website_news:20240316_03

កូរ៉េ នឹងជួយបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យាដល់ពលករកម្ពុជា

ភ្នំពេញ៖ ទី​ភ្នាក់ងារ​សហប្រតិបត្តការ​អន្តរជាតិ​កូរ៉េ ( KOICA) សម្រេចសហការជាមួយក្រសួងការងារ​ ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យាដល់យុវជន និងពលករនៅប្រទេសកូរ៉េ។ កិច្ចសហការនេះ ធ្វើឡើងក្នុងគោលដៅ ពង្រឹងសមត្ថភាពឌីជីថលដល់ពលករជំនាញ ស្របទៅនឹងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួងការងារ។​ កិច្ចសហការគ្នានេះ ត្រូវបានឯកភាពគ្នារវាងលោក ហេង សួរ​ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក ចាង វ៉ុងសាម (CHANG Won Sam) ប្រធាន KOICA ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី១៥មីនា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ។​

លោក ហេង សួរ បានបញ្ជាក់ ពីភាពចាំបាច់នៃការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាដល់យុវជន ដើម្បីពង្រឹងសមត្ថភាពឌីជីថលបន្ថែមទៀត ស្របទៅនឹងតម្រូវការទីផ្សារដ៏សម្បូរបែបនាពេលបច្ចុប្បន្ននិងអនាគត។ បើតាមលោករដ្ឋមន្ត្រីការងារ ការបណ្តុះបណ្តាលនេះគឺដើរស្របគ្នាទៅនឹងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួងការងារ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយក៏ដើរទន្ទឹមនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកកម្ពុជា ផងដែរ។

« ការពង្រឹងសមត្ថភាពដល់ពលករកម្ពុជា លើជំនាញសំខាន់ៗ រួមមាន កសិកម្ម សេវាកម្ម និងឧស្សាហកម្មធន់ធ្ងន់ ដូចជាការកសាងកប៉ាល់ជាដើម ដែលជាចំណុចសំខាន់ក្នុងការបង្កើនកូតាសម្រាប់ពលករកម្ពុជាទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ»។ លោក ហេង សួរ បានរៀបរាប់បែបនេះទៅកាន់ប្រធាន KOICA ដែលបញ្ជាក់ថា ប្រទេសកូរ៉េ ជាទិសដៅដ៏ពេញនិយមមួយនៃពលរដ្ឋកម្ពុជា ព្រោះតែលក្ខណ្ឌការងារ និងប្រាក់ខែខ្ពស់សមរម្យ។ តបនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការងារខាងលើ លោក ចាង វ៉ុងសាម បានឯកភាពលើការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ដល់ពលរដ្ឋកម្ពុជាឱ្យមានសមត្ថភាពកាន់តែខ្ពស់បន្ថែមទៀត ដើម្បីប្រកួតប្រជែង និងបង្កើនផលិតភាពការងារបន្ថែម។ លោកបាននិយាយដូច្នេះ ៖ «កិច្ចសហការនៃការបណ្តុះបណ្តាលជំនាញដល់ពលករកម្ពុជាលើជំនាញសំខាន់ៗ គឺជាចំណុចដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះថា ជំនាញទាំងនេះ នឹងធ្វើឱ្យភាគីទាំងពីរកម្ពុជា-កូរ៉េទទួលបានផលផ្លែផ្កាខ្ពស់ ទាំងអំឡុងពេលបំពេញការងារនៅកូរ៉េ និងពេលត្រឡប់មកកាន់កម្ពុជាវិញ នាំមកនូវជំនាញខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ»។

លោក​ប្រធានKOICA បានអះអាងចំពោះមុខលោករដ្ឋមន្ត្រីក្រសួងការងារ ថា សាធារណរដ្ឋកូរ៉េ នៅតែជាដៃគូរបស់កម្ពុជាក្នុងការជំរុញឱ្យប្រទេសមិត្តដ៏ល្អមួយនេះ សម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ឬប្រទេសអ្នកមាននៅឆ្នាំ២០៥០៕

website_news/20240316_03.txt · Last modified: 2024/03/18 16:28 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki