website_news:20240311_02

​នៅ​ឆ្នាំនេះ ប្រទេស​កូរ៉េ​ បង្កើន​ឱកាស​ការងារ​ដល់​ពល​រដ្ឋ​ខ្មែរ​កាន់តែច្រើន

ភ្នំពេញៈ កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ការ​គាំពារ​ពលករ​កម្ពុជា ខណៈ​ភាគី​កូរ៉េ​បន្ត​ផ្តល់ឱកាស​ការងារ​កាន់​តែ​ច្រើន​ជូន​ពលករ​កម្ពុជា​ដែលមាន​បំណង​ទៅ​បម្រើ​ការងារ​ទីនោះ ក្រោម​ហេតុផល​ពលករ​កម្ពុជា​បាន​ខិតខំ​បំពេញការងារ​ដោយស្មោះ​ត្រង់ និង​ឧស្សាហ៍​ព្យាយាម​។​

​ការបង្កើន​កិច្ចសហប្រតិបត្តិការ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងពេល​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក​ ហេង សួរ បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ និង​បាន​ជួបពិភាក្សា​កា​ងារ​ជាមួយ​លោក លី ចង់ស៊ី​ក ​(Lee Jung Sik)​ រដ្ឋមន្ត្រី​ក្រសួង​មុខរបរ និង​ការងារ​នៃ​សា​ធា​​រណ​រដ្ឋ​កូរ៉េ និង​លោក លី ឆ​ល់​វូ (Lee Cheol Woo)​ អភិបាលខេត្ត​ក្យ​ង់​សាំង​ប៊ូ​ក​ដូ ផងដែរ​។ នេះ​បើតាម​ការជូនដំណឹងរ​បស់​ក្រសួង​ការងារ​នៅ​ថ្ងៃទី​ ១០ មីនា ឆ្នាំ​ ២០២៤​។​

​នៅក្នុង​ជំនួប​នោះ លោក ហេង សួរ បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​លើ​ការទទួល​ពលករ​តាម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ​ (EPS)​ ដែល​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​ ២០០៦ ​មក​។​

​លោក​បាន​បញ្ជាក់ថា​៖ «​តាមរយៈ​ប្រព័ន្ធ​នេះ​ពលករ​កម្ពុជា​អាច​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​ដែល​អាចជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទាំងមូល​របស់​ពួកគាត់​បាន​។ ទន្ទឹមនឹងនេះ ពលករ​កម្ពុជា​អាច​ទទួលបាន​បទពិសោធ​ន៍ និង​ចំណេះ​​ជំនាញ​លើ​វិស័យ​សំខាន់ៗ​ដើម្បី​ត្រឡប់​មកជួយ​ពង្រឹង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ក្រោយ​បញ្ចប់​អាណត្តិ​ការងារ​»​។​

​ក្រៅពី​កិច្ចសហប្រតិបត្តិការ​លើ​ការ​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​សា​ធា​រណ​រដ្ឋ​កូរ៉េ លោក ហេង សួរ បានស្នើ​លោក ​លី ចង់ស៊ី​ក ជួយ​សម្របសម្រួល​បន្ថែ​ម​លើ​កម្មវិធី​ពលករ​ជំនាញ​ដែលមាន​ស្រាប់ ព្រមទាំង​ពិនិត្យមើល​លទ្ធ​ភាព​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​កូរ៉េ​ជាមួយ​នាយកដ្ឋាន​ពេទ្យ​ការងារ​។ អង្គភាព​សុខុមាលភាព និង​សំណង​គ្រោះថ្នាក់​ការងារ​កូរ៉េ​ជាមួយ​បេឡា​ជាតិ​សន្តិសុខ​សង្គម​, អង្គភាព​សេវា​ព័ត៌មាន​ការងារ​កូរ៉េ ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខ​​របរ និង​ការងារ និង​ការ​ផ្តល់ជំនួយ​បន្ថែម​លើ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។​

​ក្នុងជំនួប​នេះ ភាគី​រដ្ឋមន្ត្រី​មុខរបរ​និង​ការងារ​កូរ៉េ​បាន​សន្យាថា នឹង​បន្ត​ផ្តល់ឱកាស​ការងារ​ជូន​បងប្អូន​ពលករ​កម្ពុជា​ដែលមាន​បំណង​ទៅ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ក៏ដូចជា​សហការ​អភិវឌ្ឍ​ន៍​លើ​វិស័យ​សំខាន់ៗ​រួម​គ្នា​ដើម្បី​ទទួលបាន​លទ្ធផល​វិជ្ជមាន​រវាង​រដ្ឋាភិបាល​កម្ពុ​ជា​-​កូរ៉េ​។​

​បើតាម​ក្រសួង​ការងារ នៅក្នុង​ឱកាស​នោះ​ «​ឯកឧត្តម លី ចង់ស៊ី​ក បាន​កោត​សរសើរ​ក្រសួង​ការងារ​ដែល​បាន​សហ​ការ​លើ​ការបញ្ជូន​ពលករ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ទាន់ពេល​​វេលា​ព្រមទាំង​បញ្ជាក់ថា ពលករ​កម្ពុជា​មានកា​រខិត​ខំប្រឹងប្រែង​ឧស្សាហ៍​ព្យា​យាម ស្មោះត្រង់ ដែល​កត្តា​ទាំងនេះ​នាំឱ្យ​ក្នុង​ឆ្នាំ ​២០២៤ កម្ពុជា​ទទួលបាន​កូតា​កាន់តែច្រើន​បន្ថែមទៀត​ពីរ​ដ្ឋា​ភិ​បាល​កូរ៉េ​»​។​

​ឆ្លើយតប​ទៅនឹង​សំណើ​របស់​កម្ពុជា លោក ​លី ចង់ស៊ី​ក សន្យាថា ​នឹង​ពិនិត្យមើល​លទ្ធភាព​ផ្តល់​កិច្ចសហការ​ឱ្យបាន​លឿន និង​បាន​ថ្លែងអំណរគុណ​ក្រសួង​ការងារ​សម្រាប់​កិច្ចសហការ​ជាមួយ​ក្រសួង​មុខរបរ និង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​យ៉ាងច្រើន​សម្រាប់​ប្រទេស​ទាំង ​២ នាពេល​កន្លងមក​។​

​ដោយឡែក​នៅក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ លោក ហេង សួរ ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ​លី ឆ​ល់​វូ អភិបាលខេត្ត​ក្យ​ង់​សាំង​ប៊ូ​ក​ដូ​ផងដែរ កាលពី​ថ្ងៃទី ​៦ ខែមីនា ដោយ​ភាគី​ទាំង ២ ​នឹង​បន្ត​សហប្រតិបត្តិការ​គ្នា​កាន់តែ​ស្អិតល្មួត​បន្ថែមទៀត​និង​ជួយ​អភិវឌ្ឍ​វិស័យ​ការងារ ហើយ​អាច​ពង្រីក​លើ​វិស័យ​សំខាន់ៗ​ផ្សេងទៀត ជាពិសេស​ការ​រឹតចំណង​សាមគ្គីភាព​រវាង​ប្រទេស​ទាំង​ ២​ ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​យោងតាម​ក្រសួង​ការងារ នៅក្នុង​ជំនួប​នោះ លោក​អភិបាលខេត្ត​ថា​នឹង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្តល់ជំនួយ​ជា​សម្ភារ​ឧបករណ៍​សម្រាប់​បំពាក់​នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវ​: បង្កើត​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍ សិស្ស និស្សិត គ្រូ​បច្ចេកទេស ចែករំលែក​បទ​ពិសោធន៍​ប្រព័ន្ធ​បច្ចេកវិទ្យា រួមទាំង​ផ្តល់ជំនួយ​រថយន្ត​ពន្លត់​អគ្គិភ័យ និង​រថយន្ត​សង្គ្រោះបន្ទាន់​។​

​ជុំវិញ​ការបញ្ជូន​ពលករ​ទៅ​កូរ៉េ​នេះ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មក​រ​បាន​ថ្លែងថា កម្ពុជា​ក៏​មិន​ខុសពី​ប្រទេស​ផ្សេងៗ​ទេ​គឺ​ដើម្បី​ទទួលបាន​ប្រាក់ចំណូល​សមរម្យ​។​

​លោក​បាន​បន្តថា ក្រោម​កិច្ច​សហ​ការ​រវាង​រដ្ឋាភិបាល​កម្ពុជា​-​កូរ៉េ​ តាមរយៈ​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្នុងការ​បញ្ជូន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ទីនោះ​ គឺជា​រឿង​វិជ្ជមាន​ដែលជា​ផ្នែក​មួយ​ផ្តល់ឱកាស​ដល់​យុវជន​ខ្មែរ​ដែល​បាន​ខិត​ខំព្យាយាម​រៀនសូត្រ និង​ជំនាញ​មួយចំនួន​ឆ្លើយតប​តម្រូវ​ទីផ្សារការងារ​នៅក្រៅ​ប្រទេស​។​

​លោក​ ប៉ាវ ស៊ីណា បាន​បញ្ជាក់ថា​៖ «​ក្រៅពី​ការទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់ បងប្អូន​ពលករ​ទទួល​បាន​ជំនាញ បទ​​ពិសោធន៍​ការងារ ដូច្នេះ​យើង​សង្កេតឃើញថា​ពលករ​ខ្មែរ​មួយចំនួន​គាត់​ចប់​អាណត្តិ​ការងារ ហើយ​វិល​ត្រឡប់មក​ខ្មែរ​វិញ​អ្នកខ្លះ​មាន​ជំនាញ​ធ្វើជា​ថៅកែ ខ្លះ​បើក​កសិដ្ឋាន និង​អាជីវកម្ម​ផ្សេង​»​។​

​យ៉ាងណាក្ដី លោក ប៉ាវ ស៊ីណា បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​បន្ត​យកចិត្ត​ទុកដាក់​បន្ថែមទៀត​តាមរយៈ​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ក្នុងការ​​ជួយ​អន្តរាគមន៍​ពលករ​ខ្មែរ​ដែល​ជួប​ការលំបាក​ផ្សេងៗ​។​

​យោងតាម​របាយការណ៍​ក្រសួង​ការ​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញផ្សាយ​កាលពី​ខែមករា ឆ្នាំ​ ២០២៤ បានឱ្យដឹងថា គិត​ត្រឹម​ឆ្នាំ ​២០២៣ ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​មាន ៩ ៧៧៨ ​នាក់ ក្នុងនោះ​មាន​ស្រី ២ ៧១៩​ នាក់​៕ ជំនួបលោកហេង សួរ​ និងលោក Lee Jung Sik កាលពីថ្ងៃទី៨ មីនា។ រូបថត ក្រសួងការងារ

website_news/20240311_02.txt · Last modified: 2024/03/11 16:11 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki