website_news:20240318_02

ពលករខែ្មរ​នឹងត្រូវ​ទទួល​យ៉ាងកក់ក្តៅ​ពី​អាជ្ញាធរ​ខ្មែរ​ប្រសិន​ចង់ត្រឡប់​មកចូលឆ្នាំ​នៅ​ខ្មែរ

ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​ក៏ដូចជា​ឡាវ និង​ភូមា ដែលកំពុង​ធ្វើការនៅក្នុង​ប្រទេសថៃ ​និងចង់​ត្រឡប់ទៅស្រុក​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ​នឹងមិនត្រូវ​ការលិខិត​អនុញ្ញាត ដើម្បី​ត្រលប់ទៅ​កាន់​ប្រទេសថៃ​វិញទេ។​ ជាមួយគ្នានេះ ​ក្រសួង​ការងារកម្ពុជា​ និង​ផ្នែកពាក់ព័ន្ធ​ក៏កំពុងរៀបចំ​ទទួលពលករ​ខ្មែរ​ទាំងនោះ​ដែលចង់​ត្រលប់ចូល​កម្ពុជា ​ដើម្បី​ចូលរួម​បុណ្យចូលឆ្នាំ​នៅតាម​ច្រកទ្វារ​នានាក្នុងខេត្ត​ជាប់​ព្រំដែនថៃ​។ ក្រុមការងារក្រសួង​ការងារកម្ពុជា នឹងចុះ​ទៅតាមបណ្តាខេត្ត​ជាប់ព្រំដែនកម្ពុជា-ថៃ​ និងតាមច្រកទ្វារ​នានាដើម្បីពិនិត្យមើល​ស្ថានភាព និងត្រៀមរៀបចំ​ស្វាគមន៍ឲ្យបាន​ល្អបំផុតដល់ពលករ​ខ្មែរ ដែលចេញ​ចូលប្រទេសទាំងពីរ។​ នេះបើតាមលោក​ កត្តា អ៊ន រដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យ​ក្រសួងការងារ។ ​ តាមអ្នកនាំពាក្យរូបនេះ​ដដែល ក្រសួងការងារ​កំពុងសហការជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ក្រសួង​មហាផ្ទៃ អាជ្ញាធរ​ដែនដី និង​អង្គភាពពាក់ព័ន្ធ​ ដើម្បីសម្របសម្រួល​ការចេញចូល​របស់ពលករខ្មែរ​នៅតាម​ព្រំដែនក្នុងអំឡុង​បុណ្យចូលឆ្នាំ​ខ្មែរខាងមុខ​។ ចំណែកការចេញ​ផ្សាយ​របស់កាសែតថៃ​នានា​កាលពីចុងសប្តាហ៍មុនបាន​ឲ្យដឹងថា អាជ្ញាធរថៃ​បានបើកឲ្យពលករខ្មែរ​ក៏ដូចជាពលករឡាវ និង​ភូមា ដែលគ្រោងត្រលប់ទៅ​ចូលរួមបុណ្យចូលឆ្នាំថ្មី​តាមប្រទេសរៀង​ៗខ្លួន អាចត្រលប់​ចូលទៅធ្វើការនៅ​ប្រទេសថៃវិញ​ក្នុងរយៈពេល១ខែ​កន្លះចាប់ពីថ្ងៃ​ទី០១ ខែ​មេសា ដល់ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៤ ដោយមិនចាំបាច់​មានលិខិតអនុញ្ញាត។ ​កាយវិការ​អនុគ្រោះរបស់ថៃ​ដូចនេះបានធ្វើឡើង​តាមការស្នើសុំរបស់​ប្រមុខរដ្ឋាភិបាលកម្ពុជា​លោក ហ៊ុន ម៉ាណែត​ អំឡុងពេលលោកទស្សនកិច្ច​នៅថៃកាលពីដើមខែកុម្ភៈ​កន្លងទៅ​។ ទោះជាយ៉ាងណា ​គេនៅមិនទាន់ដឹងថា​ នៅក្នុងចំណោមពលករ​ទេសសន្តរប្រវេសន៍ខ្មែរ​ជាង១លាននាក់ដែល​កំពុងធ្វើការនៅក្នុង​ប្រទេសថៃ តើនឹង​មានប៉ុន្មាននាក់ ដែល​ចង់ទៅចូលរួមបុណ្យ​ចូលឆ្នាំប្រពៃណីជាតិ​នៅក្នុងប្រទេសកំណើត​របស់ខ្លួនទេ។ ​ចូរកុំភ្លេចថា ការធ្វើ​ដំណើរត្រូវមានការ​ចំណាយថវិកា ​នោះបើទោះបីជាឆ្នាំនេះ​មិនត្រូវបានថៃគិតថ្លៃ​លើលិខិតអនុញ្ញាត​ចូលក្នុងទឹកដី​របស់គេក៏ដោយ​។ សូមបញ្ជាក់ថា ​ប្រទេសក្នុងតំបន់​អាស៊ានចំនួន៤ ​គឺកម្ពុជា ថៃ ឡាវ ​និងភូមាត្រូវ​ប្រារព្ធពិធីបុណ្យ​ចូលឆ្នាំថ្មីក្នុងពេល​តែមួយដូចគ្នា​រយៈពេល៣ ឬ ៤​ថ្ងៃនៅក្នុង​ខែមេសា​ ដូចរៀងរាល់​ឆ្នាំ​។ ប៉ុន្តែសម្រាប់​ឆ្នាំនេះ ​ថៃបានអូស​បន្លាយបុណ្យចូលឆ្នាំ​របស់គេរហូត​ដល់២១ថ្ងៃ​ ដើម្បីអបអរ​ការដាក់បញ្ចូល​ជាផ្លូវការនូវ​សង្ក្រាន្ត(Sangkran) ​ថៃទៅក្នុងបញ្ជី​សម្បត្តិបេតិកភណ្ឌ​វប្បធម៌អរូបី​នៃ​មនុស្សជាតិរបស់​អង្គការយូណេស្កូ​កាលពីពេលថ្មីៗ​កន្លងទៅនេះ​៕

website_news/20240318_02.txt · Last modified: 2024/03/19 13:25 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki