website_news:20240310_04

ក្រុមចោរនៅ នីហ្សេរីយ៉ា ចាប់ពង្រត់ក្មេងៗសិស្សសាលាជិត ៣០០នាក់

យ៉ាងហោចណាស់មានក្មេងសិស្សសាលាចំនួន ២៨៧ នាក់ដែលភាគច្រើនអាយុ ៨ ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងចាប់ពង្រត់ ក្រោយការវាយឆ្មក់ចូលសាលារបស់ពួកគេក្នុងរដ្ឋ Kaduna ភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ា ។​ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី​៩ ​ខែមីនា។​ អ្នកនាំពាក្យប៉ូលិសបាននិយាយថា សិស្សជាង ៣០០ នាក់ ត្រូវបានចាប់ពង្រត់ពីបរិវេណសាលានៅម៉ោងប្រហែល ៨ ព្រឹកថ្ងៃព្រហស្បតិ៍ដោយក្រុមចោរប្រដាប់អាវុធជិះម៉ូតូ បន្ទាប់ពីបានវាយលុកចូលសាលាបឋមសិក្សា និងអនុវិទ្យាល័យ LEA នៅក្នុងភូមិ Kuriga ស្រុក Chikun នៃរដ្ឋ Kaduna ។ ទោះយ៉ាងណា សិស្សមួយចំនួនត្រូវបានជួយសង្គ្រោះ ប៉ុន្តែ ២៨៧ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមចោរ ហើយក្នុងនោះ ១០០ នាក់ជាសិស្សបឋមសិក្សា និង ១៨៧ នាក់ជាសិស្សអនុវិទ្យាល័យ ។ គួរបញ្ជាក់ថា ជនជាតិនីហ្សេរីយ៉ាកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយក្នុងចំណោមបណ្ដាប្រទេសអាហ្វ្រិកខាងលិចក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ ខណៈរដ្ឋ Kaduna បានជួបឧប្បត្តិហេតុចាប់ជំរិតដដែលៗពីសំណាក់ក្រុមចោរដើម្បីលោះយកប្រាក់ ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសនីហ្សេរីយ៉ាមានការចាប់ពង្រត់យ៉ាងច្រើន ដោយនៅឆ្នាំ ២០២១ និស្សិតប្រហែល ២០ នាក់មកពីសកលវិទ្យាល័យឯកជនមួយកន្លែងនៅក្នុងរដ្ឋនេះ ក៏ត្រូវបានចាប់ពង្រត់ដោយខ្មាន់កាំភ្លើងផងដែរដែលក្នុងនោះ ៥ នាក់ត្រូវបានសម្លាប់ បន្ទាប់ពីតម្លៃលោះមិនត្រូវគ្នា ៕

website_news/20240310_04.txt · Last modified: 2024/03/11 15:53 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki