website_news:20240305_03

ពលរដ្ឋ​មួយចំនួន​នៅ​ឧត្ដរមានជ័យ​ប្រថុយ​ជីវិត​ចូល​កាប់​ឈើ​នៅ​ប្រទេស​ថៃ​ដើម្បី​ជីវភាព​គ្រួសារ

ពលរដ្ឋ​មួយចំនួន​រស់នៅ​ខេត្ត​ឧត្ដរមានជ័យ បន្ត​នាំគ្នា​ចូល​កាប់​ឈើប្រណិត​នៅក្នុង​ប្រទេស​ថៃ​ទាំង​ប្រថុយ​បាត់បង់​ជីវិត និង​ខុសច្បាប់ ដោយសារតែ​ជីវភាព​គ្រួសារ ។ អាជ្ញាធរ​មូលដ្ឋាន​ទទួលស្គាល់​ថា ពិត​ជា​មាន​ពលរដ្ឋ​ខ្មែរ​លួច​ចូល​ទៅ​កាប់​ឈើ​នៅ​ប្រទេស​ថៃ​មែន។

ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ បន្ត​នាំគ្នា​លួច​ចូល​ទៅ​កាប់​ឈើប្រណិត​នៅ​ប្រទេស​ថៃ ទាំង​ប្រថុយ​បាត់បង់​អាយុជីវិត ដោយសារតែ​ជីវភាព​គ្រួសារ​របស់​ពួកគេ​ជួប​ការ​លំបាក និង​ខ្វះខាត​ប្រាក់​សងបំណុល​ធនាគារ។ ពួកគេ​ថា នៅ​បី​ខែ​ចុង​ក្រោយនេះ មាន​ប្រជាពលរដ្ឋ​ចំនួន ២​នាក់​បាន​បាត់បង់​ជីវិត ដោយសារតែ​ចូល​ទៅ​កាប់​ឈើ​ត្រូវ​ទាហាន​ការពារ​ព្រំដែន​ថៃ​បាញ់រះ​ចំ​លើ។

មាន​វ័យ​៦០​ឆ្នាំ រស់នៅ​ភូមិ​សន្តិភាព ឃុំ​ត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង លោកស្រី តាំង ហេង រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៤ ខែ​មីនា ថា ពលរដ្ឋ​មួយចំនួន​បា​ននាំគ្នា​ចូល​ទៅ​កាប់​ឈើ​នៅ​ប្រទេស​ថៃ ក្នុង​នោះ​កូន​របស់​លោកស្រី​ក៏បាន​ចូល​ទៅ​កាប់​ឈើ​នៅ​ប្រទេស​ថៃ និង​មាន​គ្នា​ចំនួន ៥​នាក់​ទៀត ប៉ុន្តែ​ពួកគេ​មិនទាន់​បាន​កាប់​ឈើ​នោះ​ទេ ក៏​ត្រូវ​បាន​ទាហាន​ការពារ​ព្រំដែន​ថៃ​បាញ់​កាំភ្លើង​រះ​ចំ បណ្ដាល​ឲ្យ​កូន​របស់​លោកស្រី​ម្នាក់​បាត់បង់​ជីវិត ។ លោកស្រី​បន្ថែម​ថា ដោយសារ​ជីវភាព​គ្រួសារ​ក្រីក្រ​ទើប​សម្រេច​ឲ្យ​កូន​រកស៊ី​របរ​នេះ បើ​ទោះ​បី​ដឹង​ថា ទង្វើ​នេះ​ខុសច្បាប់​យ៉ាងណាក្ដី។

លោកស្រី តាំង ហេង៖ «បើ​វា​ស្លាប់​ទៅ​ហើយ​ទឹកដី​គេ​ផង​យើង​ទៅ​ខុសច្បាប់​ផង យើង​ធ្វើ​ម៉េច កុំ​មាត់​ទៅ​វា​ខុស​ទាំង​គ្នា​ការពារ​អ៊ីចឹង ទោះបី​អ្នកទិញ​ឈើ​ទោះបី​អ្នក​លក់​ឈើ​យើង​កុំ​ឲ្យ​មាន បើ​ស្លាប់​ហើយក៏​ស្លាប់​ទៅ»។

ស្រដៀង​គ្នា​នេះ​ដែរ បុរស​ម្នាក់​ដែល​បាន​ចូល​ទៅ​កាប់​ឈើ​នៅ​ប្រទេស​ថៃ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​និង​សំឡេង បាន​ឲ្យ​ដឹង​ថា ពួកគេ​ត្រូវ​ចំណាយពេល​៣​ទៅ​៤​ថ្ងៃ ដើម្បី​ធ្វើ​ដំណើរ​ថ្មើរជើង​ចូល​ទៅ​កាប់​ឈើ​នៅ​ខាង​ដី​ថៃ និង​ត្រូវ​ស្ពាយ​ឈើ​យក​មក​លក់​ឲ្យ​ឈ្មួញ​នៅ​កម្ពុជា​វិញ ដោយ​ក្នុង​មួយ​គីឡូ​លក់​បាន​ចាប់ពី​៩​ពាន់​រៀល​ឡើង​ទៅ​។ លោក​បន្ថែម​ថា នៅមុន​ពេល​ចូល​ទៅ គឺ​សមត្ថ​កិច្ចការពារ​ព្រំដែន​កម្ពុជា ជា​អ្នក​ផ្ដល់​ដំណឹង​អំពី​ការ​ចុះ​ល្បាត​ព្រំដែន​របស់​សមត្ថកិច្ច​ថៃ ដើម្បី​ងាយស្រួល​ក្នុង​ការ​ចូល​ទៅ​កាប់​ឈើ​ទាំងនោះ។

ពលរដ្ឋ​ដដែលឱ្យ​ដឹង​ថា ពីមុន​លោក​ធ្លាប់​ធ្វើការ​ជា​ជាង​សំណង់ ប៉ុន្តែ​ត្រូវ​ថៅកែ​បោកប្រាស់ មិន​បើក​ប្រាក់ខែ​ឲ្យ ទើប​លោក​ទៅ​កាប់​ឈើ​ទាំង​ខុស​ច្បាប់​បែប​នេះ។

ជុំវិញ​ករណី​ពលរដ្ឋ​ឆ្លង​ចូល​ប្រទេស​ថៃ​ដោយមាន​ការ​ជូនដំណឹង​ពី​សមត្ថកិច្ច​កម្ពុជា​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អភិបាល​ខេត្ត​ឧត្ដរ​មានជ័យ លោក ប៉ែន កុសល្យ បាន​ទេ នៅ​ថ្ងៃ​ទី៤​ខែ​មីនា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

ចំណែក​មេភូមិ​សន្តិភាព លោក យិន ដាច់ មានប្រសាសន៍ថា អាជ្ញាធរ​ភូមិ​ឃុំ​បាន​ណែនាំ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ មិន​ឲ្យ​ចូល​ទៅ​កាប់​ឈើ​នៅក្នុង​ទឹកដី​ថៃ​នោះ​ទេ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ ពលរដ្ឋ​នាំគ្នា​សម្រុក​ចូល​ទៅ​កាប់​ឈើ​នៅ​ប្រទេស​ថៃ​ម្ដងទៀត និង​មានការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ។ លោក​បន្ថែម​ថា អាជ្ញាធរ​កំពុងធ្វើការ​ទាក់ទង​ទៅ​អាជ្ញាធរ​ថៃ​ដើម្បី​សួរនាំ​រឿង​នេះ ប៉ុន្តែ​មិន​ទាន់​បាន​ដំណឹង​នោះ​ទេ រហូត​មក​ដល់​ពេល​នេះ។

លោក យិន ដាច់៖ «គាត់​ទៅ​រក​ឈើ​មិន​ដឹង​ថា ថៃ​គាត់​បាញ់​តែម្ដង​ស្លាប់ ឬក៏​រស់​នោះ​ទេ ក៏​បាត់​ត្រឹមនេះ​តែម្ដង​ទៅ​ឲ្យ​គេ​ទាក់ទង​តាម​ទាហាន និង​ទាហាន​ឲ្យ​គេ​កំពុង​ស្រាវជ្រាវ​បើ​ឃើញ​ហើយ​សុំ​ឲ្យ​ដំណឹង​ប៉ុន្តែ​ខ្លះ​ដំណឹង​ស្លាប់​ហើយ​អ្នកខ្លះ​មិន​ទាន់​ស្លាប់​ទេ»។

ទាក់ទិន​នឹង​រឿង​នេះ សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត ឲ្យ​ដឹង​ថា លោក​មាន​ការ​សោកស្ដាយ នៅពេល​ដែល​មាន​ករណី​ទាំងនេះ​កើតឡើង​មក​លើ​ពលរដ្ឋ​កម្ពុជា។ លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ បញ្ឈប់​ប្រកប​របរ​មួយ​នេះ និង​ស្វែងរក​មធ្យោបាយ​ផ្សេងទៀត​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ហើយ​អាជ្ញាធរ​កម្ពុជា​ត្រូវតែ​រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​កម្ពុជា ពីព្រោះ​ពួកគាត់​ធ្វើ​ទង្វើ​ទាំងនេះ​ក៏ដោយ​សារ​ជីវភាព​គ្រួសារ​ខ្វះខាត​និង​មិនអាច​បាញ់សម្លាប់​បែបនេះ​នោះ​ទេ។

លោក លី ចាន់ដារ៉ាវុត៖ «ទោះបីជា​យ៉ាងណា​អាជ្ញាធរ​មូលដ្ឋាន​គួរ​ណាស់​តែ​ជួយ​រក​យុត្តិធម៌​ប្រជាជន​ខ្មែរ ទោះបីជា​ប្រជាជន​ខ្មែរ​យើង​ទៅ​កាប់​ឈើ​ទឹកដី គេ​វា​ខុស​មែន ប៉ុន្តែ​យ៉ាងហោចណាស់​ក៏​មិន​មាន​ទោស​ដល់​ស្លាប់ ឬក៏​មានទោស​យ៉ាងណា​ក៏​គាត់​មាន​សិទ្ធិ​ការពារ​ខ្លួន​ដែរ ការ​បាញ់សម្លាប់​នៅ​នឹង​កន្លែង​វា​ហាក់បីដូចជា​អយុត្តិធម៌​សម្រាប់​ប្រជាជន​ខ្មែរ​យើង​ដែរ»។

សកម្មជន​បរិស្ថាន ទទូច​ឲ្យ​រដ្ឋាភិបាល ត្រូវ​បង្កើត​ការងារ​នៅក្នុង​ស្រុក ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ចំណូល ដោះស្រាយ​បញ្ហា​ជីវភាព​គ្រួសារ ពីព្រោះ​បច្ចុប្បន្ន​ពលរដ្ឋ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច និង​មិន​មាន​ការងារ​ធ្វើ​គ្រប់គ្រាន់ ។ លើស​ពី​នោះ អាជ្ញាធរ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ត្រូវតែ​ព្យាយាម​ទប់ស្កាត់​និង​ការពារ​ពលរដ្ឋ​ដែល​រងគ្រោះ៕

website_news/20240305_03.txt · Last modified: 2024/03/11 11:41 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki