website_news:20240306_04

អភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសខុសច្បាប់គ្រប់ប្រភេទ ពិសេសការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»

(ត្បូងឃ្មុំ)៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានដាក់ចេញវិធានការចំនួន ៧ចំណុច ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសខុសច្បាប់គ្រប់ប្រភេទ ពិសេសការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»។

នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិទី៧ បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព។

លោកអភិបាលខេត្តបានបន្តថា តាមរយៈយុទ្ធសាស្រ្តនេះ ជ្រុងមួយបានផ្តោតជាសំខាន់លើការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» សម្រាប់រដ្ឋបាលក្រុង/ស្រុក អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំអនុវត្តប្រកបដោយទំនួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានោះ លោកបណ្ឌិត អភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ បន្តពង្រឹងស្មារតីម្ចាស់ការខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកិច្ចការសំខាន់ៗ ដោយដាក់ចេញនូវ វិធានការ ០៧ចំណុចរួមមាន៖

ទី១៖ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ទី២៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ទី៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ទី៤៖ គា្មនអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្តីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ទី៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព ទី៦៖ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ទី៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

បន្ថែមពីនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ និងអាជ្ញាធរទាំង០៧ក្រុងស្រុក ត្រូវសហការគ្នា បន្តបង្រ្កាបនូវបញ្ហាបទល្មើសគ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសបន្តចុះបង្រ្កាបបទល្មើសទន្រ្ទានដីព្រៃលិចទឹក ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀន ដោយមិនត្រូវឱ្យកើតមាននៅតាមភូមិឃុំ ឬភូមិសាស្រ្ដណាមួយឡើយ ដាច់ខាតត្រូវតែបង្រ្កាបឱ្យបាន។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានផ្តល់ជូននៅបណ្ណសរសើ និងថវិកាមួយចំនួន ជូនដល់បណ្តាក្រុង/ស្រុក ដែលមានស្នាដៃ ក្នុងការចូលរួម អនុវត្តតាមគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» នាពេលកន្លងមក ទទួលបានប្រសិទ្ធភាពផងដែរ៕

website_news/20240306_04.txt · Last modified: 2024/03/11 12:14 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki