website_news:20240304_01

ព័ត៌មានអន្ដរជាតិថៃ ជួយដឹកជនរងគ្រោះក្នុងបទល្មើសឆបោកតាមអនឡាញ ៩០០ នាក់ចេញ​ពីមីយ៉ាន់ម៉ាទៅចិន

លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានថ្លែងកាលពីថ្ងៃអាទិត្យថា ប្រទេសថៃបានជួយសម្រួលដល់ការផ្ទេរជនជាតិចិនប្រមាណ ៩០០ នាក់ដែលជាប់ក្នុងបទល្មើសឆបោកតាមអនឡាញនៅទីក្រុងព្រំដែនមីយ៉ាន់ម៉ា ត្រឡប់ទៅប្រទេសកំណើតវិញ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៣ ខែមីនាកន្លងទៅ ។ ប្រតិបត្តិការនេះប៉ូលិសថៃបានចាប់ផ្ដើមអនុវត្តសកម្មភាពកាលពីថ្ងៃទី២៩ ខែកុម្ភៈ និងបានបិទបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ ហើយរាជរដ្ឋាភិបាលថៃបានដឹកជញ្ជូនជនជាតិចិនចេញពីទីក្រុង Myawaddy របស់ប្រទេសមីយ៉ាន់ម៉ាទៅកាន់អាកាសយានដ្ឋានមួយកន្លែងក្នុងស្រុក Mae Sot ព្រំដែនថៃ និងបន្តដំណើរទៅកាន់យន្តហោះចិន ។ លោក សេដ្ឋា បានលើកឡើង​ថា ​”​នេះ​ជា​ប្រតិបត្តិការ​រួម​គ្នា​រវាង​ប្រទេស​ចំនួន​ ៣ ដូចជា ចិន មីយ៉ាន់ម៉ា និង​ថៃ ហើយដំណើរការនេះធ្វើឡើងដោយស្ម័គ្រចិត្ត និងឈរលើគោលការណ៍មនុស្សធម៌ មិនមែនជាការបង្ខិតបង្ខំណាមួយនោះឡើយ” ។ ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត ស្នងការរងប៉ូលិសថៃ លោក ស៊ូរ៉ាចែ ហាក់ផាន ក៏បានបញ្ជាក់បន្ថែមផងដែរថា ប្រតិបត្តិការដើម្បីបញ្ជូនជនរងគ្រោះជនជាតិចិនពីការឆបោកតាមអនឡាញទៅកាន់ប្រទេសកំណើតវិញនេះ មានជើងហោះហើរសរុបចំនួន ១៥ និងមានរយៈពេល ៣ ថ្ងៃ ។ ទោះយ៉ាងណារហូតមកដល់ពេលនេះ ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នោះទេ ស្របពេលដែល អ្នក​នាំ​ពាក្យ​យោធា​មីយ៉ាន់ម៉ា​ក៏​មិន​បាន​ចេញសេចក្ដីបំភ្លឺនៅក្នុងការហៅទូរស័ព្ទ​នោះ​ដែរ ។ នេះមិនមែនជាប្រតិបត្តិការលើកទីមួយឡើយដែលប្រទេសពាក់ព័ន្ធទាំងនេះចេញធ្វើសកម្មភាពផ្ទេរជនរងគ្រោះលើករណីឆបោកតាមអនឡាញ ពោលកាលពីខែវិច្ឆិកាឆ្នាំមុន អាជ្ញាធរមីយ៉ាន់ម៉ាបានប្រគល់ជនសង្ស័យឆបោកតាមអនឡាញចំនួន ៣១,០០០ ទៅប្រទេសចិន ខណៈប្រទេសទាំងពីរក៏បានជួយសម្រួលដល់ការផ្ទេរពលរដ្ឋថៃជាង ២០០ នាក់ដែលជាប់ក្នុងការបាញ់បោះដាក់គ្នារវាងយោធាមីយ៉ាន់ម៉ា និងសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅទីក្រុង Laukkaing ក្នុងរដ្ឋ Shan ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសកំណើតវិញផងដែរ ។ គួរបញ្ជាកថា តំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសមីយ៉ាន់ម៉ា បានក្លាយជាទីតាំងឆបោកតាមអ៊ីនធឺណិតយ៉ាងសកម្ម ហើយបើយោងតាមអង្គការសហប្រជាជាតិ (UN) មានមនុស្សរាប់សែននាក់ត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជន និងបង្ខំឲ្យធ្វើការនៅក្នុងការឆបោកតាមអនឡាញ និងប្រតិបត្តិការខុសច្បាប់ផ្សេងទៀត ៕

website_news/20240304_01.txt · Last modified: 2024/03/04 14:41 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki