website_news:20240306_05

ពលរដ្ឋខ្មែរ២៥នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍នៅថៃ ត្រូវបានថៅកែជួយចេញថ្លៃព្យាបាលទាំងស្រុង

ពលករខ្មែរចំនួន២០នាក់ និងកុមារ៥នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅលើទឹកដីថៃកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ត្រូវបានថៅកែជាជនជាតិថៃទទួលរ៉ាប់រងរាល់ការចំណាយលើថ្លៃព្យាបាលទាំងស្រុង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា​ នារសៀលថ្ងៃទី០៦ ខែមីនា នេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ទទួលបានព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចស្រុកណាឌី ខេត្តប្រាជីនបុរីថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៤ មានពលករខ្មែរចំនួន២០នាក់ និងកុមារចំនួន៥នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរពីកន្លែងស្នាក់នៅដែលស្ថិតក្នុងភូមិខ្នងម៉ាឡៃ ឆ្ពោះទៅស្រុកណាឌី ខេត្តប្រាជីនបុរី ដើម្បីទៅធ្វើការ។ គ្រោះថ្នាក់នេះ បានបណ្តាលឱ្យពលករខ្មែររងរបួសធ្ងន់ចំនួន២នាក់ និងស្រាលចំនួន២៣ នាក់។ ក្រោយពេលកើតហេតុ ពលករខ្មែរចំនួន២នាក់ ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅមន្ទីរពេទ្យស្រុកកាប៊ីនបុរី ខេត្តប្រាជីនបុរី។ ចំណែកអ្នករងរបួសស្រាល ក្រោយពីត្រូវបានសង្គ្រោះបឋមរួចហើយ ត្រូវបានថៅកែថែទទួលយកទៅកន្លែងស្នាក់នៅវិញ។ តាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Matichon online បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅចំណុចក្នុងភូមិ Ban Thap ត្រង់ចំណុចផ្លូវ Ban Khao Khat-Ban Kaeng Dinso ដែលជាផ្លូវកោងខ្លាំង៕

website_news/20240306_05.txt · Last modified: 2024/03/11 12:47 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki