website_news:20240316_01

សម្ដេចតេជោ ហ៊ុន សែន គាំទ្រចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ លើទប់ស្កាត់ការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរមនុស្ស

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈរបស់ឡាវនៅកម្ពុជានាពេលនេះ និងសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះ នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរ កម្ពុជា និងឡាវ ជាពិសេសលើផ្នែកកិច្ចការសន្តិសុខ ដែលប្រទេសទាំងពីរ ជាប្រទេសភូមិផងរបងជាមួយគ្នា។

ឯកឧត្តម វិល័យ ឡាខាំហ្វង បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹកនិងមានតម្លៃ អនុញ្ញាតឲ្យគណៈប្រតិភូ បានជួបសំដែងការគួរសមនៅពេលនេះ។ ក្នុងជំនួបគ្នានោះ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោ អំពីលទ្ធផល នៃជំនួបរវាងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃកម្ពុជា ជាមួយសមភាពគីឡាវ ដែលភាគីទាំងពីរ បានឯកភាពគ្នាក្នុងការងារសម្រាប់ឆ្នាំ២០២៤ ដោយផ្ដោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រវាងប្រទេសទាំងពីរ។

ឯកឧត្តមបន្តថា ក្នុងជំនួបជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់កម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាជំរុញការអប់រំប្រជាជន កងកម្លាំងប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែន ឱ្យយល់ច្បាស់អំពីច្បាប់ និងគោរពច្បាប់ ដើម្បីកុំឱ្យមានការឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ ជម្រុញការអភិវឌ្ឍន៍រួមគ្នានៅតាមបណ្ដាខេត្តជាប់ព្រំដែន រួមគ្នាទប់ស្កាត់ការរត់ពន់គ្រឿងញៀនខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ជំរុញកិច្ចសហប្រតិបត្តិការនៃបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ តាមរយៈការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកឱ្យបានទៀងទាត់និងទាន់ពេលវេលា។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការនាំ នូវការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំឡាវជូនចំពោះសម្ដេច។

សម្ដេចតេជោបានឯកភាពចំពោះការលើកឡើងរបស់ភាគីមិត្តឡាវ ក្នុងការធ្វើយ៉ាងណា ដើម្បីឱ្យប្រទេសយើងទាំងពីរជំរុញកាន់តែខ្លាំងឡើង នូវកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខ ដោយរួមគ្នាទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្សឆ្លងដែន។ល។ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើផ្នែកសេដ្ឋកិច្ច ថាមពល និងវិស័យផ្សេងៗទៀត ដែលត្រូវបានពង្រឹងនិងពង្រីកជាលំដាប់។

តាមរយៈឯកឧត្តមប្រធានគណៈប្រតិភូ សម្តេចសូមពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេច ជូនឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឡាវ ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានសូមគោរពអញ្ជើញឯកឧត្តម ថងលូន ស៊ីសូលីត មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាពេលសមស្របខាងមុខនេះ៕

website_news/20240316_01.txt · Last modified: 2024/03/18 16:17 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki