website_news:20240311_03

ទៅធ្វើការរោងចក្រកាត់ដេរនៅភ្នំពេញចាញ់បោកមេខ្យល់នាំទៅលក់ដល់ប្រទេសចិន ដង្ហើយហៅឲ្យសមត្ថកិច្ចជួយសង្គ្រោះ

ខេត្ត​ត្បូងឃ្មុំ៖ កម្មការិនី​ម្នាក់​ឈ្មោះ រុំ ភី​ផា អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ខ្សាច់​ប្រឆេះ​ក្រោម ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ បាន​ទៅ​ធ្វើ​ជា​កម្មការិនី​នៅ​រោងចក្រ​មួយ​កន្លែង ក្នុង​រាជធានី​ភ្នំពេញ និង​ឧស្សាហ៍​ទាក់ទង​មក​សាច់ញាតិ​ជា​ញឹកញាប់ តែ​ចុង​ក្រោយ​នេះ​រយៈពេល​ប៉ុន្មាន​កន្លះ​ឆ្នាំ​បាត់​ការ​ទាក់ទង លុះ​ពេល​ដឹង​ដំណឹង​ស្រាប់តែ​ត្រូវ​ចាញ់បោក​មេខ្យល់​គេ​នាំ​ទៅ​លក់​នៅ​ឯ​ប្រទេស​ចិន និង​កំពុងដ​ង្ហើ​យ​ហៅ​ឲ្យ​ជួយ​សង្គ្រោះ​តាម​បណ្ដាញ​សង្គម ។ ជាមួយ​គ្នា​នោះ ថ្នាក់ដឹកនាំ​ខេត្ត​ក៏​ដូច​ជា កម្លាំង​សមត្ថកិច្ច​បាន​យកចិត្តទុកដាក់​ជួយ​អន្តរាគមន៍​ជា​បន្ទាន់ ដើម្បី​ធ្វើ​យ៉ាងណា​នាំ​កម្មការិនី​រូប​នេះ​ត្រឡប់​មក​មាតុភូមិ​វិញ ។ សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក ថ្ងៃ​ទី​១១ ខែ​មិ​នា ឆ្នាំ​២០២៤​ថា ឈ្មោះ ភី​ផា បាន​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ធ្វើ​ជា​កម្មការិនី​រោងចក្រ កាត់ដេរ​សំលៀក​បំពាក់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​បាន​ថវិកា​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ ជាមួយ​នោះ​ក្នុង​មួយ​ខែ​ៗ​គឺ​អ្នក​ផ្ទះ​ហ្នឹង​កម្មការិនី​រូប​នេះ​ឧស្សាហ៍​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ជា​ញឹកញាប់​ទៀត​ផង ។ លុះ​ក្រោយមក មិនដឹង​ជា​មូលហេតុ​យ៉ាងម៉េច​នោះ​ទេ បានជា​ដាច់​ការ​ទាក់ទង ហើយ​ភាគី​ឪពុក​ម្ដាយ​របស់​អ្នក​រង​គ្រោះ​រូប​នេះ​ក៏​មិន​បាន​ប្ដឹង​មក​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​ផង​ដែរ ។ រហូត​មក ក៏​មាន​បណ្ដាញ​សង្គម​គេ​បាន​ផ្សព្វផ្សាយ​ដោយ​កម្មការិនី​ឈ្មោះ ភី​ផា បាន​លើក​ម្រាមដៃ​ដប​សំពះ​សុំ​ឱ្យ​សមត្ថកិច្ច​ជួយ​រំដោះ​នាង​ធ្វើ​យ៉ាងណា​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ សព្វថ្ងៃ​កំពុង​តែ​ជាប់​ឃុំ​នៅ​ក្នុង​បន្ទប់​មួយ​ដោយ​មិន​មាន​សិទ្ធិ​សេរីភាព​នៅ​ឯ​ប្រទេស​ចិន​ឯណោះ ។ សមត្ថកិច្ច​មូលដ្ឋាន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឃើញ​ហេតុការណ៍​គួរ​ឲ្យ​សង្វេគ​ហ្នឹង​អាណិត​ដល់​ប្អូនស្រី​គេ​ឃើញ​វត្តមាន​ស្ត្រី​ឈ្មោះ រ៉ុ​ម គ​ន្ធា ត្រូវជា​បងស្រី​បង្កើត​របស់​អ្នក​រង​គ្រោះ​របស់​ភី​ផា បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ធ្វើ​យ៉ាងណា​ជួយ​សង្គ្រោះ​ប្អូនស្រី​របស់​គាត់​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ។ សូម​បញ្ជាក់​ថា ក្នុងអំឡុងពេល​បាត់​ការ​ទាក់ទង​រយៈពេល​ជិត​កន្លះ​ឆ្នាំ​គេ​មិន​បានឃើញ​ភាគី​សាច់ញាតិ​អ្នក​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​មូលដ្ឋាន ដើម្បី​ឲ្យ​ជួយ​អន្តរា​គម​ស្រាវជ្រាវ​រក​ប្អូនស្រី​ដែល​បាត់​នោះ​ទេ ។ ទាល់តែ​ព័ត៌មាន​គេ​ផ្សាយ​តាម​បណ្ដាញ​សង្គម​ទើប​មានការ​ភ្ញាក់ផ្អើល និង​បាន​ប្រញាប់ប្រញាល់​មក​ដាក់​ពាក្យបណ្ដឹង ។ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​បណ្ឌិត ជាម ចន្ទ​សោ​ភ័​ណ្ឌ​អភិបាលខេត្ត​ត្បូងឃ្មុំ ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​បន្ទាន់​ចុះ​នៅ​ថ្ងៃ​ទី​១០ មីនា ឆ្នាំ​២០២៤ ដោយ​មាន​ខ្លឹមសារ​ដូច​ខាងក្រោម ៖ កាលពី​ថ្ងៃ ទី​៩ ខែមីនា ឆ្នាំ​២០២៤ ថ្មី​ៗ​នេះ មាន​គណនេយ្យ​អា​ខោ​ន facebook ឈ្មោះ​នាង ធីតា បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ភ្ជាប់​ជាមួយ​គេហទំព័រ​គណនេយ្យ​អា​ខោ​ន facebook លី​ណា ដែល​មាន​ខ្លឹមសារ​ថា ជម្រាបសួរ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​ខ្ញុំ​មានឈ្មោះ ភី​ផា អាយុ​១៦​ឆ្នាំ ហើយ​ជា​អ្នក​ខេត្ត​ត្បូងឃ្មុំ អ្នកស្រុក​ក្រូចឆ្មារ អ្នក​ភូមិ​ខ្សាច់​ប្រឆេះ​ក្រោម ឥឡូវ​ហ្នឹង​ខ្ញុំ​បាន​ចាញ់បោក​គេ​ហើយ មេខ្យល់​យក​ខ្ញុំ​មក​លក់​នៅ​ឯ​ប្រទេស​ចិន​គេ​ថា យក​ខ្ញុំ​មក​ធ្វើការ ប៉ុន្តែ​គេ​យក​ខ្ញុំ​មក​លក់ ហើយ​គេ​យក​ខ្ញុំ​មក​យកប្ដី​ចិន គេ​ចាប់​ខ្ញុំ​ឃុំ​៦​ខែ​ហើយ គេ​ចាក់សោរ អ​ញ្ចឹ​ង​ខ្ញុំ​មាន​តែ​ម្រាមដៃ​១០​សំពះ​សូម​ជំនួយ​សម្ដេច​យាយ​សម្ដេច​តា​សម្ដេច​ហ៊ុន​សែន​ជួយ​ដល់​កូនចៅ​ទៅ​វិញ​ផង​….​។ នៅ​ក្នុង​ខ្លឹមសារ​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​មិន​បង្អង់​នឹង​បាន​ចាត់​ស្នងការ​នគរបាល​ខេត្ត​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ស្រាវជ្រាវ​ជា​បន្ទាន់​ភ្លាម​ៗ និង​ជួប​ឈ្មោះ​រុំ​គ​ន្ធា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ដែល​ត្រូវជា​បងស្រី​បង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ ភី​ផា បាន​រៀបរាប់​បញ្ជាក់​ប្រាប់​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ថា ការ​ពី​អំឡុង​ដើមឆ្នាំ​២០២៣ ប្អូនស្រី​របស់​គាត់​ដែល​មានឈ្មោះ ភី​ផា ភេទ​ស្រី កើត​ថ្ងៃ​២២ ខែវិច្ឆិកា ឆ្នាំ​២០០៥ មាន​ទីលំនៅ​បច្ចុប្បន​ធំ​ខ្សាច់​ប្រឆេះ​ក្រោម ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ពិតប្រាកដ​មែន គឺ​បាន​ចេញពីផ្ទះ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​រោងចក្រ​កាត់ដេរ និង​តែងតែ​ផ្ញើ​ប្រាក់ខែ​មក​ឧបត្ថម្ភ​ដល់​គ្រួសារ​ជា​ប្រចាំខែ​លុះ​៥-៦​ខែ​ចុង​ក្រោយមក ស្រាប់តែ​បាត់​មិនឃើញ និង​ទាក់ទង​លែង​បាន​តែ​ម្ដង​…​។ ចុង​ក្រោយ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​បាន​កំពុង​ទំនាក់ទំនង​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​សហការ​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នីតិ​ថិ​ជន​នៃ​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ផ្ដល់​ព័ត៌មាន​ដល់​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ធ្វើការ​ស្រាវជ្រាវ និង​ជួយ​សង្គ្រោះ​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​បាន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ។ ព្រមទាំង​ស្វែងរក​មេខ្យល់ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ។ សូម​បញ្ជាក់​ថា តាម​រយៈ​ស្ថានទូត​ចិន ប្រចាំ​នៅ​ប្រទេស​កម្ពុជា ឥឡូវ​ក្មេង​ស្រី​ដែល​ចាញ់បោក​មេខ្យល់​នោះ​ត្រូវ​គេ​សង្គ្រោះ​បាន​ហើយ ត្រៀម​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ ៕

website_news/20240311_03.txt · Last modified: 2024/03/13 15:59 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki