website_news:20240312_02

ឆបោកតាមអនឡាញ៖សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបបាន២ទីតាំង និងឃាត់មនុស្សជិត៥០០នាក

សមត្ថកិច្ចខេត្តព្រះសីហនុបានបង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសឆបោកតាមអនឡាញចំនួន២កន្លែង និងបានឃាត់ខ្លួនជនជាតិខ្មែរ និងបរទេសសរុបជិត៥០០នាក់។ នេះបើតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ តាមស្នងការខេត្ត ជនបរទេសចំនួន១៩៥នាក់នឹងរៀបចំនិតីវិធីបណ្តេញចេញពីប្រទេសកម្ពុជា និងមានជនបរទេស៥នាក់ផ្សេងទៀតកំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញរយៈពេល២ថ្ងៃពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែមីនា អាជ្ញាធរខេត្តព្រះសីហនុចាប់បានមនុស្សចំនួន៤៧៩នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន២៧៩នាក់ និងជនបរទេសចំនួន២០០នាក់។ តាមការបញ្ជាក់ពីស្នងការខេត្តព្រះសីហនុ ក្នុងចំណោមជនបរទេសដែលឃាត់ខ្លួនបានទាំង២០០នាក់ មានជនជាតិវៀតណាមចំនួន១០៩នាក់ ជនជាតិថៃចំនួន៥៤នាក់ ចិនចំនួន២៨នាក់ ចិនតៃវ៉ាន់ចំនួន៨នាក់ និងភូមាចំនួនម្នាក់។

ជនបរទេសទាំងនេះត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រៀមបណ្តេញចេញចំនួន ១៩៥ និង៥នាក់ផ្សេងទៀតកំពុងកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ។ ចំណែកជនជាតិខ្មែរចំនួន២៧៩នាក់កំពុងត្រូវបានអាជ្ញាធរបន្តស្រាវជ្រាវដើម្បីកំណត់ថា តើអ្នកណាជាជនរងគ្រោះពិតប្រាក និងអ្នកណាជាអ្នកពាក់ព័ន្ធលើករណីឆបោកតាមប្រព័ន្ធអនឡាញ។

លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានប្រាប់វិទ្យុបារាំងអន្តរជាតិថា អាជ្ញាធរខេត្តមិនបន្ធូរដៃលើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធឡាញជាដាច់ខាត និងថាថ្នាក់ដឹកនាំខេត្តនឹងបន្តត្រួតពិនិត្យ តាមដានរាល់សកម្មភាពខុសច្បាប់នានានៅក្នុងខេត្ត ពិសេសលើករណីឆបោកតាមប្រព័ន្ធអនឡាញ ករណីកាន់កាប់អាវុធជាតិផ្ទុះ គ្រឿងញៀន និង ល្បែងស៊ីសង។

អភិបាលរងខេត្តព្រះសីហនុរូបនេះដដែលបានបន្ថែមថា អាជ្ញាធរត្រូវតែបោសសម្អាតរូបភាព និងសកម្មភាពអវិជ្ជមាននានាឱ្យអស់ដើម្បីកសាងកេរ្តិ៍ឈ្មោះខេត្តឱ្យល្បីល្បាញសម្រាប់ស្រូបទាញអ្នកវិនិយោគបរទេស រួមទាំងភ្ញៀវទេសចរ។

ដោយឡែក អាជ្ញាធរខេត្តព្រះសីហនុនៅមិនទាន់អាចបញ្ជាក់លម្អិតពីតួលេខនៃជនរងគ្រោះដែលគេបង្ខាំងឱ្យធ្វើការឆបោកអនឡាញនៅកម្ពុជាបាននៅឡើយទេ។ តែរបាយការណ៍មួយចេញផ្សាយដោយអង្គការសហប្រជាជាតិកាលពីខែសីហា ឆ្នាំ ២០២៣ បានឲ្យដឹងថា មានមនុស្សជាង១០ម៉ឺនបានរងគ្រោះពីករណីឆបោកនៅកម្ពុជា៕

website_news/20240312_02.txt · Last modified: 2024/03/13 16:25 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki