website_news:20240315_05

ប៉ូលិស ហ្វីលីពីន ឆ្មក់ចូលទីតាំងឆបោកតាមអនឡាញ សង្គ្រោះបានមនុស្សរាប់រយនាក់

ប៉ូលិសហ្វីលីពីនបានវាយឆ្មក់ចូលទីតាំងឆបោកតាមអនឡាញមួយកន្លែង ចាប់ខ្លួនបានជនសង្ស័យ ៨ នាក់ និងជួយសង្គ្រោះបានមនុស្សរាប់រយនាក់ដែលត្រូវបានបង្ខំឲ្យធ្វើការឆបោកលុយតាមអនឡាញ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី១៤​ ខែមីនាកន្លងទៅ ។ បន្ទាប់ពីធ្វើការតាមដានសកម្មភាពរបស់បុរសជនជាតិវៀតណាមម្នាក់ដែលត្រូវបានចោទប្រកាន់ថារត់គេចពីបរិវេណដ៏ធំមួយនៅភាគខាងជើងនៃរដ្ឋធានីម៉ានីល ប៉ូលិសបានរកឃើញកន្លែងលាក់ខ្លួនប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលជនរងគ្រោះត្រូវបានជួញដូរ និងបង្ខំឲ្យធ្វើការបោកប្រាស់តាមអនឡាញ ។ ក្នុងការវាយឆ្មក់នោះ ប៉ូលិសបានរកឃើញជនជាតិចិនចំនួន ៤៣២ នាក់ ហ្វីលីពីន ៣៧១ នាក់ វៀតណាម ៥៧ នាក់ ម៉ាឡេស៊ី ៨ នាក់ តៃវ៉ាន់ ៣ នាក់ ឥណ្ឌូណេស៊ី ២ នាក់ និងរវ៉ាន់ដា ២ នាក់ ហើយចាប់ខ្លួនជនសង្ស័យ ៨ នាក់នៅក្នុងទីតាំងមួយកន្លែងដែលមានផ្ទៃដីទំហំ ១០ ហិកតានៅតំបន់ Bamban ដែលកំពុងក្លាយជាទីតាំងរបស់ក្រុមហ៊ុនហ្គេមអនឡាញសំងំលាក់ខ្លួន ។ យោងតាមសម្ដីអ្នកធ្វើការដែលត្រូវបានជួយសង្គ្រោះបានឲ្យដឹងថា ពួកគេភាគច្រើនត្រូវបានចាញ់បោកឲ្យឆ្លងដែនតាមការឆបោកស្នេហា ឬការសន្យាការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែបែជាត្រូវបានគេបង្ខំឲ្យធ្វើការបោកបញ្ឆោតលុយតាមអនឡាញជំនួសទៅវិញ ហើយពួកគេថែមទាំងរឹបអូសយកលិខិតឆ្លងដែនជនរងគ្រោះទៅទៀតដែលធ្វើឲ្យពួកគេមិនអាចចាកចេញទៅណាបាន ។ គួរបញ្ជាក់ថា នៅទូទាំងអាស៊ីអាគ្នេយ៍ កន្លែងបោកប្រាស់តាមអនឡាញបានរីកដុះដាលដោយមានក្រុមឧក្រិដ្ឋកម្មចាប់ជំរិត ឬការបង្ខិតបង្ខំកម្មករឲ្យចូលទៅក្នុងសកម្មភាពតាមអនឡាញដ៏ឃោឃៅ ខណៈយោងតាមការិយាល័យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មបានឲ្យដឹងថា ឧស្សាហកម្មបោកប្រាស់នេះកំពុងទទួលបានផលចំណេញរាប់ពាន់លានដុល្លារឯណោះ ៕

website_news/20240315_05.txt · Last modified: 2024/03/18 14:55 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki