website_news:20240307_02

The Jakarta Globe៖ ពលរដ្ឋឥណ្ឌូណេស៊ីចំនួន ៦០% រស់នៅកម្ពុជាកំពុងធ្វើការក្នុងល្បែងអនឡាញ

ក្រសួងការបរទេសឥណ្ឌូនេស៊ីទទួលស្គាល់​ពីការ​កើនឡើងចំនួនពលរដ្ឋឥណ្ឌូនេស៊ី ដែលចូលរួមបង្ក​បញ្ហា​​ល្បែងអនឡាញនៅកម្ពុជា​​​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ The Jakarta Globe ចុះថ្ងៃទី​​៦មីនា ឆ្នាំ​២០២៤ ដោយដកស្រង់​របាយការណ៍ពី​​​ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា។ តាម The Jakarta Globe ​ ពលរដ្ឋឥណ្ឌូនេស៊ីដែលមានវត្តមាន​នៅកម្ពុជាប្រមាណ​៦០% កំពុង​ធ្វើ​ការល្បែងអនឡាញ​​។ ក្រសួងការបរទេសឥណ្ឌូនេស៊ីបានទទួលស្គាល់ពីនិន្នាការកើនឡើងនៃ​ពលរដ្ឋឥណ្ឌូនេស៊ី ដែល​ចូលរួមបង្កបញ្ហា​ល្បែងអនឡាញនៅកម្ពុជា​។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន​ The Jakarta Globe ថ្ងៃទី​៦មីនា ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាបញ្ជាក់​ថា ពលរដ្ឋឥណ្ឌូ​នេស៊ី​​ដែលមានវត្តមាននៅកម្ពុជាប្រមាណ​​​​៦០% កំពុង​ធ្វើការងារក្នុងឧស្សាហកម្ម​ល្បែងអនឡាញ។ ការបញ្ជាក់របស់ស្ថានទូត​ឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាក្នុង​ The Jakarta Globe នេះ​ គឺ​​ដោយយោង​តាម​របាយការណ៍​ ដែលផ្តល់ដោយមន្ត្រី​ជាន់ខ្ពស់​ផ្នែក​គាំពារពលរដ្ឋឥណ្ឌូនេស៊ី និងជំនួយផ្នែកច្បាប់​របស់ក្រសួងការបរទេសឥណ្ឌូនេស៊ី។​ ​របាយការណ៍នោះបានបង្ហាញទិ​ន្នន័យស្តីពីចំនួន​ពលរដ្ឋឥណ្ឌូនេស៊ីនៅកម្ពុជា ដែល​ខុសគ្នាដាច់ស្រឡះពីទិន្នន័យ​ដែល​មានក្នុងរបាយការណ៍​របស់​អាជ្ញាធរកម្ពុជា។ តាមរបាយការណ៍របស់ស្ថានទូតឥណ្ឌូនេស៊ីនៅកម្ពុជា បច្ចុប្បន្ននេះ​ពលរដ្ឋឥណ្ឌូនេស៊ីកំពុងស្នាក់នៅប្រទេសកម្ពុជាមាន​ចំនួនជាង ​១៧០០០នាក់។ ផ្ទុយទៅវិញ របាយការណ៍របស់អាជ្ញាធរកម្ពុជា​ គឺ​មានដល់ទៅ​ជាង​៧៣០០០នាក់​ ដែលជាតួលេខខុសគ្នាជិត​៧ដងឯណោះ។ ​ក្នុង The Jakarta Globe ដដែល​ ក្រសួងការបរទេសឥណ្ឌូនេស៊ី​ចាត់ទុកថា ​ពលរដ្ឋខ្លួន​ភាគច្រើនដែលគ្មានក្នុងរបាយការណ៍នេះ​ ​គឺ​ពាក់ព័ន្ធ​ទៅនឹង​​​អាជីវកម្ម​ល្បែងអនឡាញ​នៅកម្ពុ​ជា។ ប៉ុន្តែ​ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី លោក​ Santo Darmosumarto ធ្លាប់ទទួលស្គាល់​ថា ប៉ុន្មានឆ្នាំចុងក្រោយនេះពលរដ្ឋឥណ្ឌូនេស៊ីកាន់តែច្រើន​បានចូលមក​​ធ្វើអាជីវកម្មនៅកម្ពុជា ដែលជា​អាជីវកម្មទាក់ទងនឹងល្បែង​នៅតាមភោជនីយដ្ឋាន ហាងបោកអ៊ុត ហាងកែសម្ផស្ស និង​ហាងលក់ទូរស័ព្ទដៃជាដើម។ តែឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីក៏មិនភ្លេចបញ្ជាក់ថា​ ពលរដ្ឋឥណ្ឌូនេស៊ីទាំងនោះភាគច្រើន មិន​​ពាក់ព័ន្ធនឹង​បទល្មើសជួញដូរមនុស្សទេ។ ឯកអគ្គរដ្ឋ​ទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាអះអាងថាឥណ្ឌូនេស៊ីកំពុង​ពិភាក្សា​និងចូលរួមដោះស្រាយ​បញ្ហា​ល្បែងអនឡាញនៅកម្ពុជា ព្រោះវាក៏ជាកង្វល់សម្រាប់ឥណ្ឌូនេស៊ីដែរ។​ ក្រសួងមហាផ្ទៃកម្ពុជា តាមរយៈអ្នកនាំពាក្យ លោក ទូច សុខៈ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៧មីនានេះថានឹង​ពិនិត្យការចុះផ្សាយរបស់ The Jakarta Globe នេះតាមទិដ្ឋភាពជាក់ស្តែង និងតាមច្បាប់របស់កម្ពុជា។ តាមលោក ទូច សុខៈ គិតចាប់តាំងពីដើមឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃបង្ក្រាបបានករណីល្បែងអនឡាញខុសច្បាប់គ្រប់ប្រភេទជាង ៣០០ទីតាំង ក្នុងនោះល្បែងអនឡាញចំនួន១ទីតាំង ឃាត់ខ្លួនមនុស្ស៦នាក់ និងល្បែងភ្នាល់ផ្សេងៗតាមអ៊ីនធឺណែត១២ទីតាំង ឃាត់ខ្លួនមនុស្ស៣៦នាក់។ ក៏ប៉ុន្តែលោក ទូច សុខៈ មិនបានគូសបញ្ជាក់អំពីសញ្ជាត្តិនិងជនជាតិបាននៅឡើយទេ៕

website_news/20240307_02.txt · Last modified: 2024/03/11 14:23 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki