website_news:20240319_03

ពលករខ្មែរ និងប្រទេសអាស៊ាន២ ទៀតអាចរួចមិនបង់លុយពេលត្រឡប់ទៅ​ធ្វើការនៅថៃ ក្រោយចប់ចូលឆ្នាំ

ក្រសួងការងារថៃកំពុងពិចារណាអនុញ្ញាតឲ្យពលករចំណាកស្រុកកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលមានចិត្តចង់ត្រឡប់មកលេងស្រុកកំណើតដើម្បីជួបជុំបងប្អូនក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសាដល់ថ្ងៃទី១៥ ខែឧសភា នឹងមិនចាំបាច់បង់ប្រាក់ឡើយ នៅពេលវិលចូលធ្វើការប្រទេសថៃវិញ ។ នេះបើយើងតាមការចេញផ្សាយដោយកាសែត Bangkok Post កាលពីថ្ងៃទី១៨ ខែមីនាកន្លងទៅ។ ទោះយ៉ាងណា ការគិតគូរលើកលែងការបង់ថ្លៃសម្រាប់ការអនុញ្ញាតឲ្យចូលវិញ (re-entry permit) របស់ពលករនៃប្រទេសទាំងបីពីសំណាក់ក្រសួងការងារថៃក៏ត្រូវរង់ចាំចម្លើយ ក៏ដូចជាសេចក្ដីអនុម័តពីគណៈរដ្ឋមន្ត្រីជាមុនសិន ស្របពេលដែលថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តពិភពលោកនៅទូទាំងប្រទេសរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ខណៈពិធីបុណ្យចូលឆ្នាំជាប្រពៃណីមានរយៈពេល ៣ ថ្ងៃ ពោលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ។ លោក Karom Phonphonklang អ្នកនាំពាក្យរងរាជរដ្ឋាភិបាលថៃបាននិយាយថា ការលុបចោលថ្លៃបង់សម្រាប់ការអនុញ្ញាតឲ្យចូលធ្វើការក្នុងប្រទេសថៃវិញ ដែលស្នើឡើងដោយក្រសួងការងារ គឺមានគោលបំណងសម្រួលដល់ការធ្វើដំណើរឲ្យកាន់តែមានភាពងាយស្រួលសម្រាប់ពលករមកពីប្រទេសជាប់ភូមិផងរបងជាមួយទាំងបីនេះ ជាពិសេសគឺកាត់បន្ថយថ្លៃចំណាយពលករក្នុងរដូវបុណ្យទាន ប៉ុន្តែប្រសិនបើពលករណាដែលត្រឡប់ចូលប្រទេសថៃវិញយឺតពេលវេលា ពោលក្រោយថ្ងៃទី១៥ ខែឧសភា នឹងត្រូវបោះត្រាបង់ថ្លៃធម្មតាដូចរាល់ដង។ ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត លោក Karom រំពឹងថា សំណើនេះនឹងត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីថៃក្នុងពេលឆាប់ៗខាងមុខនេះ ហើយខាងក្រសួងក៏នឹងជូនដំណឹងដល់និយោជក និងពលករចំណាកស្រុកភ្លាមៗផងដែរ នៅពេលដែលសំណើនេះចូលជាធរមាន។ គួរបញ្ជាក់ថា សំណើរលើកលែងការបង់ថ្លៃសម្រាប់ការអនុញ្ញាតឲ្យចូលធ្វើការនៅប្រទេសថៃវិញ អនុវត្តតែចំពោះពលករកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាដែលកាន់លិខិតឆ្លងដែនជាមួយទិដ្ឋាការការងារស្របច្បាប់ប្រភេទ non-L-A ប៉ុណ្ណោះ ខណៈកូនចៅអាយុក្រោម ១៨ ឆ្នាំរបស់ពលករដែលកាន់លិខិតឆ្លងដែនប្រភេទដូចគ្នានេះ ក៏ត្រូវបានអនុញ្ញាតផងដែរ៕

website_news/20240319_03.txt · Last modified: 2024/03/20 11:39 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki