website_news:20240310_01

រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងកូរ៉េ ជួបពិភាក្សាការងារដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបជាមួយលោក លី ជុងស៊ីក (Lee Jung Sik) រដ្ឋមន្ត្រីក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ នៅប្រទេសកូរ៉េ។ ក្នុងជំនួបនោះ លោក ហេង សួរ បានថ្លែងអំណរគុណចំពោះលោក លី ជុងស៊ីក សម្រាប់កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសលើកិច្ចសហប្រតិបត្តិការលើការទទួលកម្មករ តាមរយៈប្រព័ន្ធអនុញ្ញាតការងារ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៦។ លោក ហេង សួរ បន្ថែមថា តាមរយៈប្រព័ន្ធនេះ ពលករខ្មែរអាចទទួលបានប្រាក់ចំណូលខ្ពស់ ដែលអាចចិញ្ចឹមគ្រួសារទាំងមូលបាន។ ទន្ទឹមនឹងនោះ ពលករខ្មែរអាចទទួលបានបទពិសោធន៍ និងចំណេះដឹងក្នុងវិស័យសំខាន់ៗ ដើម្បីត្រឡប់មកជួយពង្រឹង និងអភិវឌ្ឍន៍កម្ពុជាក្រោយចប់អាណត្តិការងារ។ ​ ក្រៅពីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករទៅប្រទេសកូរ៉េ លោក ហេង សួរ ក៏បានស្នើឱ្យលោក Lee Jung Sik សម្របសម្រួលបន្ថែមលើកម្មវិធីពលករជំនាញ (E-7) លើកម្មវិធី E-9 ដែលមានស្រាប់ និងពិនិត្យលទ្ធភាពនៃការផ្សព្វផ្សាយ និងពិនិត្យលទ្ធភាពនៃការជំរុញកិច្ចសហប្រតិបត្តិការរវាង ទីភ្នាក់ងារសុវត្ថិភាពការងារ និងសុខភាពកូរ៉េ ជាមួយនាយកដ្ឋានពេទ្យការងារ អង្គភាពសុខុមាលភាពការងារ និងសំណងគ្រោះថ្នាក់ការងារកូរ៉េ ជាមួយបេឡាជាតិរបបសន្តិសុខសង្គម សេវាព័ត៌មានការងារកូរ៉េជាមួយទីភ្នាក់ងារជាតិមុខរបរ និងការផ្តល់ជំនួយបន្ថែមសម្រាប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ តាមរយៈកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងមុខរបរ និងការងារកូរ៉េ នឹងបន្តផ្តល់ឱកាសការងារដល់ពលករខ្មែរ ដែលមានបំណងទៅធ្វើការនៅប្រទេសកូរ៉េ ក៏ដូចជាសហការអភិវឌ្ឍលើវិស័យសំខាន់ៗរួមគ្នា ដើម្បីសម្រេចបានលទ្ធផលជាវិជ្ជមានរវាងរដ្ឋាភិបាលកម្ពុជា-កូរ៉េ។ លោកក៏បានសាទរចំពោះក្រសួងការងារកម្ពុជា ដែលបានសហការបញ្ជូនពលករប្រកបដោយទំនួលខុសត្រូវ និងទាន់ពេលវេលា ដោយលោកបានសង្កត់ធ្ងន់ថា កម្មករកម្ពុជាខិតខំធ្វើការ និងស្មោះត្រង់។ ទាំងនេះជាកត្តាដែលកម្ពុជាទទួលបានកូតាបន្ថែមពីរដ្ឋាភិបាលកូរ៉េនៅឆ្នាំ២០២៤។ ជាមួយគ្នានេះ លោក Lee Jung Sik នឹងពិនិត្យលទ្ធភាពផ្តល់កិច្ចសហប្រតិបត្តិការឱ្យបានឆាប់តាមដែលអាចធ្វើបាន តាមការស្នើសុំរបស់លោក ហេង សួរ ហើយលោកក៏បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសកម្ពុជា ដែលបានសហការជាមួយក្រសួងមុខរបរនិងការងារ និងស្ថាប័នពាក់ព័ន្ធនានាប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលវិជ្ជមានជាច្រើនសម្រាប់ប្រទេសទាំងពីរ កន្លងមក៕

website_news/20240310_01.txt · Last modified: 2024/03/11 15:20 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki