website_news:20240311_05

រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវដល់ពលករកូរ៉េត្រូវគោរពច្បាប់ និងខិតខំរៀនជំនាញវិជ្ជាជីវៈពីកន្លែងការងារ

​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: លោក ហេង សួរ បាន​អំពាវនាវ​ទៅកាន់​ពលករ​ពល​ការិនី​ខ្មែរ ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ ត្រូវគោរព​ច្បាប់ និង​ខិត​ខំរៀន​ជំនាញ​ពី​កន្លែង​ការងារ ដើម្បី​អាច​យកទៅ​ប្រើប្រាស់​សម្រាប់​ការចិញ្ចឹម​ជីវិត​នៅពេល​អនាគត​។​ ​លោក ហេង សួរ បានលើកឡើង​ដូចនេះ​ក្នុងជំនួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​សហគមន៍​ខ្មែរ​ដែល​កំពុងស្នាក់នៅ ធ្វើការ និង​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ ប្រមាណ​ជាង ២៥០​ នាក់ កាលពី​ថ្ងៃទី ​៩ ខែមីនា ឆ្នាំ​ ២០២៤​។​នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​កលោក ហេង សួរ​។ ​លោក​បាន​បញ្ជាក់ថា៖ «​សូម​អំពាវនាវ​ទៅដល់​ពលករ​ដែល​រស់​នៅ និង​បម្រើ​ការងារ ត្រូវគោរព​ច្បាប់ ថែរក្សា​សុខភាព ខិត​ខំរៀន​ជំនាញ​វិជ្ជាជីវៈ វិលត្រឡប់​ពេល​ចប់​អាណត្តិ​ការងារ មាន​សាមគ្គីភាព ចេះ​ជួយ​គ្នា​ទៅវិញទៅមក រួមគ្នា​រក្សា​សន្តិភាព និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​បងប្អូន​ខ្មែរ និង​កូរ៉េ​»​។​ ​ទាក់ទង​នឹង​ការអំពាវនាវ​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​ការងារ​នេះដែរ លោក កត្តា អ៊​ន អ្នកនាំពាក្យ​ក្រសួង​ការងារ ក៏បាន​រំឭក​ដល់​ពលករ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ ឱ្យ​គោរព​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​របស់​ប្រទេស​កូរ៉េ សម្រប​ខ្លួន​រស់នៅ និង​ធ្វើការ​តាម​បែបបទ​រស់នៅ វប្បធម៌ របស់​កូរ៉េ​ផងដែរ​។​ ​លោក​បាន​ប្រាប់​បន្ថែ​មនា​ថ្ងៃទី​ ១១ ខែមីនាថា​៖ «​សូមឱ្យ​បងប្អូន​ពលករ រក្សា​ប្រពៃណី​ខ្មែរ និង​ផ្សព្វផ្សាយ​វប្បធម៌ ដោយ​ភាតរភាព សុខដុមរមនា​សង្គម សាមគ្គីភាព និង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុងសង្គម ជាពិសេស​សហគមន៍​ខ្មែរ​នៅ​កូរ៉េ ហើយ​ក្នុងករណី​មាន​តម្រូវការ ឬ​បញ្ហា​អ្វី សូម​ទំនាក់ទំនង​ភ្នាក់ងារ​ពលករ ឬ​អនុព័ន្ធ​ការងារ ឬ​ស្ថានទូត​ខ្មែរ​នៅ​កូរ៉េ​»​។​ ​ជុំវិញ​រឿងនេះ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី បាន​ថ្លែង​គាំទ្រ​ចំពោះ​ការលើកឡើង​របស់​ថ្នាក់ដឹកនាំ​ក្រសួង ខណៈ​លោក​ក៏​អំពាវនាវ​ឱ្យ​ពលករ​កូរ៉េ​ដូចគ្នា​ដែរនោះ ត្រូវ​រក្សា​សេចក្តីថ្លៃថ្នូរ និង​កុំ​បង្កើតឱ្យមាន​ជម្លោះ ពិសេស​កុំ​ស្ថិតក្រោម​ឥទ្ធិពល​នយោបាយ​ណាមួយ​ផងដែរ​។​ ​លោក​ក៏បាន​ស្នើ​ដែរ​ថា​៖ «​សូមឱ្យ​បងប្អូន​ពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ ដើម្បី​ចៀស​ឆ្ងាយ​ពី​ជំងឺ​ជាយថាហេតុ ហើយ​ត្រូវខិតខំ​រៀនសូត្រ​ចំណេះ​ជំនាញ ដើម្បី​មក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​»​។​ ​ចំណែក លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​បាន​ថ្លែង​ដែរ​ថា កន្លងមក​អ្នក​ដែលមាន​ជំនាញ និង​អ្នក​ដែលមាន​ការអភិវឌ្ឍ​សមត្ថភាព​នៅ​ប្រទេស​កូរ៉េ មិនសូវ​ឃើញ​ត្រឡប់មក​ប្រកបការងារ​នៅក្នុង​ប្រទេស​វិញ​នោះទេ​។​ប៉ុន្តែ​លោក​សង្ឃឹមថា នឹងមាន​ពលករ​អាច​យកចំណេះ​ជំនាញ មក​អភិវឌ្ឍ​ការងារ​នៅ​ប្រទេស​កម្ពុជា​នាពេលខាងមុខ​។ ​ទន្ទឹមគ្នានេះ លោក​ក៏​ជំរុញ​ឱ្យ​ពលករ​ខ្មែរ បើ​មានឱកាស​គួរ​ចាប់​រៀនសូត្រ​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ខ្លីៗ​បន្ថែម ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ផងដែរ​។​ ​ពលករ​ខ្មែ​រែ​ល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ លើ​ជំនាញ​ចម្អិន​សាច់ លោក ហ៊ា ម៉េង បានឱ្យដឹងថា លោក​បានមក​ធ្វើការ​នៅក្នុង​រោងចក្រ​ផលិត​សាច់​នៅ​ប្រទេស​កូរ៉េ​នេះ​បាន​ជិត ​៧ ​ឆ្នាំ​ហើយ​។ ​លោក​បាន​ឱ្យដឹងទៀតថា ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​ការងារ​គឺ​ល្អ តែ​លោក​បញ្ជាក់ថា ជំនាញ​ដែល​លោក​បាន​រៀន​នៅក្នុង​រោងចក្រ វា​មិនអាច​ប្រើ​បាន​នៅ​កម្ពុជា​ឡើយ ដោយសារ​កង្វះ​រោងចក្រ​។ ​លោក ហ៊ា ម៉េង បាន​បន្តថា​៖ «​ជំនាញ​ក្នុង​រោងចក្រ​មិនអាច​ប្រើ​បាន​នៅ​កម្ពុជា​ទេ តែ​ជំនាញ​ក្រៅពី​រោងចក្រ​អាច​ប្រើ​បាន​នៅ​ខ្មែរ ដូចជា ភាសា​កូរ៉េ អាច​បង្ហាត់ ឬ​បើក​សាលា​កូរ៉េ ហើយ​ជំនាញ​ធ្វើ​នំ អាច​បើកហាង​ផលិត​នំ​ខេ​ក នំ​បុ័ង នំ​ប៉ាវ ផ្សេងៗ ….​។ ចំណែក​ជំនាញ​កុំ​ព្យូ​រ​ទ័​រ អគ្គិសនី ជួស​ជួល គឺអាច​យកទៅ​ប្រើ​នៅ​ខ្មែរ​បានដែរ​»​។​ ​បើតាម​អ្នកនាំពាក្យ​ក្រសួង​ការងារ គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​ ២០២៤ មាន​ពលករ​ស្នាក់នៅ និង​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ​ចំនួន ៥០ ៩៧០ នាក់ ក្នុងនោះ​ស្រី មាន​ចំនួន ១២ ៥៣៨ នាក់​៕

website_news/20240311_05.txt · Last modified: 2024/03/13 16:07 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki