website_news:20240306_06

សមត្ថកិច្ច ថៃ បង្ក្រាបករណីជួញដូរមេជីវិតសម្រាប់ពពោះខុសច្បាប់ចូលមក ឡាវ និងកម្ពុជា

https://www.kampucheathmey.com/global-news/669483 សមត្ថកិច្ច​ថៃកាលពីពេល​ថ្មី​ៗ​នេះបង្រ្កាប​បាន​ករណី​​បណ្តាញ​ជួញ​ដូរ​​មួយ​ទាក់​ទិន​នឹង​​​ការ​​​នាំ​ចេញ​​មេ​ជីវិត​​ដើម្បី​ប្រតិបត្តិ​ការ​​​ពពោះ​​ជំនួស​​ដោយខុស​ច្បាប់ចូល​​​ទៅ​ក្នុង​​ប្រទេស​​អាស៊ានចំនួន ២ ​រួម​មាន​ កម្ពុជា និង​ឡាវ​ ។ នេះ​បើ​តាម​​ការ​ចុះ​​ផ្សាយ​​របស់​សារព័ត៌មាន​ Thai Rath ។ ក្នុង​ប្រតិបត្តិ​​ការ​បង្រ្កាប​ខាង​លើ​ កម្លាំង​ប៉ូលិសនៃ​នាយកដ្ឋាន​បង្រ្កាប​បទ​ល្មើស​ព្រហ្មទណ្ឌ​​​ថៃ​​​បាន​ឃាត់​ខ្លួន​​​បុរស​ម្នាក់​ឈ្មោះ​ Theeraphong Chaisuk ជន​ជាតិ​ថៃ​ វ័យ​ ៣៣ ​ឆ្នាំ កាល​ពី​ចុង​ខែ​កុម្ភៈ​​កន្លង​ទៅ​នៅ​ក្នុង​ខេត្ត Nonthaburi ​។ បុរស​ជន​សង្ស័យ​នេះ គឺ​ជា​មេ​ខ្យល់​សំខាន់​ដែល​​ពាក់​ព័ន្ធ​ករណី​​ជួញ​ដូរ​ដឹក​​ជញ្ជូន​មេ​ជីវិត​​​ឆ្លង​ដែន​​ទៅ​​កាន់​​ប្រទេស​ឡាវ និង​កម្ពុជា​ ក្នុង​ទិស​ដៅ​ប្រតិបត្តិ​ការ​បណ្តាញ​ពពោះ​ជំនួស​​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ ។

បើ​តាម​សម្តី​អគ្គ​មេបញ្ជាការ​នៃ​នាយកដ្ឋាន​​​​​ខាង​លើ គឺ​លោក Montri Theskhan បាន​​លើក​ឡើង​ថា សកម្មភាព​​​នាំ​ចេញ​មេ​ជីវិត​ខុស​ច្បាប់​នេះ ភាគ​ច្រើន​ជា​ប្រតិបត្តិ​ការ​​​​ជួល​​ស្រ្តី​​ក្នុង​ប្រទេស​​​ដូច​ជានៅ​អាស៊ានជាដើម ។ ទិស​ដៅ​នេះ​គឺ​សម្រាប់​​​ឲ្យ​ទារក​ដែល​កើត​ចេញ​ពី​ការ​ពពោះ​ជំនួស​ ​ទទួល​បាន​សញ្ជាតិ​នៅ​ប្រទេស​នោះ រួច​ទទួល​​ផល​​ជា​លុយ​​ពី​សកម្មភាព​ឧក្រិដ្ឋកម្ម​ផ្សេង​ៗ​រួម​មាន ការ​លាង​លុយ​កខ្វក់​ជា​ដើម ហើយ​ពិសេស​​នោះ​គឺភាគច្រើនជា​ជន​ជាតិ​ចិន​រក​ស៊ី​ខុស​ច្បាប់​​​ ​នៅ​ពី​ក្រោយ​ករណី​នេះ ​។

ដោយ​ឡែក​ សម្រាប់​ជន​សង្ស័យ​ឈ្មោះ Theeraphong ខាង​លើ​កំពុង​ត្រូវ​ចោទ​ប្រកាន់​ពី​ការ​​ដឹក​នាំ​ចេញ​នូវ​ទំនិញ​ហាម​ឃាត់​សំខាន់ៗ​មួយ​ចំនួន​រួម​មាន មេ​ជីវិត ​(ទឹក​កាម​)​ បង្កក​ច្រក​ក្នុង​ដប​, ស៊ុត​ដែល​ត្រៀម​វិវដ្ត​ជា​គភ៌ និង​ទារក​​ក្នុង​ផ្ទៃ​ដែល​ត្រៀម​ផ្សាំឆ្លង​ដែន​ចេញ​ទៅ​ ។

ក្នុង​ការ​ឃាត់​ខ្លួន ជនសង្ស័យសារភាព​ថា ​ធ្លាប់​បានចាប់​ផ្តើម​រក​ស៊ី​បែប​នេះ​​ពី​ឆ្នាំ​ ២០១៤ ​មក ដោយ​ក្នុង​ការ​ដឹក​ជញ្ជូន​មួយ​ជើង​​ប្រហែល​ ១០០ ​ដប ហើយ​​ទទួល​ផល​បទ​ល្មើស​​បាន​ប្រមាណ​​ពី​ ១០,០០០ ទៅ ​១៥,០០០ ​បាត​ស្មើ​នឹង​ ២៧៧ ទៅ​៤១៦ ​ដុល្លារ​អាមេរិក​ក្នុង​មួយ​ដប​ៗ ​។ ​​​ ចម្លើយ​សារភាព​របស់​ Theeraphong ដដែល​បាន​ឲ្យ​ដឹង​បន្ថែម​ថា ដោយ​សារ​នៅ​ប្រទេស​ថៃ​មាន​ច្បាប់​តឹង​តែង​ក្នុង​ការ​ប្រតិបត្តិការ​ពពោះ​ជំនួស​ដូច​រូប​គេ​ក៏​ទទួល​​រក​ស៊ី​ខុស​ច្បាប់​ដឹក​ជញ្ជូន​​ទៅ​កាន់​ប្រទេស​ទី​បី ពោល​គឺ​ប្រទេស​ជិត​ខាង​នោះ ​។

គួរ​រំឭក​ផង​ដែរ​ថា ប្រតិបត្តិការ​ស្រាវជ្រាវ​ និង​បង្រ្កាប​​​​របស់​កម្លាំង​ប៉ូលិស​ជំនាញ​ថៃ​ទៅ​លើ​បទ​ល្មើស​​កន្លង​មក​ បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​ ២០១៧ ហើយ​ករណី​ដំបូង​នា​ឆ្នាំ​នោះ ប៉ូលិស​ថៃ​បង្រ្កាប​ និង​រឹប​អូស​បាន​នូវ​មេ​ជីវិត​ ដែល​គេ​បង្កក​លាក់​ក្នុង​​បំពង់​ឧស្ម័ន​សម្រាប់​នាំ​ចេញ ​ពី​ចំណុច​ស្ពាន​មិត្ត​ភាព​ថៃ​-ឡាវ ពី​ខេត្ត​ Nong Khai ​ភាគ​ខាង​ជើង​ថៃ ឆ្ពោះ​ទៅ​ព្រំដែន​ឡាវ​ ខណៈ​​សម្រាប់​បទ​ពិសោធ​នេះ កម្លាំង​សមត្ថកិច្ច​ថៃ​ក៏​បាន​អះ​អាង​ផង​ដែរថា នឹង​ចាត់​ចំណាត់​ការ​បង្រ្កាប​​បោស​សម្អាត​​ការ​រត់​ពន្ធ​ខុស​ច្បាប់​​ជា​បណ្តាញ​នេះ​​ឲ្យ​អស់​​ឫស​គល់​​តែ​ម្តង​ ៕​​

website_news/20240306_06.txt · Last modified: 2024/03/11 12:56 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki