AP - Apichart Weerawong

website_news/20240301_03.txt · Last modified: 2024/03/04 14:34 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki