website_news:20240305_02

ជិតមួយខែប៉ូលិស ចិន-ឡាវ ព្រួតដៃគ្នាឃាត់ជនសង្ស័យ ចិន ករណីឆបោក​តាមអនឡាញបាន ២៦៨ នាក់

សមត្ថកិច្ច​​ឡាវ និង​ចិន​​​រួម​សហការ​គ្នាបង្រ្កាប​​​​បាន​ប្រតិបត្តិការ​ឆបោក​អនឡាញ​​ ៧ ​ករណី​ ដែល​សំឡំលាក់ខ្លួន​​ដំណើរ​ការ​នៅ​ប្រទេស​ឡាវ ហើយជា​លទ្ធផល​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​​ជា​ជន​ជាតិ​ចិន​ប្រមាណ​ ២៦៨ ​នាក់​កាល​ពី​ចុង​ខែ​​កុម្ភៈ​កន្លង​ទៅ​​ថ្មី​​ៗ​នេះ ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន​ឡាវ Laotian Times ។ ជន​សង្ស័យ​ជន​ជាតិ​ចិន​ខាង​លើ​ ត្រូវ​​បាន​ចោទ​ប្រកាន់​​ពាក់​ព័ន្ធ​នឹង​ករណី​បោក​បន្លំ​ប្រមាណ​ ១,៥៧០ ​ករណីដែល​ប្រតិបត្តិការ​​​រវាង​ប្រទេស​ទាំង​ពីរ ​ឡាវ-​ចិន​ ហើយ​ក្នុង​នោះ​មាន​ ៨ ​នាក់​ជា​មេក្លោង​ និង ​៥៤​ នាក់​ជា​​មេ​ការ​សំខាន់​ៗ​ក្នុង​ការ​រៀប​ចំ​ប្រតិបត្តិការ​នៃ​ក្រុម​ឆបោក​ ។ បើ​តាម​ក្រសួង​​សន្តិសុខ​សាធារណ​ចិន​ បាន​​រំលេច​ឡើង​ពី​ករណី​ឆបោក​អន​ឡាញ​​ធំ​ៗ​ជា​ច្រើន​​កើត​ឡើង​នៅ​បណ្តា​ខេត្ត​ចិន​ដូច​ជា ខេត្ត Zhejiang ​ខេត្ត Jiangsu និង​ខេត្ត​ Fujian ហើយ​ប្រព័ន្ធ​ឆបោក​ទាំងនេះ​មាន​ភ្ជាប់​ទាក់​ទង​ជា​បណ្តាញ​សំខាន់​ដែល​ប្រតិបត្តិ​ការ​នៅ​ប្រទេស​ឡាវ រហូត​មាន​ជា​ង ​១ ​ពាន់​ករណី​ ។ កាល​ពី​​ដើម​ខែ​មករា​កន្លង​ទៅ ក្រសួង​​​សន្តិសុខ​ចិន​​បាន​បញ្ជូន​សមត្ថកិច្ច​​​​មក​​​ចុះ​ស្រាវជ្រាវ​នៅ​តាម​បណ្តា​ខេត្ត​ខាង​លើ​ ដោយ​ក្តាប់​ព័ត៌មាន​បាន​ ​ព្រម​ទាំង​​​មាន​កិច្ច​សហប្រតិបត្តិការ​ជួយ​​ពី​ស្ថាន​ទូត​ចិន​ប្រចាំ​ប្រទេស​ឡាវ ។ មក​ដល់​ថ្ងៃ​ទី​២១ ខែមករា​ ឆ្នាំ២០២៤ ដោយ​មាន​ការ​សហ​​ការ​​រវាង​ប៉ូលិស​ចិន និង​ឡាវ​រួ​ម​គ្នា ក៏​បាន​បង្រ្កាប​​ករណី​បោក​អនឡាញ ឃាត់​បាន​ជន​សង្ស័យ ​១៥៤ ​នាក់ ដោយ​រឹប​អូស​បាន​ទូរសព្ទ​ដៃ​ជាង​ ២ ​ពាន់​គ្រឿង និង​កុំព្យូទ័រ​ ៤០០ ​គ្រឿង និងមាន​បន្ត​ប្រតិបត្តិ​​​​ការ​ជា​បន្ត​បន្ទាប់​​ទៀត​រហូត​បង្រ្កាប​​ជន​សង្ស័យ​ប្រមាណ​ ១១៤ ​នាក់​ទៀតដែល​ឃាត់​ខ្លួន​បាន​នៅ​រដ្ឋធានី​វៀង​ចន្ទន៍ និង​ខេត្ត​នៃ​តំបន់​ទេសចរ ហ្លួង​ព្រះ​បាង​ ។ គួរ​រំឭក​​ផង​ដែរ​ថា កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២៣ ​កន្លង​ទៅ ក្រសួង​​សន្តិសុខ​ឡាវ ក៏​បាន​ធ្វើ​បត្យាប័ន​​ប្រគល់​នូវ​ជន​សង្ស័យ​​១៦៤​ នាក់​ជូន​ដល់​ខាង​ប៉ូលិស​ចិន​ដើម្បី​អនុវត្ត​តាម​នីតិវិធី និងអនុស្សរណ​ព្រម​ព្រៀង​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ឆ្នាំ​២០២០ ហើយ​ពី​ឆ្នាំ​ ២០២៣ ​នោះ​ផង​ដែរ ភាគី​ចិន​ក៏​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​តំបន់​រួ​ម​មាន ​កិច្ច​សហការ​ជា​មួយ​ប្រទេស​កម្ពុជា, ហ្វីលីពីន, អារ៉ាប់​រួម​ ក៏​ដូច​បណ្តា​ប្រទេស​​​ឯ​ទៀត ក្នុង​ទិសដៅ​បង្រ្កាប​ និង​​បោស​សម្អាត​ករណី​ឆ​​បោក​​បន្លំ​​នៅ​​លើ​ប្រព័ន្ធ​អនឡាញ ៕ ​

website_news/20240305_02.txt · Last modified: 2024/03/11 11:32 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki