website_news:20240319_04

ក្មេងស្រីរងគ្រោះដោយការជួញដូរនៅចិន បានមកដល់កម្ពុជាវិញហើយ

ក្មេងស្រី ជាជនរងគ្រោះដែលចាញ់បោកមេខ្យល់យកទៅលក់នៅប្រទេសចិន បានធ្វើដំណើរមកដល់កម្ពុជាហើយ កាលពី យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានការជួយសង្គ្រោះពីសំណាក់អាជ្ញាធរកម្ពុជា។ នេះបើតាមអ្នកនាំពាក្យ រងក្រសួងមហាផ្ទៃ លោក ទូច សុខៈ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៩ ខែមីនានេះ យ៉ាងដូច្នេះថា៖ «ក្មេងស្រីដែលរងគ្រោះ នៅឯប្រទេសចិន ហើយត្រូវបានកម្ពុជាយើងជួយសង្គ្រោះ ដោយមានកិច្ចសហការគ្នាយ៉ាងស្អិតរមួតរវាងក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ជាពិសេសក្រោមឆត្រនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺបានមកដល់កម្ពុជាដោយសុវត្ថិភាព កាលពីយប់មិញនេះហើយ​»។ កិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងបញ្ជូនមកកម្ពុជាវិញនេះ បានធ្វើឡើងក្រោយពីក្មេងស្រីកម្ពុជារូបនេះ បានអះអាងថា រូបនាងបានចាញ់បោកមេខ្យល់នាំយកទៅលក់នៅឯប្រទេសចិន ដោយមេខ្យល់សន្យារកការងារឱ្យធ្វើ ប៉ុន្តែបែរជាយកនាងទៅចាក់សោបង្ខាំងទុកក្នុងអគារមួយ នៅប្រទេសចិន។ តាមរយៈវីដេអូឃ្លីបចែកចាយនៅលើបណ្តាញសង្គម ក្មេងស្រីរងគ្រោះរូបនេះ បានស្វែងរកកិច្ចអន្តរាគមន៍ជួយសង្គ្រោះពីរាជរដ្ឋាភិបាលកម្ពុជា។ នៅពេលទទួលបានដំណឹងនេះ អាជ្ញាធរកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ និងក្រសួងការបរទេស បានទាក់ទងទៅកាន់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិន ជាពិសេសស្ថាន​អគ្គកុងស៊ុល​កម្ពុជា​នៅ​ទីក្រុង​សៀងហៃ សហការគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន ដើម្បីជួយសង្គ្រោះ និងសម្របសម្រួលបញ្ជូនក្មេងស្រីរងគ្រោះមកកម្ពុជាវិញ។ ភ្លាមៗក្រោយមកដល់ប្រទេសកំណើត ក្មេងស្រីរងគ្រោះ បានសម្ដែងអារម្មណ៍រីករាយ និងបានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានជួយសង្គ្រោះ ហើយបានបញ្ជូននាងមកប្រទេសកម្ពុជាដោយសុវត្ថិភាពពេលនេះ។ គួរជម្រាបថា ក្មេងស្រីរងគ្រោះ ឈ្មោះ រុំ ភិផា ​អាយុ១៦ឆ្នាំ រស់នៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ៕

website_news/20240319_04.txt · Last modified: 2024/03/20 11:51 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki