website_news:20240305_01

មកដឹងចំនួនពលករវៀតណាម ត្រៀមចំណាកស្រុកទៅធ្វើការនៅបរទេស​ក្នុងឆ្នាំ២០២៤ នេះ

ដើម្បីជួយបង្កើន ក៏ដូចជាជំរុញទៅដល់សេដ្ឋកិច្ច វៀតណាមក្នុងឆ្នាំ ២០២៤ នេះបានដាក់ទិសដៅបញ្ជូនពលករស្របច្បាប់ប្រមាណ ១២៥,០០០ នាក់ឲ្យចំណាកស្រុកទៅធ្វើការនៅប្រទេសដែលមានទីផ្សារក្រាក់ៗដូចជា ជប៉ុន តៃវ៉ាន់ និងកូរ៉េខាងត្បូង ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី៤ ខែមីនាកន្លងទៅ ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Nguyen Nhu Tuan អនុប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង ក្រោមក្រសួងការងារ យោធិនពិការ និងសង្គមកិច្ចបានឲ្យដឹងថា ពលករប្រមាណ ៦៣,០០០នាក់ នឹងហោះទៅធ្វើការនៅជប៉ុន ខណៈ ៤៨,០០០នាក់ ទៅកោះតៃវ៉ាន់ និង ៨,៥០០ ទៅកូរ៉េខាងត្បូង ដែលសុទ្ធសឹងតែជាប្រទេសមានប្រាក់ខែខ្ពស់ៗ ។ លោកអនុប្រធានបញ្ជាក់បន្ថែមថា ការបញ្ជូនពលករទៅធ្វើការក្រៅប្រទេស មិនមែនត្រឹមតែជាការបង្កើតការងារ និងជួយរកប្រាក់ចំណូលទៅដល់កម្មករ ក៏ដូចជាកាត់បន្ថយភាពក្រីក្រដល់ពលរដ្ឋវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែនេះថែមទាំងជាផ្លូវបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសនាពេលអនាគតផងដែរ ។ គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ វៀតណាមបានបញ្ចេញពលករស្របច្បាប់ទៅធ្វើការនៅក្រៅប្រទេសប្រមាណជា ១៥៩,០០០ នាក់ ពោលសម្រេចបានតាមផែនការប្រចាំឆ្នាំរហូតដល់ ១៣៣.៣ ភាគរយ ហើយនេះក៏​ជា​ចំនួន​ពលករ​វៀតណាម​ដែលចំណាកស្រុកទៅ​ធ្វើ​ការ​នៅ​បរទេស​ច្រើន​ជាង​គេបំផុតមិនធ្លាប់មាន​ក្នុង​រយៈ​ពេល​ជាង ​១០ ​ឆ្នាំកន្លងមកនេះ ។ ចំណែកទីផ្សារក្រាក់ៗដែលបន្តទទួលយកពលករចំណាកស្រុកវៀតណាមក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះរួមមាន ជប៉ុនទទួលយកជាង ៨០,០០០ នាក់ ស្របពេលដែលតៃវ៉ាន់មានជាង ៥៨,០០០ នាក់ និងកូរ៉េខាងត្បូង ១១,000 នាក់ ខណៈបច្ចុប្បន្ន​វៀតណាមមាន​ពលករចំណាកស្រុក​ប្រមាណ​ ៦៥០,០០០ ​នាក់​ស្ថិតក្នុងប្រទេស ​និងដែនដីចំនួន ៤០ នៅលើពិភពលោក​ ៕

website_news/20240305_01.txt · Last modified: 2024/03/11 11:23 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki